គិតត្រឹម​ថ្ងៃ​ទី១៦​ ឧសភា​ មាន​ពលករ​កម្ពុជា​ធ្វើការ​ស្របច្បាប់​នៅប្រទេសថៃ​ជាង១៦ម៉ឺន​នាក់​

គិតចាប់​ពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ​២០១៤ ដល់ថ្ងៃទី១៦ ​ខែ ឧសភា ឆ្នាំ ២០១៥​ ក្រុមការងារអន្តរ​ក្រសួងទាំង១០​ក្រុម បាន​រៀប​​ចំចុះ​ឈ្មោះ​ពលករកម្ពុជា​ ដែលស្របច្បាប់​បានចំនួនសរុប ​១៦៧ ៣៧២នាក់​ (ស្រី ៧១ ៦៦១នាក់) ​អ្នកនៅក្នុងបន្ទុកបានចំនួន ៣៥៧៧នាក់(ស្រី ១​ ៧០៣នាក់) និងបោះពុម្ពលិខិត​ឆ្លងដែនបានចំនួន ១០០ ០០០ក្បាល។

1លោកអ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជាប្រធាន​គណៈកម្មការ​ផ្តល់ភាព​ស្របច្បាប់​​ដល់ពលករកម្ពុជា​ដែលកំពុងស្នាក់​នៅ​ និងធ្វើការនៅប្រទេសថៃ​បានមានប្រសាសន៍​បែបនេះ​ កាលពីថ្ងៃ​ទី១៩​​ ខែ​ឧសភា​ ខណៈដែលលោកបានដឹកនាំគណៈប្រតិភូកម្ពុជា​រួមមាន​ លោក ព្រុំ សុខា ​​​​            រដ្ឋលេខាធិការ​​នៃក្រសួងមហាផ្ទៃ​ និង​ជាអនុប្រធាន​គណៈកម្មការ​ លោកស្រី អ៊ាត សោភា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំរាជាណា​ចក្រ​ថៃ​ឡង់ដ៏​ និងជា​សមាជិក​ បានចុះសួរសុខ​ទុក្ខ​បងប្អូនពលករកម្ពុជា​ ព្រមទាំងចែកលិខិត ឆ្លង ដែន ​និង​ប័ណ្ណពលករកម្ពុជា​ទៅធ្វើការនៅបរទេសជានិម្មិត​រូបចំនួន​ ១៨២នាក់​ ដើម្បីឲ្យបងប្អូន​មានសិទ្ធិស្នាក់នៅ​ និងធ្វើការដោយស្របច្បាប់នៅ​ព្រះរាជាណាចក្រថៃឡង់ដ៏។

លោក អ៊ិត សំហេង ​ពិធីនេះដែលបានចែកលិខិតឆ្លងដែន​ដល់ពលករ ធើ្វឡើងនៅ​ខេត្តបាធុមថានីព្រះរាជាណាចក្រ​ថៃឡង់ដ៏  បានស្នើសុំឲ្យមន្ទីរការងារថៃ​ជួយផ្សព្វផ្សាយ​​ និងជម្រុញអោយនិយោជកនាំពលករកម្ពុជា​មកទទួលសេវាបំពេញ​​បែបបទស្រប​ច្បាប់​ពីក្រុមការងារអន្តរក្រសួងចល័ត​អោយបានគ្រប់ចំនួន និងទាន់ពេលវេលា​។ លោករដ្ឋមន្ត្រី ស្នើសុំក្រសួង​ការងារថៃ  និងមន្ទីរការងារជួយផ្សព្វផ្សាយព័ត៌មានដល់ក្រុមហ៊ុន និយោជក និងពលករ អំពីបែបបទក្នុងការរៀបចំ និងបំពេញឯកសារអោយបានត្រឹមត្រូវ ព្រមទាំងផ្តល់គំរូឯកសារពេញលេញទៅនិយោជក និងពលករជាមុនដើម្បីបង្កើនល្បឿនការងារឲ្យសម្រេចបានតាមគោលដៅដែលបានកំណត់។ សូមអោយភាគីថៃចាត់វិធានការលើនិយោជកថៃដែលបានដកឯកសារបញ្ជាក់ជនជាតិខ្មែរពីពលករកម្ពុជា ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើត ។ល។

លោក អ៊ិត សំហេង ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថានៅឆ្នាំ២០១៤ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស មានចំនួន ៧២១.៦១១ នាក់ ក្នុងនោះពលករខ្មែរនៅប្រទេសថៃមានចំនួន ៦៤ម៉ឺននាក់ នៅម៉ាឡេស៊ីមានចំនួន ៤,៥ម៉ឺននាក់ នៅប្រទេសសិង្ហបូរី ២៩៩នាក់ ជប៉ុនចំនួន ៦០១នាក់ និងសាធារណរដ្ឋកូរ៉េ​ ចំនួន ៣,៥ម៉ឺននាក់។ ក្នុងនោះ ពលករមិនទាន់ស្របច្បាប់ នៅប្រទេសថៃប្រមាណ ៥០ម៉ឺននាក់។ ដោយឡែកពលករមិនស្របច្បាប់នៅប្រទេស ម៉ាឡស៊ី និងកូរ៉េ មានមួយចំនួនតូចថែមទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណូលនេះមានត្រឹមតែ ៥០%ប៉ុណ្ណោះ នៃចំណូលសរុប របស់ពលករខ្មែរ ជាង៧២ម៉ឺននាក់ ដែលរកប្រាក់បាននៅក្រៅប្រទេស ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ។ លោកថា «ឥឡូវនេះសរុប ពលករទាំងអស់ មាន៧២ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ហើយយើងគិត ចំណូលនេះ ត្រឹមតែ៥០ភាគរយទេ ដែលគាត់បញ្ជូន មកក្នុងស្រុក អញ្ចឹងទេ វាប្រហែលជា ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ»។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative