ណាហ្គាវើល​បេះដូង​សប្បុរស​ ចូលរួម​ដាំកូន​ឈើ​ដើម្បី​កែលម្អ​បរិស្ថាន​នៅក្នុងសាលារៀន

ណាហ្គាវើល​បេះដូងសប្បុរស​ កាលពីពេល​ថ្មីៗ​ នេះបាននាំ​យកកូនឈើ​ ចំនួន២០០ដើម​ ទៅដាំ​នៅក្នុង​បរិវេណ​សា​លា​​បឋមសិក្សា​គោកបញ្ជាន់​ ក្នុងសង្កាត់ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ក្នុងគោល​​បំណង​​ដើម្បី​​បង្កើត​​​ការយល់ដឹង​​ក្នុង​ចំណោម​សិស្សានុសិស្ស​ស្តីពីសារ​សំខាន់​នៃការ​ថែទាំបរិស្ថាន ​ដែលពួកគ​កំពុងរស់​​នៅ​ជាមួយ​។​

4លោក James Ma នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក​ និង​ការ​ងារ​​​សង្គម​ណាហ្គាវើល បាន​ឲ្យ​ដឹង​ថា​​​ក្រុម​ហ៊ុន​ណាហ្គាវើល​​បាន​​នឹង​កំពុង​​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​បរិស្ថាន​ដោយ​​ក្រុមហ៊ុន​​​បាន​ផ្តួច​ផ្តើម​បង្កើត​កម្មវិធី​បរិស្ថាន​ ដើម្បីអប់រំ ​និង​​បង្កើតការយល់ដឹងក្នុង​ចំណោម​​​ក្មេង​​ជំនាន់​ក្រោយស្តី​ពីសារសំខាន់​នៃបញ្ហា​បរិស្ថាន​ដូចជា​ កម្មវិធីដាំកូនឈើ​ នឹង​មិន​ត្រឹម​​តែ​ជួយកាត់បន្ថយ​ បញ្ហាការ​ប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះនោះទេ ថែមទាំងជួយ​ផ្តល់ជាម្លប់​សម្រាប់​សិស្សានុសិស្ស​នៅពេលថ្ងៃក្តៅ និងជួយធ្វើឱ្យមានសោភ័ណភាព​នៅក្នុង​បរិវេណសាលា​រៀន​ផង​ដែរ។ ក្នុងឱកាស​ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី​២០​របស់ក្រុមហ៊ុនណាហ្គាវើល យើង​បាន​រៀប​ចំ​​គម្រោងដាំកូន​ឈើចំនួន​២,០២០ដើម​ នៅឆ្នាំនេះនៅតាមសាលារៀនមួយចំនួន។

លោកហ៊ួត ដារ៉េន បុគ្គលិក​ក្រុមហ៊ុនណាហ្គាវើល​ ដែលបានចូលរួម​ក្នុងកម្មវិធីដាំ​កូន​​ឈើ​មាន​ប្រសាសន៍​ថា​​ “ខ្ញុំមាន​​ មោទនភាព​​ណាស់​ចំពោះ​ក្រុមហ៊ុនរបស់ខ្ញុំ​ដែលបានធ្វើ​​សកម្មភាព​ការងារ​សង្គម​​។ កម្មវិធីដាំកូន​ឈើ​ វានឹងជួយ​កាត់បន្ថយ ផលប៉ះពាល់​នៃការបំពុល​ខ្យល់​​ទៅ​លើ​សុខភាព​របស់កុមារ​។ ជាពិសេសខ្ញុំមាន​ សេចក្តី​ត្រេកអរណាស់​ដែលឃើញក្មេងៗ​ ចេះយក​ចិត្តទុកដាក់ថែទាំ​បរិស្ថាន។ ខ្ញុំមានសេចក្តីរីករាយ​ដើម្បីចូលរួមក្នុងសកម្មភាព របស់ក្រុមហ៊ុនរបស់ខ្ញុំ ដែលចូលរួម ចំណែកក្នុងសង្គម”​។

លោក ផាង ខុម នាយករងសាលា​បឋមសិក្សា​គោកបញ្ជាន់​មានប្រសាសន៍ថា​ “ក្រុមហ៊ុនណាហ្គាវើល គឺជាក្រុមហ៊ុនដំបូងគេ ដែលធ្លាប់​បានផ្តល់នូវការបណ្តុះបណ្តាល​កីឡា​វាយកូន​​បាល់​​ និង​ដាំ​កូន​ឈើ​នៅ​ក្នុង​សាលា​របស់យើង​។ គ្មានក្រុមហ៊ុនណា បាន​ធ្វើពីមុនមកទេ។ យើងសន្យា​ថានឹង​យក​ចិត្តទុក​ដាក់​ថែទាំ​ដើមឈើ​​ទាំងនេះ​ឱ្យ​បានល្អ​ ដូច្នេះ​វានឹង​ផ្តល់នូវ​បរិយាកាស​ សិក្សា​ល្អ​ប្រសើរ​​សម្រាប់​សិស្សានុសិស្ស​។ សកម្មភាព​ដាំកូន​ឈើ​របស់​ក្រុមហ៊ុន​ណាហ្គាវើល​ បាន​បណ្តុះ​គំនិត​សិស្សានុ​សិស្ស​ ឱ្យចេះស្រឡាញ់​បរិស្ថាន​របស់ពួកគេ​ ចេះ​ទទួល​ស្គាល់​តម្លៃ​ដើម​ឈើ​ និង​ការ​កែលម្អ​បរិវេណនៅជុំវិញ​សាលា”។

តំណាង​ឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សូមអរគុណដល់ក្រុមហ៊ុន ណាហ្គាវើលនិងបុគ្គលិក ទាំងអស់ដែលបាន ចំណាយថវិកា និងពេលវេលារបស់ពួកគេ ដើម្បីជួយដល់សាលារបស់យើង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative