រយៈ​៤ខែ​ឆ្នាំ​នេះ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​សម្លាប់​​មនុស្ស​​៨៨​​នាក់​ និង​​របួស​​២១៤​នាក់​នៅ​​​ភ្នំពេញ​​

មន្ត្រី​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈ​ពេល​៤ខែ​ ឆ្នាំ​២០១៥​ នេះ​​នៅ​ទូ​ទាំង​​រាជ​ធានី​ភ្នំពេញ​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សំលាប់​មនុស្ស​ ស្លាប់៨៨នាក់​ និង​របួស​ធ្ងន់​ស្រាល​ ២១៤​នាក់​។

Untitledលោក​វរសេនីយ៍​ទោ​ ចេវ​ ហាក់​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខា​សា​លា​ស្ដី​ពី​ “គ្រឿង​ស្រវឹង​ និង​វិធាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​” កាល​ពីថ្ងៃ​ទី​១១-១២​ខែ​ឧសភា​​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​បណ្ដាល​មក​ពី​​បើក​បរ​ហួស​លឿន​កំណត់​ ៣២​ភាគរយ​ បើក​បរ​ដោយ​ប្រហែស​ ០.៥២​ភាគរយ​ ស្រវឹង​បើកបរ ​១២​ភាគរយ​ ងងុយ​ដេក​ ០.១៧​ភាគរយ​ ផ្លូវ​ក្រលុក​ ០.១៧​ភាគរយ​ មិន​ប្រកាន់​ស្ដាប់​ ២១​ភាគរយ​ មិន​គោរព​សិទ្ធិ​អាទិភាព​ ៥​ភាគ​រយ​ បើក​បរ​ប្រជែង​ ​៨​ភាគ​រយ​ ខូច​ហ្រ្វាំង​ ១ភាគរយ​ និង​កត្ដា​ផ្សេង​ៗ ​១៣​ភាគរយ​។

លោក​​ វរសេនីយ៍​ទោ​ បាន​បន្ថែម​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ទ្បើង​កាន់​តែ​ខ្ពស់​ទៅៗ​  ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​​ ជាក់​ស្ដែង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ត្រី​មាស​ទី ​១ឆ្នាំ​២០១៥​ នៅ​ទូទាំង​ប្រទេស​មាន​ការ​កើន​ទ្បើង​ ៦១០​នាក់​ បើ​ធៀប​នឹង​ត្រី​មាស​ទី​១​ ឆ្នាំ​២០១៤​ មាន​ត្រឹម​តែ​៥៨៥​នាក់​​តែ​ប៉ុណ្ណោះ​ ហើយ​បើ​គិត​ជា​ភាគរយ​ កើន​ចំនួន​៤​ភាគរយ​”។

លោក​បន្ដ​ទៀត​ថា​ ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​ក្នុង​ត្រី​មាស​ទី​មួយ​ ឆ្នាំ​២០១៥​ មាន​ចំនួន​ ១២៦៤​ករណី​ដែល​ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៤​ ដែល​មាន ​១៣០៦​ករណី​ក៏​ពិត​​មែន​​តែ​​ចំនួន​​អ្នក​ស្លាប់​​​បែរ​​​ជា​​​បាន​កើន​​ទ្បើង​ខ្ពស់​ទៅ​វិញ​នេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​ពេល​ដែល​ពិនិត្យ​ទៅ​ឃើញ​ថា​ មក​ពី​សេព​គ្រឿង​ស្រវឹង​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​។ ​ក្នុង​នោះ​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់​ ចំនួន​៣៧២នាក់​ របួស​ធ្ងន់​​ ៦១០​នាក់​ របួស​ស្រាល​៣១៥​ នាក់​ អ្នក​រួម​ដំណើរ​ ឬ​តាម​ម៉ូតូ​ស្លាប់​ ១១២​នាក់​ របួស​ស្រាល​ ២៦៦​នាក់​។

គួរ​បញ្ជាក់​ថា​ អ្នក​ស្លាប់​ដែល​កើន​ទ្បើង​ខ្ពស់​ជាង​គេ​ ចាប់​ពី​ម៉ោង៧យប់ ដល់​៨យប់​ ក្នុង​នោះ​មាន​៤៩​ភាគ​រយ​ នៃ​អ្នក​ស្លាប់​មាន​អាយុ​ចន្លោះ​ពី​១៥ -២៩​ឆ្នាំ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative