លោក ធា គ្រុយ​ព្រមាន​​ដាក់​​វិន័យ​​គ្រូពេទ្យ​​ណាដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​​វិជ្ជាជីវៈ​

លោក ​សាស្ត្រា​ចារ្យ​ ធា គ្រុយ ​រដ្ឋលេខាធិការ​​ក្រសួង​សុខា​ភិបាល​ព្រមាន​​ថា​ នឹង​​ដាក់​​វិន័យ​​ទៅលើ​​គ្រូពេទ្យ​ដោយ​​ផ្អាក​ការ​ងារ​មួយ​រយៈ​​ក្នុង​ករណី​​គ្រូពេទ្យ​​ទាំងនោះ​នៅតែ​​​ធ្វេស​ប្រហែស​​បន្ត​​អនុវត្ត​ភារកិច្ច​​ដោយ​ខ្ជីខ្ជា​ និង​​ប្រព្រឹត្តិ​​ខុស​​ក្រម​សីលធម៌​​វិជ្ជាជីវៈ​របស់​ខ្លួន​។​

3ក្រៅពី​ធ្វើការ​ព្រមាន​​លោក​សាស្ត្រាចារ្យ​ក៏​បាន​​​ណែនាំ​​ដល់​គ្រូពេទ្យ​​ទាំងអស់​​ត្រូវ​តែ​ពង្រឹង​​ជំនាញ​​សុខាភិបាល​ប្រកប​ដោយ​​ក្រមសីលធម៌​​វិជ្ជាជីវៈ​ ក្នុង​​ការ​​ព្យាបាល​​​អ្នក​ជំងឺ​ ដើម្បី​​លើក​កម្ពស់​វិ​ស័យ​​សុខាភិបាល។

លោក សាស្ត្រាចារ្យ ធា គ្រុយ​ ​បាន​​ថ្លែង​​បែបនេះ​ នៅ​ក្នុង​ទិវា​​អភិវឌ្ឍន៍​​វិជ្ជា​ជីវៈ​​​វេជ្ជសាស្ត្រ​​​បន្ត​​នៅ​​​ខេត្ត​សៀមរាប​​​លើក​ទី​០៤​ កាលពី​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​​សណ្ឋាគារ​​អប្សរា​អង្គរ​ ខេត្ត​សៀមរាប​ ​ដោយ​មាន​ការ​ចូលរួម​​ពី​សំណាក់​​សិក្ខា​កាម​​ប្រមាណ​​ជាង​​២០០​នាក់ ដែល​ជា​​គ្រូពេទ្យ​​មកពី​​តាម​​បណ្ឌា​ខេត្ត​​នានា​ ទូទាំង​​ប្រទេស។

លោក​សាស្ត្រាចារ្យ ធា​ ដែល​​ជា​​ប្រធាន​​គណៈ​គ្រូពេទ្យ​​ជាតិ​ផង​នោះ​បាន​​បន្ថែម​​ថា ​«គ្រូពេទ្យ​​ត្រូវតែ​​អនុវត្ត​ការងារ​​ឲ្យ​បាន​ច្បាស់​​លាស់​ ដោយ​ពឹង​​ផ្អែកលើ​​ជំនាញ​​សុខា​ភិបាល​ ក្នុង​​ស្មារតី​គោរព​​ក្រម​សីលធម៌​-​វិជ្ជាជីវៈ​ ដើម្បី​​ទប់ស្កាត់​​គ្រោះថ្នាក់​​ចំពោះ​​អ្នកជំងឺ​។ គ្រូពេទ្យ​​ត្រូវតែ​​គោរព​​ពេលវេលា​​ការងារ​​ឲ្យ​បាន​​ត្រឹមត្រូវ​ ព្រោះ​​ទាំងនេះ​​គឺ​ជា​​តម្រូវ​​ការចាំបាច់​ក្នុង​​ការ​​ផ្ដល់​​សេវា​​សុខាភិបាល​​សម្រាប់​​អ្នកជំងឺ​»។​​

លោក​​រដ្ឋលេខាធិការ​​បា​ន​​រំលឹក​​ដល់​គ្រូពេទ្យ​​ទាំងអស់​ថា​​ ក្រសួង​​កំពុង​តែ​​ពិចារណា​ ​និង​​ពិនិត្យ​​ឡើង​​វិញ​​ចំពោះ​​គ្រូពេទ្យ​​​ណា​ ដែល​​នៅ​​តែ​មាន​ការ​​ធ្វេសប្រហែស​ និង​​ខ្ជីខ្ជា​​ក្នុង​ការងារ​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​អ្នកជំងឺ​​ហើយ​​ក្រសួង​​នឹង​ដាក់​​វិន័យ​ ធ្វើការ​​ព្រមាន​ និង​​អាច​ឈាន​​ទៅ​ផ្អាក​មិន​​ឱ្យ​ធ្វើ​ជា​គ្រូពេទ្យ​​ក្នុង​មួយ​រយៈ​​ណាមួយ​បើសិន​ជា​រក​ឃើញ​​ករ​ណី​​បង្ក​បញ្ហា​​ជា​បន្តបន្ទាប់​នោះ។​​

លោក​​លើក​​ឡើង​ថា​ ក្រសួងសុខា​ភិបាលបាន​ខិតខំ​​អភិវឌ្ឍន៍ ​និង​​ពង្រឹង​សមត្ថភាព​​គ្រូពេទ្យ​នៅ​ទូទាំង​​ប្រទេសឱ្យ​ចេះ​គ្រប់គ្រង​​ខ្លួនឯង​  ឲ្យ​មានការ​យល់​ដឹង​ចំពោះ​​ភារកិច្ច​​ព្យាបាល​​អ្នកជំងឺ ​និង​​មាន​ជំនាញ​​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​​ជា​គ្រូពេទ្យ ។

ដើម្បី​​ដោះស្រាយ​​បញ្ហា​​ខាងលើ​​ក្រសួង​សុខាភិបាល​បាន​​ចេញ​ពិធីសារ​​ជាតិ​​មួយ​​ដែល​តម្រូវ​ឱ្យ​គ្រូពេទ្យ​​ទាំងអស់​បាន​ដឹង​អំពី​​ការ​​ព្យាបាល​ជំងឺ​​ និង​​ពង្រឹង​​ចំណេះ​ដឹងសមត្ថភាព​​គ្រូពេទ្យ​ឱ្យ​​កាន់តែ​រឹងមាំ​ និង​​ការ​ធ្វើ​​បច្ចុប្បន្ន​កម្ម​​ក្នុង​​រយៈពេល​​៣​ឆ្នាំ​​ម្ដង​​ដើម្បី​​ឱ្យ​បាន​ដឹង​អំពី​​ការ​អភិវឌ្ឍ​ថ្មីៗ​ ទាក់ទង​​នឹង​​ជំនាញ​​បច្ចេកទេស​​សុខាភិបាល​ និង​​របៀប​​ប្រើប្រាស់​​ថ្នាំ​​ព្យាបាល​​ និង​ការ​ពិនិត្យ​​អ្នក​ជំងឺ​​។​ លោក​ធា គ្រុយ​ បាន​​និយាយ​​ណែនាំ​​ដោយ​​សាមញ្ញ​ថា​​ សូមកុំ​​គិត​យក​​វិជ្ជាជីវៈ​​ធ្វើ​​ជំនួញ​ ព្រោះ​​ជំនាញ​​របស់​គ្រូពេទ្យ​គេ​មិន​ឲ្យ​ធ្វើ​ជំនួញ​ទេ​ ហើយ​ក៏​មិន​ត្រូវ​នាំគ្នា​កៀប​ស៊ី​អ្នកជំងឺ​នោះ​ឡើយ ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative