កីឡាជួយទប់​ស្កាត់ជម្ងឺ​មហារីក

សកម្មភាព​ផ្លូវកាយ ដូចជា​ហាត់ប្រាណ លេងកីឡា​ជាដើម ដែលមាន​រយៈពេល​កន្លះម៉ោងជារៀង​រាល់ថ្ងៃ ជួយកាត់​បន្ថយ​គ្រោះថ្នាក់​បង្កដុំសាច់​មហារីក ជាពិសេស​ពួកមហារីក​ពោះវៀនធំ និងមហារីក​សុដន់។ ផ្ទុយទៅវិញ ការឡើង​ទម្ងន់ និងការធាត់​កន្ដ្រល នាំឱ្យកើត ជម្ងឺមហារីក។ ដូច្នេះ អាវុធ​ដ៏សក្ដិសិទ្ធ​ប្រឆាំង​នឹងជម្ងឺ​មហារីក ស្ថិតនៅ​ក្នុងកណ្ដាប់ដៃ​របស់​លោកអ្នក។ តើលោកអ្នក​គិតយ៉ាងណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ​មួយចំនួន​មានការ​ទទួលទាន​គ្រប់គ្រាន់ ដូចដែល​ធ្លាប់ឮ​ពាក្យលេង​សើច​បែបបន្ដុះ​បង្អាប់ថា “ កាលពី ជំនាន់​ប៉ុលពត យើងស្លាប់​ដោយ​អត់ឃ្លាន តែជំនាន់នេះ​យើងស្លាប់​ដោយស៊ី​ច្រើន ”។ យ៉ាងណាម៉ិញ សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ ទេ ចាប់ផ្ដើម​ធាត់​ទ្រលុក​ទ្រលន់ និងធាត់​កន្ដ្រល។ ការ​ស្រាវជ្រាវ​បានឱ្យ​ដឹងថា ការលើស​ទម្ងន់ និងធាត់ ជាដើមចម​នៃជម្ងឺ​បេះដូង​សរសៃ ឈាម និងជម្ងឺ​ទឹកនោម​ផ្អែម។ បើតាម​ការអង្កេត​ស្រាវជ្រាវថ្មីៗ ដែលធ្វើ​ឡើងនៅ​អឺរ៉ុបឈ្មោះ​អេពិច បានបង្ហាញ​ដែរថា ការលើស​ទម្ងន់ និង ធាត់អាច​បង្កការ​កើតមាន​ជម្ងឺមហារីក​ដែរ។

សកម្មភាព​ផ្លូវកាយ​បង្ការជម្ងឺ​មហារីក

ជាច្រើន​ឆ្នាំមកហើយ អ្នកស្រាវជ្រាវ​មានការ​សង្ស័យថា​សកម្មភាព​ផ្លូវកាយ និងការ​បង្ការ​ជម្ងឺមហារីក មាន​ទំនាក់​ទំនង​រវាងគ្នា។ ក្នុងឱកាស​សន្និបាត​អឺរ៉ុបស្ដី​ពីជម្ងឺមហារីក អឺរ៉ូមហារីក ប្រារព្វ​ធ្វើឡើង​កាលពីខែ​មិថុនា ឆ្នាំ២០០៥ លោកស្រី​វេជ្ជបណ្ឌិត គ្រីស្ទីន ហ្វ្រាយឌែនរិច បានប្រមូល​ផ្ដុំទិន្នន័យ​អង្កេត​អេពីដេមីសាស្ដ្រ​នួន។ លោកស្រី​បានធ្វើការ​សន្និដ្ឋាន​រួមថា អ្នកលេង​កីឡា​ចៀសផុត​ជម្ងឺមហារីក​ពោះវៀនធំ និង មហារីកសុដន់​មក​កម្រិតទាប ហើយកីឡា​ក៏អាច​កាត់បន្ថយ​ជម្ងឺមហារីក​ប្រូស្ដាត មហារីកសួត និងមហារីកស្បូន​បានដែរ។ ស្របគ្នា​ផងដែរ ការលើស​ទម្ងន់អាច​បង្កការ​កើនឡើង​គ្រោះថ្នាក់​មហារីក​ពោះវៀនធំ មហារីក​សុដន់ចំពោះ​ស្ដ្រីអស់រដូវ មហារីកស្បូន មហារីក​តម្រង់នោម និងមហារីក​បំពង់ក។

ការស្រាវជ្រាវ​ជាច្រើន​ផ្ដោតទៅ​លើសកម្មភាព​ផ្លូវកាយ​របស់អ្នក​ជម្ងឺមហារីក ហើយត្រូវ​បានយក​ចិត្ដទុក​ដាក់ជា​ឃ្លាំង។ ការស្រាវ ជ្រាវ​អេពិច ដែលធ្វើ​ទៅលើ​ជនជាតិ​អឺរ៉ុបអាយុ​ពី៣៥ ទៅ៧០ឆ្នាំ ប្រមាណជា​ជាង៥ម៉ឺននាក់ ដែលមាន​សុខភាពល្អ បានធ្វើឡើង​ក្នុងរយៈ​ពេល ៧ឆ្នាំ ទៅលើ​ចំណុច​សំខាន់​ជាច្រើន ដែលមាន​សកម្មភាព​ផ្លូវកាយ​ផងដែរ។ ការប្រៀបធៀប​ទម្លាប់របស់​អ្នកជម្ងឺ ដែលមាន​ជម្ងឺមហារីក និង អ្នកជម្ងឺ​ដែលគ្មាន​ជម្ងឺមហារីក បានទទួល​លទ្ធផលគួរ​ឱ្យភ្ញាក់ផ្អើល។

ការស្រាវជ្រាវ​បំភ្លឺការ​បង្ការ​ជម្ងឺមហារីក

លោកអ្នក​គួរជ្រើសរើស​សកម្មភាព​ផ្លូវកាយ ប្រើកម្លាំង​កាយល្មម ដូចជា​ការដើរ​លឿន ជិះកង់ ឡើងចុះ​ជណ្ដើរ​ដោយជើង ការហាត់ កាយសម្ព័ន្ធ​ជាដើម ឱ្យបានក្នុង​១ថ្ងៃ៣០នាទី ហើយ៥ដង​ក្នុង១សបា្ដហ៍​រឹតតែ​ប្រសើរ។ ស្ដ្រី និងបុរស​ត្រូវរក្សា​កម្រិត​ម៉ាសខ្លួន ឱ្យនៅ​កម្រិតទាប ជាង២៥ ទោះបី​ពេលអស់​រដូវហើយ​ក្ដី។ តាមអង្កេត​នៅអឺរ៉ុប​ដោយឡែក​មួយធ្វើ​នៅឆ្នាំ២០០៣ ទៅលើ​របបចំណី​អាហារដែល​បរិភោគ។ អ្នក ដែលបរិភោគ​ផ្លែឈើ និងបន្លែ​ស្រស់ច្រើន ហើយ​សារធាតុ​អាហារ​ផ្សេងទៀត​បរិភោគ​តិចតួច​បំផុត ដូចជា​សាច់សត្វ សាច់ផាកឡូវ ជាតិស្ករ ខ្លាញ់សត្វ និងស៊ុតសត្វ​ជាដើម អ្នកទាំងនោះ​អាចកាត់​បន្ថយ​ជម្ងឺមហារីក​ផ្លូវរំលាយ​អាហារ (ជាពិសេសពោះវៀនធំ បំពង់អាហារ និងក្រពះ) រហូតដល់​ទៅ៣០%​ឯណោះ។

រហូតមក​ដល់សព្វថ្ងៃ​នេះ មិនទាន់​មានការ​ពន្យល់លម្អិត ចំពោះ​អត្ថប្រយោជន៍​នៃសកម្មភាព​ផ្លូវកាយ និងរបប​អាហារ​នៅឡើយ ទេ។ ប៉ុន្ដែ​មានការ​សន្និដ្ឋាន​ជាច្រើន​បានលើក​ឡើងថា ប្រហែល​ជាមកពី​កត្ដា​បម្រែបម្រួល​អ័រម៉ូន​(អ័រម៉ូនផ្លូវភេទ អ័រម៉ូនមេតាបូលីស)​ការប្រែ ប្រួល​នៃកត្ដា​ធំលូតលាស់ ឬការ​ផ្លាស់ប្ដូរ​មុខងារ​ប្រព័ន្ធ​ការពារ​សព៌ាង្គកាយ។ សព្វថ្ងៃនេះ នៅមាន​ការអង្កេត​ស្រាវជ្រាវ​ដ៏ទៃទៀត កំពុងដាក់ ដំណើរការ ដើម្បីរក​ឱ្យឃើញ​ថាសកម្មភាព​ផ្លូវកាយ​ជួយបង្កើន​ប្រសិទ្ធិភាព​លើការ​ព្យាបាល​ជម្ងឺមហារីក​ដែរ ឬទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លេងកីឡា​រឹតតែច្រើន ជម្ងឺមហារីក​កាន់តែ​ថយចុះ

ទំនាក់​ទំនង​រវាង​សកម្មភាព​ផ្លូវកាយ និងជម្ងឺមហារីក ផ្ដល់អត្ថ​ប្រយោជន៍​ដល់សុខភាព​រាងកាយ គួរឱ្យ​កត់សម្គាល់។ ជារួមសកម្ម ភាពផ្លូវកាយ ទោះបី​ក្នុងរូបភាព​ជីវភាពរស់នៅ សកម្មភាព​ប្រកប​មុខរបរ វិជ្ជាជីវៈ ការកំសាន្ដ​សប្បាយ និងសកម្មភាព​ផ្សេងៗ​នៅផ្ទះ​ជាដើមក្ដី សុទ្ធតែ​អាចជួយ​កាត់បន្ថយការ​កើតជម្ងឺ​មហារីកបាន​យ៉ាងច្រើន ជាពិសេស​ជម្ងឺមហារីក​ពោះវៀនធំ និងជម្ងឺ​មហារីកសុដន់។ តាមការ​ឱ្យដឹង របស់លោក​សាស្ដ្រាចារ្យ មីសែល ប័ររ៉ុង ជានាយក​ស្ថាបនិក​អ៊ឺរ៉ូមហារីក បានបង្ហាញ​ថាក្នុង១ឆ្នាំ ជម្ងឺមហារីក​ពោះវៀនធំ​កើតលើមនុស្ស ប្រមាណជា ៣៦០០០នាក់ រីឯជម្ងឺ​មហារីកសុដន់​កើតលើស្ដ្រី​ជាង ៤០០០០នាក់។

រីឯការ​អង្កេតអេពិច​បានបង្ហាញថា អ្នកដែល​មានសកម្មភាព​ផ្លូវកាយ​យ៉ាងសកម្ម​បំផុតនោះ អាចជួយ​កាត់បន្ថយ​ជម្ងឺមហារីក​ពោះ វៀនធំ បានដល់​ទៅប្រមាណ​ជា២០%។ ផ្ទុយទៅវិញ ទំហំចង្កេះធំ (ក្បាលពោះធំ) អាចបង្កើន​ការកើត​ជម្ងឺមហារីក​ដល់ទៅ៤០% ករណីនេះ ច្រើនតែ​កើតលើ​បុរស។

ស្ដ្រីដែល​ឧស្សាហ៍មាន​សកម្មភាព​ផ្លូវកាយសកម្ម អាចកាត់​បន្ថយការ​កើតជម្ងឺ​មហារីកសុដន់​ដល់ទៅ៣០% ច្រើនជាង​ស្ដ្រីមិនប្រើ កម្លាំង​ពលកម្ម។ ផ្ទុយទៅវិញ ការធាត់កន្ដ្រល​ពេលអស់រដូវ អាចបង្កើន​ការកើត​ជម្ងឺមហារីក​ដល់ទៅជាង​៣០%ឯណោះ។

អ្នកស្រាវជ្រាវ​ហាក់ដូចជា​មានការ​លំបាក​ក្នុងការ​កាត់ផ្ដាច់​សកម្មភាព​ផ្លូវកាយ និងការលើស​ទម្ងន់។ ព្រោះថា​ការលេង​កីឡា អាច ជួយទប់ស្កាត់​ការឡើងទម្ងន់ ដែលជាគីឡូ​ដែលលើស។ ដូច្នេះ លេងកីឡា​អាចឱ្យមាន​ទម្ងន់ខ្លួនថេរ និងចៀសផុត​ពីជម្ងឺមហារីក​មួយចំនួន។ នេះ មិនមែន​ចង់ និយាយថា មនុស្សស្គម​មិនមាន​បញ្ហាអ្វីកើត​ឡើងនោះទេ។ 

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative