កុមារកម្ពុជា​នៅតែប្រឈម​នឹងបញ្ហាកង្វះ​អាហារូបត្ថម្ភ​គួរឲ្យ​​ព្រុួយ​បារម្ភ​

ទោះបីជាបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារកម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ​​ក៏​បញ្ហា​នេះ​នៅ​តែ​ចោទ​​ជា​បញ្ហា​​ចំពោះ​​សុខភាព​​​​សាធារណៈ​សំរាប់​ប្រទេស​កម្ពុជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​។

3យោង​តាម​ការ​អង្កេត​សុខភាព​​ និង​​ប្រជាសាស្ត្រ​​ក្នុង​​ឆ្នាំ​​២០១៤​​បង្ហាញ​​ថា​​ កង្វះ​​អាហា​រូបត្ថម្ភ​​កុមារ​​ បាន​​ថយ​​ចុះ​​ពី​​៤០​​ភាគរយ​​ នៅ​​ឆ្នាំ​​២០១០​មក​​នៅ​​ត្រឹម​​៣២​​ភាគ​រយ​​នៅ​​ឆ្នាំ​២០១៤​ ប៉ុន្តែ​​ជា​​មួយ​​តួ​លេខ​​នេះ​​គឺ​​មាន​​ន័យ​ថា​​កុមារ​​ម្នាក់​​ក្នុង​​ចំណោម​​បី​​នាក់​​នឹង​​រង​គ្រោះ​​ពី​​ការ​​កង្វះ​​អាហា​រូបត្ថម្ភ​​ ឬ​​រង​​ផល​​ប៉ះ​​ពាល់​​ពី​ភាព​ក្រេះ​ក្រិន​។

ដោយមើលឃើញពីបញ្ហានេះហើយ​ទើប​បាន​​ជា​អង្គការ​ទស្សនៈ​ពិភព​លោក​បើក​យុទ្ធនា​ការ​យុវជន​កម្ពុជា​ «សូម​កុំ​ឈប់​ ត្រឹម​ប៉ុណ្ណឹង​» ​ក្នុង​ការ​បញ្ចប់​បញ្ហា​កង្វះ​អា​ហា​រូបត្ថម្ភ​កុមារ​កាល​ពី​ពេល​ថ្មីៗនេះ​ ដើម្បី​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា​ និង​ពិភព​លោក​កំណត់​នូវ​គោល​ដៅ​ដ៏​ធំ​មួយ​ក្នុង​ការ​បញ្ចប់​អត្រា​ស្លាប់​របស់​កុមារ​។

យុទ្ធនា​ការ​នេះ​មាន​យុវជន​នៅ​កម្ពុជា​ចំនួន​១០​ខេត្ត​ មាន​ព្រះវិហារ​ សៀមរាប​ បន្ទាយមាន​ជ័យ​ បាត់ដំបង​ កំពង់ឆ្នាំ​ តាកែវ​ កំពង់ស្ពឺ​ កំពង់ធំ​ កណ្តាល​ និងរាជធានីភ្នំពេញ កំពុង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​របស់​ខ្លួន​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ ក្រោម​ជាតិ​ឲ្យ​បង្កើន​សកម្មភាព​បន្ថែម​ទៀត​ព្រម​ទាំង​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​ចំនួន​កុមារ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ធ្លាក់​ ចុះ​ដល់​សូន្យ​។

លោក​ ជេសិន អ៊ីវែន​ (Jason Evans) នាយ​ក​អង្គការ​ទស្សនៈ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​និយាយថា​​ «អត្រា​មរណ​ភាព​ កុមារ​មាន​ការ​ថយ​ចុះ​គួ​រឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា​ ដែល​នេះ​ធ្វើ​ឲ្យ​ពួក​យើង​មាន​ការ​ដឹង​គុណ​ខ្លាំង​ណាស់​។ ​ប៉ុន្តែ​បញ្ហា​កង្វះ​ អាហា​រូបត្ថម្ភ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​កុមារ​អាច​ស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​ការ​វិវត្ត​លូត​លាស់​ខាង​ផ្នែក​រាង​កាយ​ និង​ប្រាជ្ញា​ស្មារតី​ ដែល​អាច​មាន​សភាព​ទុន​ខ្សោយ​ហើយ​បណ្តាល​ឲ្យ​គេ​ឆាប់​មាន​ជំងឺ​ផ្សេងៗ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន​»។

លោក ​អ៊ែនឌ្រូ ហាស្សែដ៏​ (Andrew Hassett) នាយក​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ «យើង​នឹង​ពន្លឿន​ ដំណើរ​ការ​បញ្ចប់​បញ្ហា​មរណ​ភាព​របស់​កុមារ​ដែល​ស្លាប់​ពីមូលហេតុ​អាច​បង្ការ​បាន​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាងមុខ​។ យើង​នឹង​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​ជំនួប​កំពូល​ជាមួយ​ថ្នាក់​ដឹកនាំ​ពិភពលោក​នៅ​ឯ​ទី​ស្នាក់​ការកណ្តាល​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​ផ្តោត​ទៅ​លើ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នៅ​ក្រោយ​ឆ្នាំ​ ២០១៥​»។

លោក​បាន​បញ្ជាក់​ថាកម្ពុជា​ដាច់ខាត​ត្រូវ​តែតស៊ូមតិក្នុងការ​ជំរុញ​ឲ្យមានគោល​រួមជា​សកល​ដ៏ខ្លាំង​មួយដែល​ផ្តោត​លើការ​បង្កើន​ ចំណាប់​អារម្មណ៍​ទៅ​លើ​កុមារ​ដែល​ងាយ​ នឹង​រង​គ្រោះ​បំផុត​ ពិសេស​ចំពោះ​កុមារ​ដែល​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់​ធ្ងរ​។

លោក​ ជេសិន​ បាននិយាយថា « នេះ​ជា​ឱកាស​ដ៏ប្រសើរ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បញ្ចេញ​សំឡេង​របស់​ខ្លួន​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ពិភព​លោក​ និង​ថ្នាក់​ដឹក​នាំ​ផ្ទាល់​របស់​ខ្លួន​សម្រាប់​ការ​កំណត់​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ជា​អាទិភាព​»​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative