សាលាក្រុង​បិទចរាចរណ៍​មួយ​ចំហៀង​ផ្លូវសហព័ន្ធរុស្ស៊ី​រយៈ​ពេល៤៥ថ្ងៃ​

សាលារាជធានី​ភ្នំពេញ​ បិទ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវនៃ​មហាវិថី​សហព័ន្ធរុស្ស៊ី​ រយៈពេល​៤៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២៣​​ឧសភា​​ នេះ​​​តទៅដើម្បី​សម្រួល​ដល់ដំណើរ​ការនៃការ​ស្ថាបនា​ផ្លូវ​​ក្រោម​​ដី​តិចណូ។

2សាលារាជធានី​ភ្នំពេញ​ ជំរុញ​ឲ្យមាន​ដំណើរ​ការនៃការស្ថាបនា​ផ្លូវក្រោម​ដីតិចណូ​ ឲ្យបញ្ចប់​​ក្នុង​រយៈពេល​​៤៥ថ្ងៃ​ទៀត​ បន្ទាប់​មក​នឹងដាក់ឲ្យ​ចរាចរណ៍​ជាបណ្តោះអាសន្ន​ ខណៈការដ្ឋាន​នេះ​សម្រច​បាន​៧៥ភាគរយ​នៃ​គម្រោង​សរុប​។ ដើម្បី​ឲ្យដំណើរ​ការ​នៃ​ការស្ថាបនាផ្លូវក្រោម​ដីតិចណូ​ បញ្ចប់​ទៅតាម​គម្រោង​សាលារាជធានី​ភ្នំពេញ​ នឹង​បិទ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ​ នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី​ រយៈពេល​​​៤៥ថ្ងៃ​ គឺចាប់ពី​ថ្ងៃទី២៣ខែឧសភា ។

បើតាមសេចក្តី​ជូនដំណឹង​របស់សាលាក្រុង​ចុះ​ថ្ងៃទី២២ឧសភា​ បានឲ្យដឹងថា​ ចរាចរណ៍​មួយចំហៀង​ផ្លូវ​នៃ​មហាវិថី​ សហព័ន្ធរុស្ស៊ី​ នឹង​ត្រូវបិទត្រង់​កំណាត់ទី២​ចំណុចប្​រសព្វស្តុប​ប្រវែង​២០ម៉ែត្រ​ដើម្បី​ជីកស្ថាបនាផ្លូវក្រោម​ដីភ្ជាប់​កំណាត់​ទី១ និង​កំណាត់ទី២សងខាង​ ដែលសាងសង់ជិត​​រួច​រាល់​ហើយ​នោះ​។

សាលារាជធានីភ្នំពេញ ​ក៏បានបង្ហាញ​ពីការធ្វើចរាចរណ៍​នៅលើមហាវិថី​មួយចំនួននៅជុំវិញ​​ការដ្ឋាន​សាង​សង់​ខាងលើផងដែរ ​ដើម្បី​បញ្ចៀសការកកស្ទះចរាចរណ៍។

បើតាមសេចក្តីជូនដំណឹងដដែល ការធ្វើចរាចរណ៍នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ពី​ស្ពាន​អាកាស​៧មករា​ ឆ្ពោះ​មក​​​ស្តុប​បេកាសេ ​ដល់ត្រង់ចំណុចការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ត្រូវ​​បត់​ស្តាំតាមវិថីមហាវិថីម៉ៅសេទុង ឆ្ពោះទៅ​វិថីកម្ពុជាក្រោម។ ចំណែកការធ្វើចរាចរណ៍ ពី​ស្តុប​បេកាសេ មកស្ពានអាកាស៧មករា ត្រូវធ្វើចរាចរណ៍ឆ្លងកាត់តាម​មហាវិថី​​សហព័ន្ធរុស្ស៊ី​ជា​ធម្មតា​។ ចំពោះ​ការ​ធ្វើ​ចរាចរណ៍ទៅមហាវិថីគីម អ៊ីលសុង ត្រូវ​បត់​ស្តាំ​តាម​ផ្លូ​វថ្មី​ទើប​ស្ថាបនា​រួច​ដែល​មាន​​ទីតាំង​​ច្រក​​ចូល​ខាងលិចក្ខោងទ្វារវត្តនាគវ័ន្ត ចម្ងាយ១៥០ម៉ែត្រ។

សាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ការធ្វើដំណើរលើមហាវិថីម៉ៅសេទុង និងមហាវិថី គីម អ៊ីលសុង ត្រូវធ្វើ​ចរាចរណ៍​ទ្វេរទិសតាមធម្មតា ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ និងកុំធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋានខាងលើ ក្នុង​ករណីមិនចាំបាច់។ សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ បានបើកការដ្ឋានសាងសង់ជាង៨ខែមកហើយ។ គិតត្រឹម​ថ្ងៃទី២០ឧសភា ឆ្នាំ២០១៥ ការងារជារួមសម្រេចបាន៤០ភាគរយនៃគម្រោងសរុប។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative