អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ជំរុញ​ឱ្យ​រឹត​បន្តឹង​ការ​ធ្វើ​ឯកសារ​ឱ្យ​ជន​បរទេស​

នាយ​ឧត្តមសេនីយ៍​ ចាន់អ៊ាន​ អគ្គស្នង​ការ​រង​នគរបាលជាតិ​ និង​​ជា​​ប្រធាន​​​នាយកដ្ឋាន​​បុគ្គលិក​​ បាន​ជំរុញ​​​ឱ្យ​មន្ត្រី​​នគរ​បាល​​ទាំងអស់​ បន្តរ​​រឹត​​បន្តឹង​​ផ្នែកសន្តិសុខ​​សណ្តាប់​​ធ្នាប់​​បន្ថែម​​ទៀត​​ដើម្បី​បង្ការ​ទប់​ស្កាត់​ភាព​អសកម្ម​កើត​ឡើង​ ។

2នាយឧត្តម​សេនីយ៍​ ចាន់អ៊ាន​ បានលើក​​ឡើង​​បែប​នេះកាល​ពីរ​​សៀល​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០១៥ នៅស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ ក្នុង​ពិធី​​ប្រកាស​ផ្ទេរភារកិច្ច​​ តែង​​តាំង​​មុខ​តំណែង​​ និង​បំពាក់​​ឋានន្តរសក្តិ​​ ជូន​មន្ត្រី​នគរបាល​​ជាតិ​ ចំនួន​​៣៤រូប​ ។

នាយឧត្តមសេនីយ៍​​ បាន​​​បន្ត​ទៀត​​ថា​​ «សមត្ថកិច្ច​ទាំងអស់​​ត្រូវ​​តែ​​អនុវត្ត​ន៍​គោល​នយោបាយ​​ ​ភូមិ-សង្កាត់​ ​មាន​សុវត្ថិភាព​ឱ្យ​ល្អ​ប្រសើរ​​ ខណ:រដ្ឋាភិបាល​​បាន​​ និង​​កំពុង​​មាន​វិធាន​ការ​​រឹតបន្តឹង​​ ពង្រឹង​​សន្តិ​សុខសង្គម »។​

គួរ​បញ្ជាក់ថា​ ​កាលពីថ្ងៃ ទី២២ ខែឧសភា កម្ពុជាបានបណ្ដេញជនជាតិរុស្ស៊ី ៣នាក់ទៀត ចេញ​ពី​ប្រទេស​​ដោយ​មូល​ហេតុ​ស្នាក់​នៅ​ខុសច្បាប់ បង្កអសន្តិសុខ និងសណ្ដាប់សង្គម។ ជនជាតិ​រុស្ស៊ី​៣នាក់​នេះ​ គឺ​ជាបក្ខពួក​របស់​សេដ្ឋីរុស្ស៊ី​ ឈ្មោះ​ ប៉ូលេនស្គី ដែល​កម្ពុជា​ទើប​បណ្ដេញ​ចេញ​កាល​ពីសប្ដាហ៍មុន ដោយសារតែការស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ និងបង្កអសន្តិសុខជាតិ ។

បើតាមមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា បក្ខពួករបស់មហាសេដ្ឋីរុស្សី លោក សឺរហ្គេ ប៉ូលុនស្គី ៥នាក់ទៀត នឹងត្រូវបណ្ដេញចេញពីកម្ពុជា ក្នុងពេលឆាប់ៗនេះទៀត​ពី​បទ​ស្នាក់​នៅកម្ពុជា​ដោយ​ខុសច្បាប់ និងធ្វើ សកម្មភាព​បង្ក​អសន្តិសុខ​ជាតិ​ សណ្តាប់​ធ្នាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សរុប​មក​ទល់​ពេលនេះ​ គឺ​មាន​ចំនួន​៩នាក់។

កាលពីដើមខែឧសភា ឆ្នាំ២០១៥ នេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយដែលមានការ ចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គនានាក្រោមចំណុះក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​មក​ពី​បណ្តាល​ខេត្ត ​ក្រុង​ ដើម្បី​ផ្សព្ចផ្សាយ​ ផែនការសកម្មភាព ស្តីអំពី​វិធាន​ការ​ ការពារ​សុខ​សុវត្ថិភាព​ជូន​វិនិយោគិន​ និងអ្នកភ្ញៀវទេសបរទេស ។

ក្នុងឱកាសនោះលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បាន​មាន​ប្រសាសន៍​ថា​​ កន្លង​មក​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់​បាន​ខិតខំ​ប្រឹង​ប្រែងការពារសន្តិសុខ ​សណ្តាប់​ធ្នាប់​អ្នក​វិនិយោគ​​ទុន​ និង អ្នកទេសចរណ៍បរទេស បានល្អ ប្រសើរ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះទេ​ សម្រាប់​បញ្ហា​ធំៗ​ ប៉ុន្តែ​សម្រាប់​បញ្ហាតូចតាច​ដែលប៉ះពាល់ដល់ជនបទេស យើង បែរ​គ្រប់​គ្រង​មិនទាន់បាន ហើយតាមរយៈការផ្សព្វផ្សាយនាពេលនេះ គឺ​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​លើក​ ទឹក​ចិត្តវិនិយោគិន​ ភ្ញៀវ​ទេសចរណ៍​ និង​ប្រជាជនកម្ពុជា​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative