នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិបានប្តេជ្ញារួមគ្នាបើកយុទ្ធនាការមួយកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យ។
យុទ្ធនាការកាត់បន្ថយភាពអត់ឃ្លានឱ្យមកដល់សូន្យត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងពិភពលោកតាំងពីខែមិថុនា ឆ្នាំ២០១២ ដោយអំពាវនាវឱ្យមេដឹកនាំពិភពលោកចូលរួមកម្លាំង ក្នុងការបញ្ចប់ភាពអត់ឃ្លាន និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិចេញផ្សាយកាលពី ថ្ងៃទី ១៣ ឧសភាបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាថានឹងធ្វើឱ្យបានសម្រេចតាមផែនការក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតខណៈដែលអត្រានៃភាពអត់ឃ្លាននៅកម្ពុជាឆ្នាំ២០១៤ កន្លងមកមានចំនួន៣២ភាគរយ។
ដើម្បីឱ្យសម្រេចបានតាមគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ អង្គការសហប្រជាជាតិនឹងជួយប្រទេសកម្ពុជារៀបចំផែនការសកម្មភាពជាតិ។ ផែនការសកម្មភាពជាតិនេះនឹងជាវេទិការស្ថាប័នមួយដើម្បីជួយរៀបចំអនុវត្ត និងសម្របសម្រួលវិធានការគោលនយោបាយអាហារូបត្ថម្ភ និងសន្តិសុខស្បៀងដើម្បីជួយដល់ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍នៅទីជនបទ។
លោក José Graziano da Silva អគ្គនាយកនៃអង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាតិ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «យើងទទួលបានការលើកទឹកចិត្តដោយសារការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការកាត់បន្ថយភាពអត់ឃ្លាន។ យើងស្វាគមន៍ដែលប្រទេសកម្ពុជាបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយភាពអត់ឃ្លានដែលបានចាប់ផ្តើមដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។ យុទ្ធនាការនេះមិនមែនជាក្តីស្រម័យទេ។ យើងទាំងអស់គ្នាត្រូវតែឆ្លើយតបក្នុងនាមជាបុគ្គលរដ្ឋាភិបាល និងសហគមន៍អន្តរជាតិឆ្ពោះទៅសម្រេចបានគោលដៅទាំងនេះ»។
សូមតាមដានព័ត៌មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com
អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥