កាកបាទ​ក្រហម​​កម្ពុជា​​ ផ្តល់ថវិកា​​១លាន​ដុល្លារ​អាមេរិក​ ដល់មន្ទីរពេទ្យ​គន្ធបុប្ឆា

ក្នុងគោល​ដៅ​សម្រាល​ការលំបាក​​របស់មន្ទីរពេទ្យ​​ កាកបាទ​​ក្រហម​កម្ពុជា​បានផ្តល់ថវិកា​ចំនួន១លាន​ដុល្លារអាមេរិក​ដល់មន្ទីរ​​ពទ្យ​គន្ធបុប្ឆា​​ ដើម្បីឲ្យ​មន្ទីរពេទ្យមួយ​នេះ​មាន​លទ្ធ​ភា​ព​បន្តការព្យាបាលជំងឺ​​ដល់កុមារ​ក្រីក្រ​កម្ពុជា​ ជួយសម្រាល​បន្ទុក​​ដល់​រាជរដ្ឋា​ភិបាល​ ​និងរួម​ចំណែក​ក្នុងការលើក​កម្ពស់សេវា​សុខភាព​សាធារណះ។

111ពិធី​ប្រគល់​​ និង​ទទួល​ថវិកា​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​​កាលពីព្រឹក​ថ្ងៃ​ទី១៩ ខែឧសភា​ ឆ្នាំ​២០១៥​​នេះ​​ នៅទីស្នាក់​ការ​កណ្តាល​​កាកបាទ​ក្រហម​កម្ពុជា​ ក្រោមអធិបតីភាព​​ដ៏ខ្ពង់ខ្ពស់​របស់​​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​​ ជាមួយ​លោក​​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និង​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​បេអាត រីចនើរ ស្ថាបនិក​ និង​ជាប្រធានមូល​និធិគន្ធបុប្ឆា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន សែន​ បាន​សម្តែង​​ការ​កោតសសើរ​ និងថ្លែង​អំណរ​គុណ​ដល់ក្រុម​​គ្រូពេទ្យ​​នៃមន្ទីរពេទ្យ​គន្ធបុប្ឆា​ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​យកអស់កម្លាំង​កាយ​ចិត្ត​​ក្នុងការព្យាបាល​កុមារ​​កម្ពុជា​​រាប់ពាន់​នាក់​​នៅរៀងរាល់​ឆ្នាំ​  ជាពិសេស​ជួយដល់ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ និងទារក​ ដែលនេះ​ជា​កត្តា​​មួយ​យ៉ាង​សំខាន់​​ក្នុង​ការ​លើកកម្ពស់​លើវិស័យ​សេវា​​សុខភាពសាធារណះ​។

សម្តេចបានបញ្ជាក់ថា “បច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់មន្ទីរ​ពេទ្យគន្ធបុប្ឆាបានជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋគ្រប់ស្រទាប់នៅទូទាំងប្រទេស ជាពិសេស​ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ”។ សម្តេចបន្តថា “ដោយសារស្មារតីទទួលខុសត្រូវលើការងារ បានធ្វើឲ្យការពិនិត្យព្យាបាលកុមារ​នៅមន្ទីរពេទ្យនេះមាន​គុណ​ភាព​ខ្ពស់​​​ដែល​ប្រៀប​បាននឹង​សុភាសិតខ្មែរយើងលើកទ្បើងថា “ទឹកត្រជាក់ត្រីកុំផងដែរ”។

លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​​​បានថ្លែងអំណរ​គុណ​ដល់​សម្តេច​​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​ និងសម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលតែងតែផ្តល់​នូវអត្ថិភាពសំខាន់ៗ ​ទៅលើវិស័យសុខាភិបាល ​ហើយការចូលរួមនេះ​​ ក៍បានរួមចំណែកការកាត់បន្ថយ​អាត្រាមរណះមាតា​ និងទារកផងដែរ។

លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ បេអាត រីចនើរ​(Beat Richner)បានថ្លែងថា ​ស្ថានភាព​បច្ចុប្បន្ន​​របស់​មន្ទីរពេទ្យគន្ធបុប្ឆា​ គឺមាន​អ្នកជំងឺ​មានការកើនឡើង​ទាំងនៅភ្នំពេញ​ និង​ខេត្ត​សៀម​រាប​ ក្នុងនោះរាប់ទាំង​កុមារដែលមកប្រឹក្សា​ជំងឺ និងទទួលការ​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យ​​។ លោកសាស្ត្រាចារ្យ​ក៏បាន​ស្នើ​សុំដល់​​​        សម្តេច​​​​​ប្រធាន​​ឲ្យធ្វើការអំពាវនាវ​ដល់មន្ទីរពេទ្យ​​​ឯក​ជន​នានា​ឲ្យគោរពក្រមសុជីវធម៌​ និងវិជ្ជាជីវះ​ ដើម្បីលើកកម្ពស់​សេវាសុខភាព​សាធារណះ​ ជា​ពិសេស​​ទាក់​ទង​ និងសុខភាព​មាតា និងទារក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative