រយៈពេល ៤ខែមន្ទីរ​ពេទ្យ​គន្ឋបុប្ឆា​ទទួលពិនិត្យ​ និង​ព្យាបាល​កុមារ​ចំនួនជាង ៣៧ម៉ឺននាក់

មន្ទីរពេទ្យគន្ឋបុប្ឆាបានទទួលពិនិត្យព្យាបាល ដាក់ឲ្យកុមារ​​សម្រាក​ព្យាបាល​ និង​​ស្រ្តី​សម្រាល​កូន​ចំនួនជាង ៣២ម៉ឺន​នាក់​​​គិតត្រឹមរយៈពេលបួនខែក្នុងឆ្នាំនេះ។

Beat Richner, Arzt, Kinderspital Kantha Bopha 2010យោង​តាម​របាយការណ៍​របស់​លោកសាស្រ្តាចារ្យប៊ីត រីចនើ​(Beat Richner)​ប្រធាន​មូល​និធិ​ និង​ស្ថាបនិក​មន្ទីរពេទ្យ​​គន្ឋបុប្ឆា​ដែល​បាន​បង្ហោះ​ក្នុង​ទំព័រហ្វេស បុក​របស់លោក​ កាលពីពេលថ្មីៗនេះបាន​ឲ្យ​គេហទំព័រ​សុខភាព​កម្ពុជា​ដឹងកាល​ពី​ពេលថ្មីៗនេះថា គិត​ចាប់ពី ថ្ងៃទី ១ មករា ដល់​ថ្ងៃ​ទី ៣០ ខែ មេសា​ឆ្នាំ២០១៥​នេះ​ មន្ទីរ​ពេទ្យ​គន្ឋបុប្ឆា​​ទាំង​រាជធានី​ភ្នំពេញ ​និង​ខេត្តសៀមរាប​បានទទួល​កុមារ​មក​ពិគ្រោះជំងឺ​ និង​ព្យាបាលចំនួន​ ២២៣.៤៩៥​នាក់​​ ទទួល​កុមារ​ឈឺធ្ងន់​ចូល​​សំរា​​ក​ក្នុងមន្ទីរពេទ្យចំនួន ៣៤.៨៨៥នាក់ និង​ចាក់​វ៉ាក់សាំង​បង្ការ​​ជំងឺ​​រលា​ក​​ខួរ​ក្បាល​​ដល់​កុមារចំនួន ៦៥.៧៩៧នាក់។

លើស​ពីនេះ​មន្ទីរពេទ្យ​បានផ្ត​ល់​សេវា​​ពិនិត្យ​ផ្ទៃពោះដល់​ស្រ្តី​មាន​ផ្ទៃពោះ​ចំនួន៤៣,១២០នាក់ផង​ដែរ​ និង​បាន​ផ្តល់​ការ​ស​ម្រា​ល​​​​កូន​​ដល់​ស្រ្តីបានចំនួន ៦,៥៨២នាក់ សរុបស្មើនឹង ៣៧៣,៨៧៩នាក់។

របាយ​ការណ៍​ដដែល​បានឲ្យដឹង​បន្តថា​ បច្ចុប្បន្ន​មន្ទីរពេទ្យ​ជ័យ​វ​រ្ម័នទី៧​ (គន្ឋបុប្ឆាទី៤) ជា​ញឹកញាប់​ទទួល​ការ​សម្រាល​កូន​ដល់​ស្រ្តី​ចំនួន ៧០នាក់ក្នុងមួយថ្ងៃ ហើយ​ការ​សាង​សង់​អាគារ​សម្ភព​ថ្មី​ដែល​មាន​ចំណុះ​៨០គ្រែ​ និង​បន្ទប់សម្រាលកូនចំនួន ៨បន្ទប់ និងបន្ទប់សង្រ្គោះ​មួយកំពុងដំណើរការ។

លោកសាស្រ្តាចារ្យ Beat Richner បានថ្លែងថា រាល់ការព្យាបា​លទាំងអស់មិនគិតថ្លៃទេ សម្រាប់​គ្រប់ៗ​គ្នា​។​ គ្មាន​​អ្នក​​ណា​ម្នាក់​​ក្នុង​ចំ​ណោមបុគ្គលិកកម្ពុជាចំនួន ២៥០០នាក់ ទាមទារ​យក​ប្រាក់​ពី​គ្រួសារ​អ្នក​ជំងឺ​ ឬ​​ពី​អ្នក​ជំងឺ​ទ្បើយ។ គ្រួសារ​អ្នក​ជំងឺ​ភាគ​ច្រើន​គឺទីទ័លក្រ​ពុំ​មានអំពើពុករលួយទ្បើយ។ ស្តង់​ដានៃការព្យាបាល ស្តង់ដានៃមធ្យោ​បាយ និងសម្ភារៈបរិក្ខា ​ឳសថ គឺមា​ន​ស្តង់​ដា​ដូច​នៅ​បញ្ចឹម​ប្រទេស។

លោកបញ្ជាក់ថា “កុមារគ្រប់ៗរូបមានសិទ្ឋទទួលការព្យា​បាល​ត្រឹមត្រូវ និងប្រសិទ្ឋិភាពដូចៗគ្នា ទោះ​រស់​នៅក្នុងប្រទេសអឺរ៉ុប​នៅ​ប្រ​ទេសកម្ពុជា ឬនៅទីណាក្តី”។ 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ 

Google Analytics Alternative