យុវតីឆាប់មានផ្ទៃពោះ មានសុខភាពមិនល្អ

ជាធម្មតា​យុវវ័យ គិតរាប់ចាប់​ពីអាយុ១០ ទៅ២៤ឆ្នាំ។ យុវវ័យ ជាវ័យ​មួយដែល​មានការ​លូតលាស់ ផ្លាស់ប្ដូរ​ទាំងផ្នែក​រូបរាងកាយ និងចិត្ដ​គំនិត។ យុវវ័យ​ក៏ជាវ័យ​មួយងាយ​រងគ្រោះ​ថ្នាក់​អាក្រក់​ដែរ ជាពិសេស​យុវតី ប្រសិន​បើគាត់​មាន​ផ្ទៃពោះ ដោយប្រការ​ណាមួយនោះ។ ការមាន​ផ្ទៃពោះ​ទាំងវ័យ​ក្មេងបែប​នេះ នាំឱ្យ​គាត់​ប្រឈម​មុខនឹង​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

មានយុវតី​ខ្លះបាន​រៀប​អាពាហ៍​ពិពាហ៍​ទាំងនៅ​វ័យក្មេង។ មាន​ហេតុផល​ជាច្រើន ដែលធ្វើ​ឱ្យ​យុវតី​ឆាប់​ទទួលយក​ការ​រួមភេទ ជា ហេតុនាំ​ឱ្យគាត់​មាន​ផ្ទៃពោះ​ទាំងវ័យ​ក្មេងនោះ។ យុវតី​ខ្លះ​មិនមែន​មកពី​ភាព​ភ្លើតភ្លើន នៃយុវវ័យ​របស់​គាត់ទេ គឺមាន​កត្ដា​ផ្សេងៗ​ទៀត ដូចជា គ្រួសារ ជីវភាព​ខ្សត់ខ្សោយ ការជួញ​ដូរ​ផ្លូវភេទ ការរៀប​អាពាហ៍​ពិពាហ៍​ទាំងវ័យ​ក្មេង​ជាដើម។ ជួនកាល​យុវតី​ខ្លួនគាត់​ផ្ទាល់ ចាញ់​បោកការ ល្បួង​លួងលោម​របស់​បុរស​ជា​សង្សារ។ ដោយ​ហេតុផល​ថាបើ​មិនព្រម​រួមភេទ​ជាមួយ​ទេ បុរស​នោះនឹង​បោះបង់​គាត់ចោល។ ដោយសារ​គាត់ ស្រឡាញ់​ពេក ធ្វើឱ្យ​គាត់ហ៊ាន​ធ្វើការ​រួមភេទ ដើម្បី​បញ្ជាក់​ពីសេចក្ដី​ស្នេហា។

គ្រោះថ្នាក់​ពេលមាន​ផ្ទៃពោះ របស់យុវតី​ក្មេងពេក

យុវតី ដែលមាន​ផ្ទៃពោះ​នៅវ័យ​ក្មេងពេក​នឹងប្រឈម​មុខ​ជាមួយ​គ្រោះថ្នាក់ តាំងពី​ពេលទារក​នៅក្នុង​ផ្ទៃរបស់​គាត់ រហូតដល់​ពេល សម្រាល ជាពិសេស​នៅពេល​សម្រាល​តែម្ដង។ រាងកាយ​របស់គាត់​វិវឌ្ឍន៍​មិនទាន់​គ្រប់លក្ខណៈ អាងត្រគាក​របស់គាត់​មិន​អំណោយ​ផល សម្រាប់​ឱ្យគាត់​ធ្វើជា​មាតា​គេនៅ​ឡើយទេ។ គាត់អាច​សម្រាលកូន​មិនរួច ឬអាច​ធ្លាក់ឈាម​ខ្លាំងនៅ​ពេល​សម្រាល ប្រសិន​បើមិន​មានការ​ជួយ សង្គ្រោះ​ទាន់ពេល​វេលាទេ គាត់អាច​ស្លាប់​បាត់បង់​ជីវិតទាំង​ម្ដាយទាំង​កូនបាន។ ជួនកាល​អាច​រហែក​ទ្វារមាស​ខ្លាំង និងធ្លាក់​ឈាមខ្លាំំង ធ្វើឱ្យ សុខភាព​ម្ដាយខ្សោយ។ ទារក​អាចកើត​មកមិន​គ្រប់ខែ ឬមិន​គ្រប់គីឡូ។ ម្យ៉ាងវិញ​ទៀត ដោយសារ​គាត់នៅ​វ័យក្មេង​ពេក ចិត្ដគំនិត​គាត់មិន ទាន់់ចាស់ទុំ គាត់អាច​ថែទាំ​កូនមិន​បានដិត​ដល់់។

ដំបូន្មាន​អ្នកជំនាញ

សូមប្អូនៗ​យុវតី​ពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ដ​ធ្វើអ្វី​មួយ។ ដូចប្អូនៗ​យុវតី​បានឃើញ​ហើយនូវ​ទំហំ​គ្រោះថ្នាក់​នៃការ មានគភ៌​ពេលនៅ​ក្មេងវ័យ​ពេក។ យុវតីមិន​គួរយក​ការរួម​ភេទទៅ​បញ្ជាក់ពី​សេចក្ដី​ស្នេហា​ទេ។ បើគេ​ចង់បាន​ខ្លួនយើង​បញ្ជាក់ថា គេមិនស្មោះ ត្រង់ជាមួយ​យើងទេ ប្រៀបដូច​ពាក្យមួយ​ឃ្លាបាន​ពោលថា បុរស​ប្រៀប​ដូច​កន្លង់ បានក្រេប​លម្អង​ផ្កាហើយ ហិចហើរ​ចោល។ ប្អូនៗ​ត្រូវយល់ ថាស្នេហា​ស្មោះត្រង់ គឺការ​ចេះឱ្យ​តម្អៃគ្នា​ទៅវិញ​ទៅមក មិនមែន​ត្រឹមតែ​ការចង់​បានខ្លួន​ប្រាណយើង​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative