គ្រោះថ្នាក់​ចរាចរណ៍ប ថ្ងៃទី១៩ ឧសភា ស្លាប់២០នាក់ និង​៣៤នាក់​ទៀតរងរបួស

ករណីគ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេស​កាល​ពីថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៥​​បានកើតឡើង​ចំនួន​០៧លើក​ យប់០៣​លើក​​ បណ្តាល​ឲ្យមនុស្ស​ស្លាប់ ២០នាក់ ​(ស្រី ១៦នាក់) ​របួសធ្ងន់​១១នាក់​ (ស្រី ០៧នាក់) និង​របួសស្រាល​២៣នាក់​ (ស្រី ១៦នាក់)។

1យោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យដឹងថា​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង០៧លើកនេះ​ បានបង្កឲ្យខូចខាត​យានយន្ត​សរុប១៣គ្រឿង​ ក្នុងនោះមានម៉ូតូ​ចំនួន១០គ្រឿង​ រថយន្តធុន​តូច០១គ្រឿង​ រថយន្តធុនធំ០២គ្រឿង​។

មូលហេតុ​ដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់​រួមមាន​ ល្មើសល្បឿន០៤លើក​ បត់គ្រោះថ្នាក់០១លើក​ មិនគោរពសិទ្ធិ០១លើក​ និងប្រជែងគ្រោះថ្នាក់​០១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់​ដោយមិនបានពាក់​មួក​​សុវត្ថិភាព​ចំនួន១៥នាក់​ (យប់ ០៧នាក់) ក្នុងនោះយានយន្ត ដែលបង្កហេតុមានម៉ូតូ០៤លើក និងរថយន្តធុនធំ ០២លើក។

រថយន្តដែល​ពិន័យសរុប​ចំនួន៦០៩គ្រឿង​ (រថយន្តធុនធំ ១៩៤គ្រឿង) ​ស្មើនឹង៦៣២ករណី​ ករណីល្មើស​​ក្រដាសស្នាម​៣៩៤​គ្រឿង​ ស្មើនឹង៤១០ករណី​ ចំពោះករណីល្មើស​បច្ចេកទេស​ ២១៥ស្មើ​នឹង ២២២ករណី​ ដោយឡែកម៉ូតូ​ ត្រូវបានពិន័យ​សរុបចំនួន​ ១,៦១៧គ្រឿង។

កាលពី​ថ្ងៃទី១៩​ ខែឧសភា​នេះ​ វេលាម៉ោង ​០៦និង៥០នាទី​ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង​ លើផ្លូវជាតិ​លេខ​១ ចន្លោះគីឡូម៉ែត្រ​លេខ ១៤២-១៤៣ ​ស្ថិតក្នុងភូមិដើមពោធិ៍​ ឃុំស្វាយតាយាន ​ស្រុកកំពង់រោទិ៍ ​ខេត្តស្វាយរៀង​ បង្កឡើង​ដោយ​រថយន្ត​ ដឹកអ្នក​ដំណើរ​ធុនធំ​ ក្រុមហ៊ុន​ (15SH) ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌សក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 3C.6335​ បើកបរ​ពីកើត​ទៅលិច​ បានទៅបុកជាមួយ​ រថយន្តដឹកកម្មករ​រោងចក្រកាត់ដេ​ ពាក់ស្លាកលេខភ្នំពេញ 2O.7725 ​ដែលបើកបញ្ច្រាស​ទិស​គ្នា​ បណ្តាលឲ្យរងគ្រោះ​សរុបចំនួន ​៣៩នាក់ ​(ស្រី ៣៥នាក់)​ ក្នុងនោះស្លាប់ ​១៨នាក់ ​(ស្រី ១៦នាក់) ដែលមូលហេតុ​គឺរថយន្ត​ ដឹក​អ្នកដំណើរ​ធុនធំ​ របស់ក្រុមហ៊ុន​ 15SH ​បើកបរប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative