បបូរមាត់ស្ងួត និងការប្រេះ

ប៉ុន្មានខែ​នេះ នាងខ្ញុំមាន​បបូរ​មាត់ស្ងួត និងប្រេះ​ជាប្រចាំ។ ពេលខ្លះ​នាងខ្ញុំ​មានអារម្មណ៍​ឈឺផ្សា។ តើមកពី​មូលហេតុ​អ្វី? ហើយនាង​ខ្ញុំ ត្រូវធ្វើ​ដូចម្ដេច? អ្នកនាង ម.ក.ព អាយុ២៨ឆ្នាំ ខេត្ដ​សៀមរាប

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ដើម្បី​ឆ្លើយនឹង​សំណួរប្អូន​ស្រីបាន​សុក្រិត ខ្ញុំមាន​សំណួរខ្លះ​ចង់សួរ​ប្អូនស្រី តែមិន​អាចទាក់​ទងបាន។ ទោះជាយ៉ាងណា​ក៏ដោយ ខ្ញុំសូម​ធ្វើការ​ឆ្លើយតប​ដូចត​ទៅនេះ។ ប្រសិនបើ ប្អូនស្រី​ពិសាទឹក​បាន​ត្រឹមត្រូវ​ជាប្រចាំ ដោយបាន​ពី១លីត្រ​កន្លះទៅ២ លីត្រក្នុង​មួយថ្ងៃ នោះប្អូន​ស្រីនៅតែ​មានអាការ​បបូរមាត់​ស្ងួត។ បែបនេះ​អាចបណ្ដាល​មកពី​បរិយាកាស​ខាងក្រៅ ថ្នាំពេទ្យ ជម្ងឺមួយ​ចំនួន ឬសារធាតុ​ដែលឱ្យ​បបូរមាត់ស្ងួត។ បរិយាកាស​ខាងក្រៅ មានដូចជា​អាកាសធាតុ​ក្ដៅ រដូវរងា ពន្លឺថ្ងៃ ខ្យល់បក់​(ខ្យល់ជំនោរ) ម៉ាស៊ីន​ត្រជាក់ជាដើម។ រីឯការ​ប្រើប្រាស់​ថ្នាំពេទ្យ និងជម្ងឺមួយ​ចំនួន អាចជា​ដើមហេតុ​នៃការ​ស្ងួតបបូរមាត់​នេះបានដែរ ដូចជា​ថ្នាំព្យាបាល​រោគមុន ថ្នាំព្យា បាលជម្ងឺ​ផ្ដាសាយ ជម្ងឺសើរ​ស្បែក ប្រតិកម្ម​អាកាសធាតុ​ជាដើម។ ចំពោះ​សារធាតុ​ដែលធ្វើឱ្យ​បបូរមាត់​ប្រេះនោះ មានច្រើន​ប្រភេទ​ណាស់ ដូចជា​ក្រែមលាប​បបូរមាត់ សារធាតុ​បម្រុងអាហារ ថ្នាំដុសធ្មេញ​ដែលមាន​ផ្លុយអររីដ​ច្រើនជ្រុល ទឹកថ្នាំ​ខ្ពុលមាត់​ដែលមាន​ជាតិអាល់កុល​ច្រើនជ្រុល​ជាដើម។ ការប្រើ​មាត់ខាំ​ចំណីអាហារ​ដែលមាន​ជាតិអាស៊ីដ ដូចជា​សម្បកក្រូច ខ្ទឹម ម្នាស់ ខ្ញីជាដើម អាចបង្ក​ការស្ងួត​បបូរមាត់​បានដែរ។

ដើម្បីបំបាត់​អាការៈស្ងួត​បបូរមាត់ និងប្រេះមាត់​នេះ ប្អូនស្រី​សាកល្បង​ពិនិត្យមើល​ខ្លួនឯង មើលថា​តើប្អូនស្រី​រងផល​ប៉ះពាល់​មួយណា។ បន្ទាប់មក​សូមតែ​តម្រូវ​ប្រការ​ប៉ះពាល់។ ប្អូនស្រី​អាចសាកល្បង​លាបក្រែម​ថែបំប៉ន​ស្បែក បរិវេណ​បបូរមាត់ ឬប្រើក្រែម​ផ្ដល់ជាតិខ្លាញ់ ឬសំ ណើម​លើស្បែក​ក៏បាន ដើម្បីឱ្យ​ស្បែកបបូរ​មាត់ទន់ និងមានសំណើម។ ប្រសើរបំផុត សូមប្អូន​ស្រីទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បីទទួល ដំបូន្មាន និងការ​ព្យាបាល​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative