អេកូឆ្លុះឃើញ​ទារកក្នុង​ផ្ទៃ

អេកូជាឧបករណ៍​មានសារៈ​សំខាន់​ណាស់​ក្នុង​ឯកទេស​សម្ភព។ អេកូមាន២​ប្រភេទ គឺអេកូពណ៌​ធម្មជាតិ និងអេកូ​សខ្មៅ។ ឧបករណ៍អេកូ​ធម្មជាតិ ចាប់ផ្ដើម​មាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ២០០០។ សម្រាប់​នៅប្រទេស​ជឿនលឿន​នានា ការ​ប្រើប្រាស់​អេកូ​​នេះ មានតាំង​​ពីទសវត្សរ៍​ទី៧០មកម្លេ៉ះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បុត្រធីតា ដែលមាន​កាយសម្បទា សុខភាព​មាំមួន និងមាន​ប្រាជ្ញា​ឆ្លាតវៃ ជាមោទនភាព​មួយរបស់​មាតា​គ្រប់រូប។ ស្ដ្រីជា​អនាគត មាតា​បន្ទាប់ពី​បាន​ប្រតិបត្ដិ​នូវ​ប្រការ​គួរ​ប្រតិបត្ដិ​ខ្លះៗ នៅពេល​កំពុងមាន​ផ្ទៃពោះ​ដែលបាន​សរសេរ​នៅក្នុង​អត្ថបទ “ ប្រការដែល​ស្ដ្រីមានផ្ទៃ ពោះត្រូវ​ប្រតិបត្ដិ ” របស់​ទស្សនាវដ្ដី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦។ ហើយប្រការ​មួយទៀត ដែលគាត់​គួរតែ​ធ្វើដែរ គឺការ​ទៅ ធ្វើការ​ពិនិត្យ​ផ្ទៃពោះ​ដោយអេកូ ឬអេកូសាស្ដ្រ (Echographie).

សារៈសំខាន់​របស់អេកូ

អេកូមាន​សារៈប្រយោជន៍់​ខ្លាំងណាស់​សម្រាប់ផ្នែក​សម្ភព។ យើងអាច​ឆ្លុះមើល​ដឹងពីការ​តាំងទី​របស់ទារក និងអាច​មើលដឹង​ពីភាព ធម្មតា និងមិនធម្មតា​របស់ទារក​នៅក្នុងផ្ទៃ។ យើងអាច​មើលដឹង​ពីការ​វិវឌ្ឍន៍​លូតលាស់​របស់ទារក​បានច្បាស់​ចំនួន៨០%។ ជាពិសេស យើងអាច មើលដឹង​ពីជម្ងឺ​របស់ទារក​ទើបកើត តាំងពីពេល​នៅក្នុង​ពោះម្លេះ។

នៅពេល​ធ្វើការពិនិត្យ​អេកូ គ្រាន់តែ​ដាក់ឧបករណ៍​ឆ្លុះជាក្បាល​ភ្ជាប់ដោយ​ខ្សែទុយយោ និងលាបទឹក​ប្រេងនៅ​លើពោះ វានឹងចេញ រូបភាព​នៅលើ​អេក្រង់​ទូរទស្សន៍។ បើយើងចង់​បានរូបភាពអ្វី យើងដាក់​ឧបករណ៍នោះ នៅកន្លែង​ដែលយើង​ចង់មើល យើងអាច​មើលឃើញ។ យើងអាច​មើលឃើញ​រូបភាព​កូននោះ​ផ្កាប់មុខ ភេទប្រុស ឬស្រី ឬមើលនូវអ្វី​ដែលយើង​ចង់ដឹង និងមើល​ឃើញ។

ភាពខុសគ្នា​រវាងអេកូ​សខ្មៅ និងអេកូពណ៌

ជាទូទៅ​អេកូពណ៌ និងអេកូសខ្មៅ​ខុសប្លែក​គ្នាបន្ដិច។ អេកូពណ៌ វាគ្រាន់តែ​មាន​បំពាក់ពណ៌​ទៅលើ​រូបភាព​បន្ថែមតែ​ប៉ុណ្ណោះ។ ជាពិ សេស ចង់មើល​ពីភាព​មិនធម្មតា​នៃបេះដូង​របស់ទារក​នៅក្នុងផ្ទៃ ថាតើបេះដូង​ចំហ ឬអត់ជាដើម។ ម្យ៉ាងទៀត អេកូពណ៌​ជួយបំពាក់ពណ៌​ដើម្បី ជាជំនួយ​ឱ្យឃើញកាន់​តែច្បាស់។ ការពិនិត្យ​អេកូនេះ ក៏មានព្រំដែន​របស់វាដែរ មិនមែន​មានន័យថា​អ្វីៗ ក៏អេកូ​អាចមើល​ឃើញបាន​ទាំងអស់ នោះទេ។ ចំពោះករណី​មិនធម្មតា​ទាំងឡាយណា ដែលមាន​ទំហំតូចជាង​៣មីលីម៉ែត្រ អេកូមិន​អាចមើល​ឃើញទេ។ ដូច្នេះ ទារកដែល​បានពិនិត្យ អេកូហើយ មិនមែន​មានន័យថា​ទារកនោះ មានសុខភាព​ល្អ១០០%​នោះទេ គឺមានកន្លែង​មិនធម្មតា​ខ្លះដែល​អេកូមិនអាច​មើលឃើញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការពិនិត្យអេកូ​ប៉ះពាល់​សុខភាព​ឬទេ?

ការពិនិត្យ​អេកូមិន​មានផល​ប៉ះពាល់​ដល់សុខភាព​ម្ដាយ និងទារក​ក្នុងផ្ទៃទេ ហើយវា​មិនបង្ក​ឱ្យមាន​ការឈឺចាប់​អ្វីទាំងអស់។ យើង អាចធ្វើ​ការពិនិត្យ ហើយពិនិត្យ​ទៀតបាន។ សម្រាប់ស្ដ្រី​មានផ្ទៃពោះ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ក៏អាចមក​ពិនិត្យអេកូ​នេះបានដែរ។ ព្រោះ ការពិនិត្យ​នេះមាន​តម្លៃថោក​ល្មម។ ក្នុងការ​ពិនិត្យ​អេកូម្ដង​ជាមធ្យម​ត្រូវចំណាយ​ថវិកា២០.០០០រៀល។

ដំបូន្មាន​អ្នកជំនាញ

លោកវេជ្ជបណ្ឌិត ហួត សេង អ្នកឯកទេស​សម្ភព និងរោគស្ដ្រី មានប្រសាសន៍​ថា ស្ដ្រីទាំងឡាយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ គឺចាំបាច់​ត្រូវតែ​ធ្វើការ​ពិនិត្យ​ផ្ទៃពោះ។ ក្នុងកិច្ចការ​សម្ភព​ដែលលោក​បានធ្វើ​នៅកម្ពុជា ការពិនិត្យ​លើ​ផ្ទៃពោះស្ដ្រី ពុំសូវ​មានឃើញ​មានករណី​មិន ធម្មតា​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​ចំពោះ​ទារកទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative