អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នឹងចាត់វិធានការលើពលករ​​បរទេស​​ណា​មិន​គោរព​ច្បាប់​

មន្ត្រីអគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​​ដឹង​ថា​ អគ្គនា​យក​អន្តោ​ប្រវេសន៍​ នឹងចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ដោយ​ធ្វើការ​ផាកពិន័យ​ទៅលើ​ពលករ​បរទេស​ណាមិន​អនុត្តតាម​ច្បាប់ការងារ​របស់ប្រទេសកម្ពុជា​។

632x400 (1)_1លោក​ឧត្តម​សេនីយ៍​ឯក​ នៅ លក្ខណា​ អគ្គ​នាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍​ ក្រសួង​​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​បែបនេះ​នៅ​ក្នុងកិច្ច​ប្រជុំ​​​ស្តី​អំពី​​ការ​អនុវត្ត​​ច្បាប់​​អន្តោ​ប្រវេសន៍​ និង​​ច្បាប់​​ស្ដី​ពី​ការងារ​​នៅ​​ក្រុង​​សៀមរាប​កាល​ពី​ថ្ងៃ​ទី​​ ២១ខែ​​ឧសភា​ ឆ្នាំ​២០១៥​ ដោយមានការ​ចូលរួម​ពី​​សហព័ន្ធ​​និយោជក​ និង​សមាគម​​ពាណិជ្ជកម្ម​​កម្ពុជា​ សមាគម​​សណ្ឋាគារ​​កម្ពុជា​ សភាពាណិជ្ជកម្ម​​អឺរ៉ុប​ និង​​សភា​ពាណិជ្ជកម្ម​អង់គ្លេស។

លោកឧត្តមសេនីយ៍ឯក​ នៅ លក្ខណា បាន​បន្តថា​«ការប្រើ​ប្រាស់​ហត្ថ​ពលករ​​បរទេស គឺ​ត្រូវ​ស្ថិត​នៅ​ក្នុង​ដែន​នៃ​ការអនុវត្ត​ច្បាប់​ដែល​មាន​ចែង​នៅក្នុង​មាត្រា​២៦១​ នៃ​ច្បាប់​ស្ដី​ពី​ការងារ ​និង​​មាត្រា​១៩– ៣២– ៣៣ ​និង​៣៦ ​នៃ​​ច្បាប់​​ស្ដី​ពី​​អន្តោប្រវេសន៍​ ព្រមទាំង​​ប្រកាស​​អន្តរ​ក្រសួង​​មហាផ្ទៃ ​និង​​ក្រសួង​​ការងារ​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ ស្ដីពី​​ការ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លេខ​២៦៦២ ប្រ.​ក ចុះ​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៤»។

យោងតាមសេចក្ដីណែនាំ​របស់​អគ្គ​នាយកដ្ឋាន​ អន្តោប្រវេសន៍ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ បាន​បង្ហាញ​ថានៅ​មាន​សហគ្រាស គ្រឹះស្ថាន និង​ពលករ​បរទេស​មួយចំនួន​តូច​ពុំ​ទាន់​បាន​​យក​ចិត្ត​ទុក​ដាក់​​ក្នុង​​ការ​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​នៅឡើយ។​

លោក នៅ លក្ខណា បានធ្វើការ​អំពាវនាវ​នៅក្នុង​កិច្ចប្រជុំ​នោះ​ទៅដល់​ម្ចាស់ ឬ​នាយក​សហគ្រាស​គ្រឹះ​ស្ថាន​ និង​រាល់​ពលករ​បរទេស​ដែល​មាន​បំណង និង​កំពុង​ប្រកប​មុខរបរ ឬ​ធ្វើការ​នៅក្នុង​​ព្រះរាជាណាចក្រ​​កម្ពុជា ត្រូវ​រួសរាន់​បំពេញ​បែប​បទ​ឲ្យ​បាន​គ្រប់គ្រាន់​តាមច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្តីអំពី​អន្តោប្រវេសន៍។ ជាមួយនឹង​ការ​អំពាវនាវ​នេះ លោក​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ថា ជាទូទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ សហគ្រាស និង​គ្រឹះស្ថាន​នានា ហើយ​ក្នុងករណី​រក​ឃើញ​ថា មាន​ពលករ​បរទេស​ណា​ម្នាក់​ដែល​កំពុង​ប្រកប​មុខរបរ ឬ​ធ្វើការ​ដោយ​គ្មាន​លិខិតឆ្លងដែន ឬ​មាន​លិខិតឆ្លងដែន​ដែល​មាន​សុពលភាព​មិន​ត្រឹមត្រូវ គ្មាន​ប្រភេទ​ទិដ្ឋាការ​សម្រាប់​ធ្វើ​ការងារ គ្មាន​ប័ណ្ណ​ការងារ នោះ​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេសនឹង​ធ្វើ​ការ​ផាកពិន័យ​តាមច្បាប់​ជា​ធរមាន។

លោក​បាន​បញ្ជាក់​ថា ការ​ផាក​ពិន័យ​នេះ គឺ​មិនមែន​ដើម្បី​ប្រមូល​ថវិកា​នោះ​ទេ តែ​វា​ជា​ការ​ជំរុញ​ឲ្យ​មានការ​ស្វែងយល់​អំពី​ច្បាប់ និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ផង​ដែរ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ធ្វើ​ប័ណ្ណ​ការងារ​ហត្ថពល​កម្ម​បរទេសក្នុង​រយៈពេល​ជាង ​២​ឆ្នាំ​កន្លង​មក​នេះថា​ មាន​ជំហាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គិត​ចាប់ពី​ឆ្នាំ ​២០១៣ មក​ទល់​នឹង​ខែ ឧសភា ឆ្នាំ​២០១៥​នេះ មាន​ចំនួន​ប្រមាណ​ជា ​២​ម៉ឺន​ប័ណ្ណ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative