រដ្ឋាករទឹក​ចុះ​​កិច្ចសន្យា​​​លក់​ទឹក​​​ជាមួយ​ម្ចាស់​​​ផ្ទះ​ជួល​​ ចំនួន​៧២.៤៧៨​​បន្ទប់​​ហើយ​

គិត​មក​ដល់​​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ ​យុទ្ធនាការ​​ចុះ​កិច្ចសន្យា​លក់​ទឹក​​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​ និង​រដ្ឋាករទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​បាន​​ចំនួន​​៣.៨១០​​ទីតាំង​ម្ចាស់ផ្ទះ​​​ស្មើនឹង​​៧២.៤៧៨បន្ទប់​​ ប្រមាណ​៨០,១០%។

3យុទ្ធនាការ​​លើ​កិច្ចសន្យា​​ជាមួយ​​ម្ចាស់​ផ្ទះ​ជួល​​នេះ​​ក្នុង​​ន័យ​ដែល​​រដ្ឋាករទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​​ ​បញ្ចុះ​​ថ្លៃ​ទឹក​​១.០៣០​រៀល​ក្នុង​​១​ម៉ែត្រគូប​​ និង​​បញ្ចុះ​តម្លៃ​​ថែទាំ​​លូ​​១០%សម្រាប់​​ម្ចាស់​ផ្ទះ​​ជួល​​ និង​​បន្ត​​លក់​​​ថ្លៃ​​ទឹក​​១.២០០រៀល​​​​​ក្នុង​​១​ម៉ែត្រ​គូប​​ចំពោះ​កម្មករ​ និស្សិត​ ដែល​ជួល​ផ្ទះ​។

យោង​​តាម​ស្ថិតិ​ បានបង្ហាញ​​ថា​ក្នុង​តំបន់​​សេវា​​ផ្គត់ផ្គង់​​ទឹក​ស្អាត​​បច្ចុប្បន្ន​​របស់​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុងភ្នំពេញ​ មាន​អតិថិជន​​ចំនួន​​៤.៣៥៦​​នាក់​ ដែល​បាន​​ធ្វើ​អាជីវកម្ម​​បន្ទប់​​ជួល​។ សរុប​បន្ទប់​​ជួល​​ទាំងអស់​​មាន​​ចំនួន​​៩០.៤៧៨​បន្ទប់។

ជាមួយ​នឹង​តម្លៃ​​លក់​ថេរ​​១.០៣០រៀល​ក្នុង​មួយ​ម៉ែត្រគូប​ និង​​វិធានការ​​កាត់​បន្ថយ​​បន្ទុក​​ចំណាយ​​បន្ថែម​​របស់​ម្ចាស់ផ្ទះ​ និង​កម្មករ​​នៅ​​តាម​បន្ទប់​​ជួល​ រដ្ឋាករទឹក​​ស្វយ័ត​​ក្រុងភ្នំពេញ​នឹង​ដាក់​​កម្មវិធី​​ចុះ​ជួប​​ផ្ទាល់​ជាមួយ​​ម្ចាស់ផ្ទះ​ ដើម្បី​​ចរចា​​សម្រប​​សម្រួល​​ឲ្យ​ម្ចាស់ផ្ទះ​​ឯកភាព​​លក់​បន្ត​​ទៅ​កម្មករ​​ជួល​បន្ទប់​​ក្នុង​តម្លៃ​ត្រឹម​​​១.១០០​រៀល​​ទៅ​១.២០០​រៀល​​ក្នុង​មួយ​ម៉ែត្រគូប។

អ្នក​នៅ​​តាម​បន្ទប់​​ជួល​ រួម​ទាំង​​កម្មករ​ សិស្ស​ និស្សិត​ក្រីក្រ​ ត្រូវ​​បាន​បន្ធូរ​បន្ថយ​​បន្ទុក​​ចំណាយ​​លើ​ថ្លៃ​ទឹក​​ ៣០០​រៀលក្នុង​​មួយ​​ម៉ែត្រគូប​។ ក្នុង​តម្លៃ​លក់​​ឲ្យ​ម្ចាស់ផ្ទះ​​១.០៣០រៀល​​ក្នុង​មួយ​ម៉ែត្រគូប​​នេះ ​គេប៉ានប្រមាណ​ថាប្រាក់ចំណូល​របស់​​រដ្ឋាករ​​ទឹក​ស្វយ័ត​​ក្រុងភ្នំពេញ​ នឹង​ត្រូវ​​កាត់បន្ថយ​ប្រមាណ​​៨៦៤​លាន​​រៀល​​ក្នុង​មួយឆ្នាំ​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative