សមត្ថ​កិច្ច​​រក​ឃើញ​ និ​ង​ដកហូត​ទឹក​ខ្មេះហាមឃាត់ដែលនាំចូល​ពី​ប្រទេស​ថៃ

សមត្ថកិច្ច​ជំនាញចម្រុះ​ខេត្ត​បន្ទាយមានជ័យ​ បាន​រក​ឃើញ និង​ដក​ហូត​ទឹក​ខ្មេះ​នាំ​ចូល​ពី​ប្រទេស​ថៃ​នៅ​ក្នុង​ទីផ្សារ​ខេត្ត​ បន្ទាយ​មានជ័យ ដើម្បី​យក​ទៅ​ដុត​កំទេច​ចោល​ការពារ​ដល់​សុខភាព​ប្រជាពលរដ្ឋ។

Untitledកិច្ច​​ប្រតិ​បត្តិការ​នៃ​​ការ​ចុះ​​ត្រួត​ពិនិត្យ​​ទំនិញ​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​​ ​ថ្ងៃ​ទី​​១៤​ ខែ​​ឧសភា​ ឆ្នាំ​​២០១៥​ នៅ​ផ្សារ​​ចំការ​​គ​ហៅ​​ផ្សារថ្មី  និង​​ផ្សារ​​ហ៊ុយ​​ឡេង​​ជោគ​ជ័យ​​ ដោយ​​បាន​ដក​ហូត​ទឹក​ខ្មេះ​​ហាម​ឃាត់​ដែល​​បាន​ចំ​នួន​​១៨​ដប​ ​ផលិត​​នៅ​ក្នុង​​ប្រទេស​​ថៃ​។

លោក ហុង លៀង អនុប្រធាន​សាខា​កាំ​ង​​កុង​​ត្រូល​​ខេត្ត​​បន្ទាយ​មានជ័យ​បាន​​ប្រាប់​​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​​ជំនាញ​​ចុះ​​ត្រួត​ពិនិត្យ​​ទំនិញ​​ម្ហូប​អាហារ​នៅ​លើ​​ទីផ្សារ​​នេះ​ គឺ​​ក្នុង​​គោល​បំណង​ដើម្បី​​បង្ការ​​ទប់​ស្កាត់​នូវ​​ការ​​ចរាចរណ៍​​ទំនិញ​​គ្មាន​​គុណភាព​ និង​​គ្មាន​​អនាម័យ​ រួម​និង​​ទំនិញ​​ផុត​​កាល​កំណត់​​ប្រើប្រាស់​ គឺ​​ដើម្បី​​ធានា​​ឱ្យ​បាន​​ទាំង​ស្រុង​នូវ​​ទំនិញ​​ម្ហូប​អាហារ​​ដាក់​​លក់​​នៅ​លើ​​ទីផ្សារ​ ក្នុង​​ខេត្ត​​បន្ទាយមានជ័យ​ប្រកប​​ដោយ​​ទំនិញ​​មាន​​គុណភាព​ និង​​អនាម័យ​​ត្រឹមត្រូវ​។ ​ជាង​នេះ​ទៅ​ទៀត​​សមត្ថកិច្ច​​ជំនាញ​ ក៏​​ធ្វើ​​ការ​អប់រំ​​ដល់​​អាជីវករ​ដើម្បី​​បង្កើន​​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់​ក្នុង​​ការ​ដាក់​​លក់​​ទំនិញ​​ម្ហូប​អាហារ​មាន​​គុណភាព​ និង​​អនាម័យ​ ក៏​​ដើម្បី​​ចូល​រួម​​លើក​​កំពស់​សុខភាព​​សាធារណៈ​​ឱ្យ​មាន​ប្រ​សិទ្ធភាព​។

បើ​​តាម​សមត្ថកិច្ច​ជំនាញ​បាន​ឱ្យដឹងថា​ ទឹកខ្មេះ​​នេះ​គេ​ផលិត​ឡើង​ដើម្បី​​ប្រើប្រាស់​​យក​​ទៅ​​ជ្រលក់​​សាច់​​ក្រណាត់​ ហូល​ ផាមួង​ ឱ្យ​​មាន​​សម្រស់​​ភ្លឺ​​តែ​ប៉ុណ្ណោះ​មិន​អាច​​យក​មក​​បរិ​ភោគ​​នោះ​ទេ ​ប្រសិន​​ប្រជាពលរដ្ឋ​​ទិញ​​យក​​ទៅ​​ប្រើប្រាស់​សម្រាប់​​បរិភោគ​ គឺ​​ធ្វើ​ឱ្យ​​ប៉ះពាល់​​សុខភាព​​ធ្ងន់ធ្ងរ​។​ ក្រៅ​ពី​នេះ​សមត្ថកិច្ច​​ធ្វើ​ការ​​ពិនិត្យ​ ​និង​​ដក​ហូត​ ស្ពៃ​​ក្តោប​ និង​​ស្ពៃ​បូកគោ​ ចំនួន​​២​​គំរូ​ដើម្បី​​យក​​ទៅ​​ពិ​សោ​ន៍​នៅ​​មន្ទីរ​ពិសោធន៍​​រាជធានី​​ភ្នំពេញ​។ ​ជាង​នេះ​ទៅ​ទៀត​សមត្ថកិច្ច​​ជំនាញ​​ ក៏​​បាន​​ពិនិត្យ​​ និង​​ដក​ហូត​​សំណាក​​អំបិល​ ១​គំរូ ​ដើម្បី​​យក​​ទៅ​​ពិនិត្យ​​រក​ជាតិ​​អ៊ីយ៉ូត​។

ទន្ទឹម​​នឹង​នោះ​​សមត្ថកិច្ច​​ជំនាញ​ ក៏​ធ្វើ​​ការអប់រំ​ និង​​ឱ្យ​​អាជីវករ​​លក់​​អំបិល​ធ្វើ​​កិច្ចសន្យា​​នូវ​​ការ​​ដាក់​​តាំង​​លក់​​អំបិល​ដែល​​ដាក់​​លាយ​​អ៊ីយ៉ូត​ បើ​សិន​​ថ្ងៃ​ក្រោយ​​សមត្ថកិច្ច​​ចុះ​មក​​ត្រួតពិនិត្យ​​ម្តង​ទៀត​​ហើយ​រក​ឃើញ​​ថា​​អាជីវករ​​ណា​​មិន​​ស្តាប់​តាម​​ការ​ណែនាំ​ និង​​តាម​​អរំ​​របស់​​សមត្ថកិច្ច​​ជំនាញ​​នោះ​​ទេ​ សមត្ថកិច្ច​​នឹង​​អនុវត្ត​​ទៅ​តាម​​ផ្លូវ​ច្បាប់​ ។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative