ខ្ញុំណែន​ទ្រូង

ប្រសិន​បើលោកអ្នក​មានអាការ​ណែនទ្រូង លោកអ្នក​មិនគួរ​គិតថា​វាជា​រឿង​ធម្មតា​នោះទេ។ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​លោកអ្នកឱ្យស្វែង​យល់នូវ​អាការ​ណែនទ្រូង​នេះ តាមរយៈ​ខ្លឹមសារ​នៃកិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត សុខ ជួ អ្នក​ឯកទេស​ជម្ងឺបេះដូង។ អាការ​ចុកទ្រូង ឬណែនទ្រូង​ជារោគ​សញ្ញា​មួយរបស់​ជម្ងឺស្ទះ​សរសៃឈាម​បេះដូង។

រូបភាពទស្សនាវដ្តីសុខភាពយើង

តាមការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក នៅលើ​ពិភពលោក មានមនុស្ស​ជាង៧លាន​នាក់ស្លាប់ ដោយសារ​ជម្ងឺស្ទះ សរសៃ​ឈាម​បេះដូង​នេះជា​រៀងរាល់​ឆ្នាំ។ ពោលជា​មូលហេតុ​ទីមួយ​ដែលសម្លាប់​មនុស្សច្រើន​ជាងគេ​នៅលើ​ពិភពលោក។ វាជា​ជម្ងឺធ្ងន់ធ្ងរ បំផុត ដែល​តម្រូវឱ្យ​មានការ​ព្យាបាល​ជាបន្ទាន់​មែនទែន។

ជម្ងឺស្ទះ​សរសៃឈាម​បេះដូង និងអាការណែន​ទ្រូង​ជាអ្វី?

ជម្ងឺស្ទះ​សរសៃឈាម​បេះដូង ជាជម្ងឺ​ដែល​កើតឡើង​ដោយសារ​មានដុំខ្លាញ់​កកនៅ​ក្នុងសរសៃ​ឈាមទៅ​ចិញ្ចឹម​បេះដូង។ ជាធម្មតា បេះដូង​មនុស្សមាន​សរសៃឈាម​២ គឺសរសៃឈាម​ខាងស្ដាំ និងសរសៃឈាម​ខាងឆ្វេង នៅពេល​ណាមាន​ការកក​ខ្លាញ់ក្នុង​សរសៃឈាម​បេះដូង នាំឱ្យ​បរិមាណ​ឈាម ដែលទៅ​ចិញ្ចឹមបេះដូង​មិន​គ្រប់គ្រាន់។

ចំពោះរោគ​សញ្ញានៃ​ជម្ងឺនេះ ជាដំបូង​នៅពេល​ដែលស្ថាន​ភាពជម្ងឺ​នៅស្រាល​ល្មមៗ អ្នកជម្ងឺ​មានអាការ​ចុកទ្រូង ឬណែន​ទ្រូង។ វា ស្ដែង​ចេញនៅ​ពេលអ្នក​ជម្ងឺធ្វើ​ការធ្ងន់ ពេលរត់​ហាត់ប្រាណ ឬឡើង​ចុះជណ្ដើរ។

នៅពេល​ដែលដុំខ្លាញ់​កកក្នុង​សរសៃឈាម​របើក វាហូរ​ឈាមនៅ​ក្នុងសរសៃ​ឈាមបេះដូង ហើយវា​ធ្វើឱ្យ​កកស្ទះសរសៃ​ឈាមបេះ ដូង​តែម្ដង។ ពេលនោះ​អ្នកជម្ងឺ​មានអាការ​ចុកទ្រូងខ្លាំង។

ជម្ងឺនេះ គឺជាជម្ងឺ​ធ្ងន់ធ្ងរ ប្រសិន​បើព្យាបាល​មិនទាន់​ទេអ្នក​ជម្ងឺអាច​ស្លាប់ភ្លាម។ ព្រោះថា​កាលណា​ស្ទះសរសៃឈាម គ្មានឈាម​ទៅ ចិញ្ចឹម​បេះដូង ធ្វើឱ្យសាច់​បេះដូងរលួយ។ នៅពេល​នោះហើយ​ដែលធ្វើឱ្យ​អ្នកជម្ងឺ​អាចស្លាប់់​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកណាខ្លះ​អាចកើត​មានជម្ងឺស្ទះ​សរសៃឈាម​បេះដូង?

ជម្ងឺនេះ​ច្រើនកើត​មានឡើង​ចំពោះអ្នក​ពិសាបារី អ្នកជម្ងឺ​ទឹកនោមផ្អែម អ្នកជម្ងឺ​លើសឈាម អ្នកធាត់ អ្នកមិន​ធ្វើពលកម្ម និងអ្នក ដែល​ស្រណុកពេក។ ប៉ុន្ដែក៏មាន​ករណីត​ពូជដែរ ប្រសិនបើ​មាន​ឪពុកម្ដាយ​កើតជម្ងឺ​ស្ទះសរសៃឈាម​បេះដូង កូនចៅ​អាចកើត​មានជម្ងឺ​នេះ ដែរ។ ដូច្នេះបើ​មានឪពុកម្ដាយ​កើតមាន​ជម្ងឺនេះ កូនចៅ​ត្រូវប្រយ័ត្ន​ប្រយែង​ចំពោះ​សុខភាព​ខ្លួន។ ជម្ងឺ​ស្ទះសរសៃឈាម​បេះដូង ច្រើនកើត​មាន ទៅលើ​មនុស្សប្រុស​ចាប់ពីអាយុ​៥០ឆ្នាំ និងមនុស្សស្រី​អាយុចាប់​ពី៥៥ឆ្នាំ​ឡើងទៅ។

វិធីបង្ការ​ជម្ងឺស្ទះសរសៃឈាម​បេះដូង

មិនអាចចៀសវាង​ការកកើត​ជម្ងឺនេះបាន​១០០ភាគរយ​ទេ។ ប៉ុន្ដែមាន​វិធីអាច​កាត់បន្ថយ​ជម្ងឺ​ស្ទះសរសៃឈាម​បេះដូង​នេះបាន​ច្រើន ដោយបញ្ឈប់​ការជក់​បារី និងព្យាបាល​ជម្ងឺដែល​ជាកត្ដា​គ្រោះថ្នាក់ ដូចជាជម្ងឺ​លើសឈាម ជម្ងឺទឹកនោមផ្អែម ព្យាបាល​ការលើស​ខ្លាញ់ឱ្យ​បាន ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ត្រូវហាត់ប្រាណ​ជាប្រចាំ ដើម្បី​កុំ់ឱ្យ​ឡើងគីឡូ និងចៀសវាង​ការទទួល​ទាន​ចំណី​អាហារ​ដែលមាន​ជាតិខ្លាញ់ ច្រើន។

ការព្យាបាល​ជម្ងឺស្ទះសរសៃឈាម​បេះដូង

អ្នកជម្ងឺ​ដ៏ធ្ងន់ធ្ងរនេះ មិនអាច​ទុកយូរ​ដោយគ្មាន​ការព្យាបាល​បន្ទាន់បាន​ទេ។ ពោលត្រូវ​ការការ​ព្យាបាល​បន្ទាន់ និងជាពិសេស​ដោយ អ្នកឯកទេស​ខាងជម្ងឺ​សរសៃឈាម និងបេះដូង។ ប្រសិនបើ​លោកអ្នក​ដែលមាន​ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺលើសឈាម មានអាការ​ដូចបាន​ជម្រាប ខាងលើ ត្រូវប្រញាប់​ទៅជួប​គ្រូពេទ្យ ដើម្បីធ្វើ​ការស្រាវជ្រាវ​រកជម្ងឺនេះ ឱ្យបានទាន់​ពេលវេលា។

សព្វថ្ងៃនេះ នៅប្រទេសកម្ពុជា​មានឧបករណ៍​ទំនើប ដើម្បីព្យាបាល​ជម្ងឺនេះហើយ។ ឧបករណ៍នោះ​ជាម៉ាស៊ីន​សម្រាប់ថត​ឆ្លុះសរសៃ ឈាម​បេះដូង។ តាមរយៈ​ម៉ាស៊ីននេះ គ្រូពេទ្យ​អាចធ្វើការ​វិនិច្ឆ័យរោគ និងអាច​ធ្វើការ​ព្យាបាល​បានទាន់​ពេលវេលា ដូចជា​ធ្វើការ​ពង្រីក​សរសៃ ឈាមបេះដូង ដែលស្ទះ ឬត្បៀត​នោះជាដើម។

ដូច្នេះ បើលោកអ្នក​មានអាការ​ណែនទ្រូង សូមរួសរាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និងអ្នក​ឯកទេស​ជាបន្ទាន់ ប្រយោជន៍ គេចផុត​ពីមរណភាព​បែបទន់ហន់។ នៅឱកាស​ក្រោយ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយក​ជម្ងឺបេះដូង និងសរសៃឈាម​ដែល​បង្កមរណភាពរហ័ស​ហួសពី​ការស្មាន មកជម្រាប​ជូនដើម្បី​ជីវិតរបស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative