ស្ដ្រេស្សជាជម្ងឺ​សម័យថ្មី

នៅក្នុង​សង្គមខ្មែរ​មនុស្សគ្រប់​វ័យទាំង​ប្រុសទាំងស្រី តែងតែ​កើតមាន​ការប៉ះ​ទង្កិច​ផ្លូវចិត្ដ នាំឱ្យ​មិនស្ងប់ និងមាន​ការតានតឹង​ផ្លូវចិត្ដ។ ស្ដ្រេស្ស ឬការ​តានតឹង​ផ្លូវចិត្ដនេះ កើតឡើង​យូរៗទៅ នាំឱ្យ​មនុស្ស​ផ្លាស់ប្ដូរ​បុគ្គលិក​លក្ខណៈ​បាន ពីមនុស្ស​ស្លូត​ទៅជា មនុស្សកាច​ឃោរឃៅ និងកើត​មានជម្ងឺ​រាង្គកាយ និងផ្លូវចិត្ដ​ធ្ងន់ធ្ងរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អាការស្ដ្រេស្ស​ជាអ្វី?

លោកវេជ្ជបណ្ឌិត កែ ឈុំ អ្នកឯកទេស​ខាងជម្ងឺ​ផ្លូវចិត្ដ​បានឱ្យ​និយមន័យ​នៃពាក្យ​ស្ដ្រេស្ស ឬតានតឹង​ចិត្ដថា រាល់ការ​ប៉ះទង្គិច ទាំងឡាយ​ណា ដែលធ្វើ​ឱ្យមនុស្ស​មានចិត្ដ​មិនស្ងប់។ បើតាម​សៀវភៅ​២៤ម៉ោង​ដើម្បី​សុខភាព​ល្អ របស់លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បានឱ្យ​និយមន័យ​នៃពាក្យ​ស្ដ្រេស្ស ថាជា​ពាក្យសម័យ​ថ្មី ដែលមាន​អត្ថន័យ​របស់វា​សំដៅ​ទៅអាការ​ស្រុត ឬបាក់កម្លាំង​កាយចិត្ដ ឬសំដៅ​ទៅរោគ​ម្យ៉ាងដែល​កើតឡើង​ពីការងារ​ប្រើកម្លាំង​ជ្រុល និងការងារ​ស្មុគស្មាញ ប្រើការ​គិតហួស។ ប្រជាពល​រដ្ឋខ្មែរ ជួបប្រទះ​ស្ទើរ តែរាល់​ថ្ងៃ នូវការ​តានតឹង​អារម្មណ៍ រាល់ការ​ប៉ះពាល់​ដល់​អារម្មណ៍។ អ្នកជម្ងឺ​មិនសូវ​ចាប់អារម្មណ៍​លើលក្ខណៈ​តានតឹង​ចិត្ដនេះ​ទេ នៅ ពេលមាន​សភាព​ល្មមៗ គាត់ច្រើន​តែរអ៊ូ​រទាំច្រើន។ ពេលមក​មន្ទីរពេទ្យ អ្នកជម្ងឺ​មានសភាព​ជម្ងឺធ្លាក់​ទឹកចិត្ដ​ធ្ងន់ធ្ងរ​ទៅហើយ។

រោគសញ្ញា​នៃការតាន​តឹងចិត្ដ

តាមសៀវភៅ​សុខភាព​ផ្លូវចិត្ដ​សហគមន៍​របស់អង្គការ​ចិត្ដសង្គម​អន្ដរ​វប្បធម៌ ការតានតឹង​ផ្លូវចិត្ដ​ស្ដែងចេញ​ជារោគ​សញ្ញាផ្លូវ ចិត្ដ និងផ្លូវកាយ។

រោគសញ្ញាផ្លូវចិត្ដ ៖ អារម្មណ៍​ប្រែប្រួល​ភ្លាមៗ ឆាប់ខឹង ការគិត​មិនបានល្អ ត្រូវការ​កុហក គេប្រាប់​ច្រើនដង​ទើបអាច​យល់ និងចង​ចាំបាន ព្រួយចិត្ដ​ច្រើន គិតពី​រឿង​ដដែលៗ​មិនឈប់។

រោគសញ្ញាផ្លូវកាយ ៖ អ្នកជម្ងឺ​ច្រើនអស់​កម្លាំង ឈឺក្បាល តានតឹងចិត្ដ ហូបបាយ​មិនបាន អ្នកខ្លះ​ហូបច្រើន​លើសលុប។ អ្នក ខ្លះទៀត ឈឺនេះ ឈឺនោះ​មិនច្បាស់លាស់ ដូចជាឈឺ​ត្រង់ដៃ ជើង ទ្រូង​ជាដើម។ ចំពោះ​ស្ដ្រីវិញ ការមក​រដូវមាន​ការរអាក់​រអួល។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុបង្ក​ស្ដ្រេស្ស និងអាការតាន​តឹងចិត្ដ

កត្ដាជាច្រើន ដែលនាំ​ឱ្យមាន​ការតាន​តឹងចិត្ដ ដូចជាកត្ដា​សង្គម គ្រួសារ ជីវភាព​ជាដើម។ ការងារ​មានទំហំធំ​ច្រើនហួស ហេតុនាំ​ឱ្យមាន​ភាព​ស្មុគស្មាញ។ អាជីវករ​លក់ដូរ​ច្រើនគ្មាន​ពេលសម្រាក សូម្បីតែ​ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ។ ជួនកាល​ការលក់ដូរ​ទោះ ដាច់ក្ដី មិនដាច់ក្ដី មានពេល​ទំនេរក៏​នៅតែឈឺ។ នៅក្នុង​គ្រួសារ​មានកូនចៅ មិនប្រកប​ដោយគន្លង​ធម៌ នាំឱ្យ​កិត្ដិយស​គ្រួសារ​អាប់ឱន កូនបោះ​បង់ចោល​ការសិក្សា ធ្លាក់ចូល​ទៅក្នុងការ​សេពគ្រឿង​ញៀន។ ឪពុកម្ដាយ​ខ្លួនគាត់​ផ្ទាល់ មិនបង្ក​ភាពតានតឹង​ចិត្ដទេ តែស្ថាន ភាពនៅ​ជុំវិញ​គាត់ទេ ដែលធ្វើ​ឱ្យគាត់​តានតឹងចិត្ដ ព្រោះថា​ឪពុកម្ដាយ​បង្កើតកូន​មកចង់​ឱ្យកូនតាម​ដោយ​គន្លងធម៌។ គ្រួសារ​ខ្លះទៀត មានការ​រស់នៅ​ចុះសម្រុង​គ្នាល្អ ប៉ុន្ដែ​ការងារ​របស់គាត់​ច្រើនពេក ធ្វើឱ្យ​គាត់មួម៉ៅ​មានអារម្មណ៍​អាប់អួរ។ យុវវ័យ​ក៏ដូច្នោះ​ដែរ ការ សិក្សា​ច្រើនពេក គ្មានពេល​សម្រាកជួបជា​មួយនឹង​ការបរាជ័យ​ផង នាំឱ្យ​មានភាព​តានតឹង​កាន់តែ​ខ្លាំង។

ទំនាស់ដីធ្លី ឬផ្ទះសម្បែង ការរស់​នៅមិន​គោរព​សិទ្ធិគ្នា នាំឱ្យ​មានការ​ប្រកាន់ខឹង និងមាន​ជម្លោះ។ នៅប្រទេស​កម្ពុជា បញ្ហា នេះជួប​ប្រទះស្ទើ​តែរាល់ថ្ងៃ ដែលយើង​មិនបាន​ចាប់អារម្មណ៍ ដូចជា​ការធ្វើ​ចរាចរណ៍ ដែលមាន​ការអាក់អន់​ចិត្ដគ្នា​ជាដើម។

អសន្ដិសុខសង្គម ការមាន​ចោរកម្ម​ផ្សេងៗ តាមផ្ទះ តាមស្រុកភូមិ ទោះបី​ជាបច្ចុប្បននេះ បញ្ហាត្រូវ​បានធូរ​ស្រាលក៏​ពិត មែន តែផ្នែក​ស្ថានភាព​ផ្លូវចិត្ដ​មិនងាយ​រលត់ទេ។ គឺប្រៀប​បាននឹង​ដើមឈើ​មួយដើម ដែលត្រូវ​បានគេបាញ់ ហើយបន្សល់​ទុកនូវស្លាក ស្នាម​ដូច្នោះដែរ។ ប្រសិន​បើ​ដើមឈើ​មួយដើម​នោះ មានអ្វី​ប៉ះទង្កិច​ទៅលើ​វាបន្ថែម​ទៀតនោះ នាំឱ្យ​ដើមឈើ​នោះ កាន់តែ​អន់ ទៅៗ។

ដូច្នេះ ការថែរក្សា​សុខភាព​ផ្លូវចិត្ដ ក៏ដូចការ​ថែទាំផ្លូវ​កាយដែរ មនុស្ស​គ្រប់រូប​តែងជួប​នូវភាព​អវិជ្ជមាន ជាបន្ដ​បន្ទាប់ ហើយ ខុសៗ​គ្នា និងគ្មាន​នរណាម្នាក់​អាចគេច​បានឡើយ ទាំងគ្រូ​បង្រៀន ប៉ូលីស អាជីវករ សិស្ស និស្សិត គ្រូពេទ្យ ឬប្រជាពលរដ្ឋ​សាមញ្ញ ក្ដី។ នៅប្រទេស​ជឿនលឿន គេអាច​កាត់បន្ថយ​ការតានតឹង​បានមួយ​ចំនួន ដោយសារ​គេមាន​ពេលសម្រាក​ត្រឹមត្រូវ ហើយ​ការងារ របស់គេ ផ្ដល់ទាំង​សុវត្ថិភាព និងថវិកា​គ្រប់គ្រាន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាកបណ្ដាល​មកពីការ​តានតឹងចិត្ដ ឬស្ដ្រេស្ស

អាស្រ័យ​ទៅលើ​បុគ្គលិក​លក្ខណៈ​របស់មនុស្ស ការតានតឹង​មានការប៉ះ​ទង្គិចរុំារ៉ៃ​យូរទៅ នាំឱ្យមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ អ្នកខ្លះ ទៅជា​ឡប់សតិ វង្វេង​វង្វាន់ ស្រែក​ឡូឡា ឬទៅជា​មនុស្ស​ឃោរឃៅ។

ទំហំនៃ​ការតានតឹង​មិនដូចគ្នា​ទេ ការស្ដែង​ចេញខុសៗ​គ្នាទៅតាម​បុគ្គលិក​លក្ខណៈ​មនុស្ស តាមសាច់រឿង​ដែលកើត​ឡើង។ ប្រសិន​បើមនុស្ស ដែលមាន​ការអប់រំ់ល្អ ចេះអត់ធ្មត់ និងមិនសូវ​ខ្វល់ខ្វាយ នៅពេល​ជួបរឿង​ពិបាកមិន​ជាបញ្ហាទេ។ សម្រាប់​អ្នកដែល ឆេវឆាវ អាចបណ្ដាល​ឱ្យគាត់​ទៅជា​ចង់ឆ្គួត​ក៏មាន ចង់សម្លាប់​គេក៏មាន។ អ្នកខ្លះ​ទៅជា​មានជម្ងឺ​ធ្លាក់​ទឹកចិត្ដ បាយមិន​បាន ដេកមិនលក់ ធ្លាក់ខ្លួនឈឺ មានជម្ងឺ​ក្រពះ ជម្ងឺថប់បេះដូង ជម្ងឺហឺត​ជាដើម។ ប្រសិន​បើមិន​ដោះស្រាយ​បញ្ហា​តានតឹង​ផ្លូវចិត្ដ​ឱ្យបាន​ដាច់ស្រេច​ទេ ការ ព្យាបាល​ផ្នែកផ្លូវកាយ​ក៏មិនបាន​យូរដែរ ជម្ងឺនេះនឹង​រើឡើងវិញ។ អ្នកដែល​មានជម្ងឺ​នេះ ច្រើនតែ​មានគុណភាព​ការងារ​មានការ​ថយ ចុះ។

ដំបូន្មានរបស់​អ្នកជំនាញ

ចំពោះប្អូនៗ​នៅសិក្សា​ត្រូវឱ្យ​មានពេល​សម្រាក ដូចជា​នៅចុងសប្ដាហ៍ មានថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងម៉ោង​សិក្សាមាន ពេល​ចេញលេង។ ហើយការ​សិក្សាទៀត​សោត ក៏យើងផ្លាស់ប្ដូរ​មុខវិជ្ជាគ្នា ព្រោះគេ​យល់ថា​ភាពដដែលៗ​នាំឱ្យក្មេង​ធុញទ្រាំ។ ទាំងអស់ នេះ ធ្វើដើម្បី​កាត់បន្ថយ​ភាព​តានតឹង។

ការងារ​តម្រូវឱ្យ​មានវិស្សមកាល​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង ដោយផ្លាស់​ប្ដូរ​បរិយាកាស។ អ្នកនៅ​រៀនក៏ដូច​អ្នក​ធ្វើការ ដែរ មួយម៉ោង​យើងត្រូវ​សម្រាក​បន្ដិច។ ក្រុមហ៊ុនខ្លះ ពេលធ្វើការ​បាន១ម៉ោង ឬ១ម៉ោងកន្លះ គេមាន​ម៉ោងសម្រាក​ទៅញុំា​អាហារ៥ នាទី ឬសម្រាក​ជជែកគ្នា​បន្ដិច មិនឱ្យ​មានការ​ប៉ះពាល់​ដល់ម៉ោង​ធ្វើការ​ឡើយ រួចយើង​ត្រូវត្រឡប់​ទៅធ្វើវិញ។ ប្រសិន​បើយើង​អង្គុយ សំកុក​នៅនឹង​តុរហូតដល់​ថ្ងៃត្រង់ ឬពេលល្ងាច​មិនមាន​ពេលចេញ​សម្រាកបន្ដិច​សោះនោះ ច្បាស់ជា​ចៀសមិន​ផុតពីជម្ងឺទេ។

កីឡា និងការហាត់​ប្រាណជា​រឿងសំខាន់ ក្នុងការ​បំបាត់ភាព​តានតឹង បើមិនបាន​ហាត់រាល់​ថ្ងៃ ក៏ក្នុងមួយ​សប្ដាហ៍ត្រូវ​ហាត់ ឱ្យបាន​៣ថ្ងៃដែរ។ ការធ្វើ​សមាធិ និងការស្ដាប់​ភ្លេងជាចំណែក​មួយកាត់​បន្ថយនូវ​ភាពតានតឹង។ ប្រសិនបើ​មានអាការ​ដែលគួរ​ឱ្យ សង្ស័យ លោកអ្នក​គួរតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញជា​បន្ទាន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative