រដ្ឋមន្ត្រីក្រសួងការងារព្រមានចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​បោក​ប្រាស់​ពលករ​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​​ធ្វើ​​ការ​អំពាវ​​នាវ​ដល់ពលករ​ ដែលមាន​ បំណង​ទៅធ្វើការ​នៅក្រៅប្រទេសទាំងអស់បើឃើញមាន​ក្រុមហ៊ុន​ណាមួយ យក​ប្រាក់​កក់​មុននោះ​សូម​រាយការណ៍ មកក្រសួង ​ដើម្បីចាត់​វិធាន​ការតាមផ្លូវច្បាប់។

1ការអំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​​បាន​ធ្វើ​ឡើងនៅ​សណ្ឋាគារ​អ៊ីនធើខន​ កាលពី​​ព្រឹក​ថ្ងៃទី ២១​ ឧសភា ឆ្នាំ២០១៥​ នៅក្នុង​ពិធីបើក​សិក្ខា​​សាលាត្រីភាគី​​ស្តីពីការ​ពិនិត្យប្រចាំ​ឆ្នាំ​​លើ​កម្មវិធី​ការងារ​​សមរម្យ​នៅកម្ពុជា​បន្ទាប់ពី​មានពលករមួយ​ចំនួន​បានចាញ់បោក ក្រុមហ៊ុន​​ជ្រើសរើសព​លករ​ទៅ​បំរើ​ការងារ​​នៅ​ក្រៅ​ប្រទេស។

ជាក់ស្តែងកាលពីថ្មីៗនេះ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជា​​ឲ្យ​ក្រុមហ៊ុន Rice Natural និង​ក្រុមហ៊ុន Century Manpower សង​​ប្រាក់​ឲ្យ​ពលករ​វិញ​ឲ្យ​បាន​គ្រប់​ចំនួន​ក្នុង​រយៈពេល​មួយ​ខែ គឺចាប់ពី​ថ្ងៃ​ទី​ ២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​ ២០ ខែ​​មិថុនា​ នៅ​នាយកដ្ឋាន​មុខរបរ និង​ហត្ថពលកម្ម​​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​អគារ​លេខ​៣ ​មហាវិថី​ សហព័ន្ធ​រុស្ស៊ី សង្កាត់​​ទឹកល្អក់​១ ខណ្ឌ​ទួលគោកដោយសារ​តែ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ មិន​​បាន​គោរព​កិច្ចសន្យា​ក្នុង​ការ​​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ ជប៉ុន។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្រសួងកំពុងចាត់វិធានការរួច ហើយដោយឲ្យក្រុមហ៊ុន ទាំងពីរត្រូវចេញសងប្រាក់ ដល់ ពលកររងគ្រោះដោយសារ ការចាញ់បោកហើយសូមឲ្យបងប្អូន ពលករណាមិនទាន់បានទទួលទេ សូមមក ទទួល ប្រាក់ សំណង ដែល​មាន​ខ្លះ​ទទួល​បាន​ពី​៣០០​ទៅ​៤០០ដុល្លា​ ក្នុងចំណោមពលករដែលចាញ់បោកចំនួន២០០នាក់។

ក្នុងការទប់ស្កាត់បញ្ហានេះលោក អ៊ិត សំហេង បានបន្ថែមថាវិធានការដែលមានរួចហើយ​ គឺ​ក្រុម​ហ៊ុន​មួយ​មុន​នឹងបើកត្រូវមាន ប្រាក់តំកល់១០ម៉ឺនដុល្លា។អញ្ចឹងទេនៅពេលដែលមានរឿងរ៉ាវ បែប​នេះ​កើត​ឡើង​យើងបញ្ជា​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ជួន ពលករ​តែ​ក្នុង​ករណី​ក្រុមហ៊ុន​មិនព្រម​ដោះស្រាយ​ទេ​ក្រសួង​នឹងរឹមអូសប្រាក់កក់សងដល់បងប្អូនពលករ។

លោករដ្ឋមន្ត្រីថាបច្ចុប្បន្ននេះមានក្រុមហ៊ុនក្រុមហ៊ុន​ជាង​ ៦០ ដែល​បាន​ចុះបញ្ជី និង​មាន​សិទ្ធិ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ដូចជា ប្រទេស​​​​ថៃ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​។ ប៉ុន្តែ​លោកទទួលស្គាល់ថាមាន​ក្រុមហ៊ុន​ខ្លះ​បាន​ប្រើ ប្រាស់​អាជ្ញាប័ណ្ណ​នេះ ទៅ​បោកប្រាស់​​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មិន​គោរព​តាម​អ្វី​ដែល​បាន​សន្យា​ក្នុង​ការ​ស្វែងរក​ការងារ​ឲ្យ​​ពលរដ្ឋ​ដែល ​បាន​បង់​ប្រាក់​ទាំងនោះ​ឡើយ។​ លោករដ្ឋមន្ត្រីថា«ក្នុងចំណោមក្រុមហ៊ុនជាង៦០មាន ភាគច្រើន ក្រុមហ៊ុនធ្វើល្អតែទោះបីជាយ៉ាងណាក៏មានក្រុមហ៊ុនខ្លះមិនល្អដែរ»។

លោករដ្ឋមន្ត្រី បានអំពាវនាវដល់ពលករថាក្រុមហ៊ុន ជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស មិនចាំបាច់មានប្រាក់កក់ទេ ហើយបើគេតំរូវឲ្យបង់សូមកុំជឿ និងបង់អ្វីដល់ក្រុមហ៊ុនមុនពីព្រោះ​ថា​ក្រុមហ៊ុនត្រូវចំណាយមុនទើប ទទួលតំលៃសេវាជា ក្រោយ។  ការ​ប្រមែល​ប្រមូល​បង​ប្អូនពលករ​មុន​គឺត្រូវ​តែបញ្ឃប់​។ បញ្ហា​នេះក្រសួង​នឹងបង្កើន​ការ​ធ្វើ​អធិការកិច្ច​ចំពោះ​អនុវត្ត ហើយប្រសិនបើ​​ពលករ​ណា​ម្នាក់​ ដែលក្រុមហ៊ុនតំរូវឲ្យបងប្អូនបង់លុយជាមុន​នោះសូមជួនដំណឹងមក​ក្រសួង​ឬមន្ទីរ​តាម រយៈ​លេខ​ទូរស័ព្ទ​ និងក្រុមការងារដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative