រដ្ឋមន្ត្រីក្រសួង​ការងារ​នឹងចាត់វិធាន​ការម៉ឺងម៉ាត់​បំផុត​ចំពោះជនល្មើស​បង្ក​ឲ្យកម្មករ​ស្លាប់​​ និងរបួស​នៅ​ខេត្ត​ស្វាយរៀង​

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍ថា​ ក្រសួងនឹង​​ចាត់វិធានការ​ម៉ឺងម៉ាត់​បំផុត​ចំពោះជន​ល្មើស​ដែលបង្ករគ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យមនុស្សស្លាប់​ និងរបួស​នៅខេត្តស្វាយរៀង។

5លោក​រដ្ឋមន្ត្រី​បានមានប្រសាសន៍​បែប​​នេះ​ កាល​ពីព្រឹកថ្ងៃទី២០ ​ខែឧសភា នៅ​ទីស្តីការ​ក្រសួង​ក្នុងពិធីបើក​សម្ពោធ​ស្លាក​​សញ្ញា​រៀន​ភាសាចិន​របស់វិទ្យា​ស្ថាន​ខុងងឺ​ នៃរាជបណ្ឌិត​សភា​ប្រចាំ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជា។

គិតត្រឹម​​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៥ ​ជនរងគ្រោះ​ដែលជាកម្មករកាត់ដេរ​ នៅតំបន់​សេដ្ឋកិច្ច​​ពិសេសក្រុងបាវិត​ ខេត្ដស្វាយរៀង​​ចំនួន១៩នាក់​ បានស្លាប់​ខណៈ​​ដែល​ជនរង​​គ្រោះ២១នាក់​ផ្សេងទៀត ​បានរងរបួស​ធ្ងន់ស្រាល​​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ក្រោយពីពួកគេបាន​ជួបគ្រោះថ្នាក់​ចរាចរណ៍គួរឱ្យរន្ធត់ ដោយសារ​រថយន្ដក្រុង​​របស់ក្រុមហ៊ុនវៀតណាម​ បានបើក​បុក​កាល​ពីព្រឹកថ្ងៃទី១៩​ ខែឧសភា ​ឆ្នាំ២០១៥​ ខណៈដែលជនរងគ្រោះ​កំពុងធ្វើដំណើរ​តាម​រថយន្ដ​តួរីស​ដែលមានគ្នាប្រមាណ​៤០នាក់​ ទៅធ្វើការហើយក៏បានជួប​ហេតុការណ៍​ដ៏អាក្រក់​នេះនៅ​លើកំណាត់ផ្លូវ​ជាតិ​លេខ១​ ស្រុកស្វាយទាប ​ខេត្ដស្វាយរៀង​។ ជនល្មើស​ដែលអ្នកបើក​បរ​បង្ក​ឲ្យមានគ្រោះថ្នាក់​ចរាចរណ៍ដ៏អាក្រក់​នោះមាន​ឈ្មោះ​ ឡេ វ៉ាងភឹង ជាជនជាតិអាយុ៤៥ឆ្នាំ។

លោករដ្ឋមន្ត្រី​បានបន្តថា​«ជនល្មើស​ដែលបង្កនេះ​មិនអាចលើកលែង​ឲ្យបានទេហើយ​ក្នុងករណីមានការ​លើកលែង​នោះ​លោក​មិនអាច​ទទួលយក​បានឡើយ​ព្រោះវា​ជាករណីគ្រោះថ្នាក់ធ្ងន់ធ្ង»។

ពាក់ព័ន្ធ​បញ្ហា​នេះដែរ ​លោក អ៊ិត សំហេង ​បានមានប្រសាសន៍ថា​ក្រសួងនឹង​ជំរុញនីតិវិធី ដើម្បី​ជួយឧបត្ថម្ភថវិការ​បស់​បេឡា​ជាតិ​របបសន្តិសុខ​សង្គម​ ដល់អ្នករងគ្រោះ​ពិសេស​​អ្នករងរបួស​ ដើម្បីឲ្យពួកគេបានជាសះស្បើយហើយឆាប់វិលត្រឡប់ចូលធ្វើការងារវិញ។ ក្នុងករណីបងប្អូនកម្មករដែលរងគ្រោះ​ឈាន​ដល់​ពិការនោះក្រសួងនឹងរៀបចំស្តារនីតិសម្បទានិងបណ្តុះបណ្តាលជំនាញដល់ពួកគេព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភស្របទៅតាមអត្ថប្រយោជន៍ដែលពួកគេទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម។

លោក​​ អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងនឹងជំរុញកម្មវិធីអប់រំគ្រោះថ្នាក់ចរាចរណ៍ដែលកម្មវិធីនេះ បង្កើតឡើងដោយបេឡាជាតិរបបសន្តិសុខសង្គមដល់អ្នកបើកបរដឹកកម្មករតាមរោងចក្រ ដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ក្នុងការធានាដល់សុវត្តិភាពបងប្អូនកម្មករក៏ដូចខ្លួនឯងផងដែរ។

លោករដ្ឋមន្ត្រី​ សូមចូល​រួម​មរណ​ទុក្ខ​ដល់ការ​ស្លាប់​របស់កម្មករ ​និងអ្នករង​របួស​ក្នុងគ្រោះថ្នាក់​ចរាចណ៍​ដ៏អាក្រក់បំផុត​។ លោករដ្ឋមន្ត្រី​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសម្តេចតេជោ​ និង​សម្តេច​គតិព្រឹទ្ធបណ្ឌិត​ដែលបានចូលរួម​រំលែកទុក្ខ​ និងបានឧបត្ថម្ភថវិកា​ដល់គ្រួសារសព​ និងអ្នករងរបួស​ និងអរគុណដល់ថ្នាក់ដឹកនាំនិងដៃគូរជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភដល់គ្រួសារសពនិងអ្នករបួស។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative