អំពើហិង្សា​ក្នុងគ្រួសារ បំផ្លាញ​សុភមង្គល

អំពើហិង្សា​ក្នុងគ្រួសារ កើតមាន​យ៉ាងច្រើន​នៅក្នុង​សង្គមខ្មែរ។ អំពើហិង្សា​នេះ ផ្ដល់ជា​បច្ច័យអាក្រក់​បំផុតដល់គ្រួសារ និងសង្គមជាតិ ដោយ​បន្សល់ទុក​នូវស្ដ្រី​មេម៉ាយ កូនកំព្រា និងអ្នកមាន​វិបត្ដិ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ។ តើវិបត្ដិ​ក្នុងសង្គម​គ្រួសារ ត្រូវដោះស្រាយ​បែបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

អំពើហិង្សា កើតមាន​ទៅលើ​គ្រប់ស្រទាប់​គ្រួសារ​ទាំងអ្នកមាន ទាំងអ្នកក្រ។ ភាគច្រើន​នៃអ្នករង​គ្រោះច្រើន​តែជាស្ដ្រី ដែលមានភាព​ទន់ខ្សោយ​ជាងបុរស។

មូលហេតុ​នៃអំពើ​ហិង្សាក្នុង​គ្រួសារ

អំពើហិង្សា​ក្នុងគ្រួសារ​កើតឡើង​ពីបញ្ហា​ជាច្រើន ដូចជា​កើតឡើង​ដោយសារ​បុរសជា​ស្វាមីអាង​អំណាច និងប្រើ​សិទ្ធិអំណាច​របស់ ខ្លួនជា​មេគ្រួសារ​គាបសង្កត់​ទៅលើ​ភរិយា។ មានមូលហេតុ​ផ្សេងទៀត កើតឡើង​ដោយសារ​ការផឹកស្រា និងលេងល្បែង​ស៊ីសង។ កត្ដាខ្លះទៀត កើតឡើង ដោយសារ​បុរសមាន​ភាពមិន​ស្មោះត្រង់ កត្ដាជីវភាព​ក្រីក្រពេក លុយកាក់​បែងចែក​មិនត្រឹមត្រូវ​ក្នុងគ្រួសារ ឬភាពអវិជ្ជា។ គ្រួសារ មានជីវភាព​ធូរធា តែមិន​មានភាព​ស្មោះត្រង់ មិនគោរពគ្នា និងមិនយល់​ចិត្ដគ្នា ករណី​បុរសជា​ស្វាមីមាន​ភរិយាថ្មី​ទៀតក៏​ជាដើមហេតុ​នៃអំពើ ហិង្សាដែរ។ គ្រួសារ​ខ្លះទៀត ដោយសារ​ឃើញ​ប្រពន្ធក្រ មិនចេះអក្សរ ឬមិនបាន​រកលុយចូល​ក្នុងគ្រួសារ បុរសជា​ស្វាមីចេះ​តែរករឿង​វាយធ្វើ បាបប្រពន្ធ​ជារឿយៗ។

ផ្ទុយទៅវិញ មានគ្រួសារ​ខ្លះទៀត ប្ដី និងប្រពន្ធ​សុទ្ធសឹង​ជាអ្នក​ចេះដឹង និងជាអ្នក​ធ្វើការ​ដូចគ្នា។ បុរសជា​ប្ដីធ្វើការ​ឋានៈទាប​ជាង ប្រពន្ធ ហេតុអ្វី​បានជាមាន​អំពើហិង្សា ប្ដីវាយ​ប្រពន្ធដែរ? នេះដោយ​សារតែ​ការច្រណែន​ប្រច័ណ្ឌ ដោយឃើញ​ប្រពន្ធខ្លួន​ឯងដើរ​ជាមួយ​មិត្ដភក្ដិ ជាជនជាតិ​បរទេស​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​នៃអំពើហិង្សា​ក្នុងគ្រួសារ

អ្នកដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា​ភាគច្រើន​ជាប្រពន្ធ និងកូន។ ជួនកាល ក៏មាន​បុរសជា​អ្នករង​គ្រោះដែរ ប៉ុន្ដែមាន​ភាគតិច ណាស់។ ការដែល​បុរសរង​គ្រោះនេះ ជួនកាល​ដោយសារ​ភាគីខាងស្រី​ជាអ្នក​មានឋានៈ​ខ្ពស់ជាង។ ភាគី​ខាងស្រី​មើលងាយ ទីបំផុត​ក៏នាំឱ្យ​មាន អំពើហិង្សា និងការលែង​លះគ្នា។

ផលនៃអំពើ​ហិង្សានេះ ធ្វើឱ្យប្ដី​ប្រពន្ធ​លែងលះគ្នា ការប៉ះពាល់​ផ្លូវចិត្ដស្ដ្រី និងកូនៗ។ ស្ដ្រីក្លាយ​ជាស្ដ្រី​មេម៉ាយ រីឯកូន​ក្លាយជា​កុមារ កំព្រា។ កូនប្រុសក្លាយ​ជាអ្នកជក់​គ្រឿងញៀន បង្កផល​វិបាកដល់​សុខភាពខ្លួន និងសង្គម។ កូនស្រីក្លាយ​ជាស្ដ្រីរកស៊ី​ផ្លូវភេទ ឬកើត​មាននូវ​ជម្ងឺ ដែលសង្គម​ស្អប់ខ្ពើម នាំឱ្យខូច​អនាគត។ អ្នករងគ្រោះ​ទោះជា​បុរសក្ដី ជាស្ដ្រីក្ដី នៅពេល​ជួបបញ្ហា​បែបនេះ នាំឱ្យ​មានជម្ងឺ​ប៉ះទង្កិច​ផ្លូវចិត្ដ​យ៉ាង ខ្លាំង បង្កជាជម្ងឺរុំារ៉ៃ កើតទុក្ខ​រីងរ៉ៃ រហូតដល់​អាចស្លាប់​ខ្លួនទៀត​ក៏មាន។

របៀបដោះស្រាយ​អំពើហិង្សា​ក្នុងគ្រួសារ

ប្រសិនបើ​ក្នុងគ្រួសារ​មានជម្លោះ​ជាមួយគ្នា​រាល់ថ្ងៃ រហូតមាន​ការប្រើ​អំពើ​ហិង្សា គឺមានតែ​ឪពុកម្ដាយ សាច់ញ្ញាតិ បងប្អូន ឬអ្នក ជិតខាង​ទេដែល​អាចជួយ​ពួកគេបាន។ ប្រសិនបើ​អ្នកជិត​ខាងមិន​អាចដោះ​ស្រាយបាន គឺមានតែ​រដ្ឋអំណាចទេ ដែលអាច​ជួយដោះស្រាយ​បាន។ ស្ដ្រីជាប្រពន្ធ ត្រូវដាក់​ពាក្យបណ្ដឹង​ទៅតាមភូមិ ឃុំ ឬអង្គការ​សិទ្ធិមនុស្ស និងជួយស្ដ្រី​មានវិបត្ដិ​នានាដែល​អាចជួយបាន។ បើករណី​ធ្ងន់ធ្ងរ សាម៉ីខ្លួន​អាចឈាន​ទៅពឹងពាក់​មេធាវី​ដាក់ពាក្យ​បណ្ដឹងទៅ​តុលាការ។

ការបញ្ចូល​ការអប់រំ​អំពើហិង្សា ទៅក្នុង​សាលារៀន​តាំងពី​ថ្នាក់បឋម​សិក្សាទៅ ក៏ជា​មធ្យោបាយ​មួយក្នុង​ការកាត់​បន្ថយ​អំពើ​ហិង្សា បានខ្លះដែរ។ ព្រោះថា​ចរិកមនុស្ស​ពិបាកកែ​ណាស់ ដូចពាក្យ​ចាស់លោក​តែងពោល​ថា ពត់ឫស្សី​ទាន់នៅខ្ចី ប្រដៅជន​ប្រុសស្រី​ទាន់នៅក្មេង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន​អ្នកមាន​បទពិសោធន៍

ដើម្បីចៀសវាង​អំពើហិង្សា​ក្នុងគ្រួសារ ប្ដី និងប្រពន្ធ ឬគូស្រករ​ថ្មីថ្មោង ដែលទើប​ចាប់ដៃគ្នា ត្រូវចេះ​គោរពគ្នា​ទៅវិញ​ទៅមក មាន ភាពស្មោះត្រង់ ចេះជួយ​គ្នាទៅវិញ​ទៅមក និងមិនត្រូវ​មើល​បំណាំគ្នា។ ប្ដី និងប្រពន្ធ​ត្រូវមាន​ការពិភាក្សាគ្នា។ ដើម្បី​ដោះស្រាយ​បញ្ហាឱ្យបាន ស្រួល ត្រូវចេះ​ស្ដាប់ហេតុផល​គ្នាទៅវិញ​ទៅមក មិនត្រូវ​ប្រើអំពើ​ហិង្សាទេ។ ការស្ដាប់​ហេតុផលគ្នា ធ្វើឱ្យ​យើងមាន​សេចក្ដី​សុខក្នុង​គ្រួសារ ហើយ។

នៅក្នុង​គ្រួសារ ប្រសិនបើ​មានភាគី​ណាម្នាក់ខឹង ភាគីម្នាក់​ទៀតត្រូវ​ចេះអត់ធ្មត់ ទោះបីថា​អ្នកនោះខឹង​ខុសក៏ដោយ ត្រូវទុក​ឱ្យអ្នក នោះនិយាយ​ឱ្យអស់សិន។ នៅពេល​គេរំសាយ​កំហឹងហើយ សឹមយើង​លើកហេតុផល​មកនិយាយ ទើបយើង​អាចដោះស្រាយ​បញ្ហាបាន។ ប្រសិនបើ​ភាគីម្ខាង​កំពុងតែខឹង ហើយភាគី​ម្ខាងទៀត​តបទៅវិញ មានការ​ចង់ឈ្នះ​រៀងខ្លួន មិនដឹងថា​អ្នកណាស្ដាប់​អ្នកណាទេ។

ដូចនេះ ទាំងពីរភាគី​ត្រូវចេះស្ដាប់គ្នា និងចេះអត់​ឱនឱ្យគ្នា​ទៅវិញ​ទៅមក។ យើងម្នាក់ៗ​ត្រូវគិតថា ចិត្ដយើង​មិនដូចចិត្ដ​គេឡើយ ហើយចិត្ដ​គេក៏មិនដូច​ចិត្ដយើងដែរ។ នៅពេល​ដែលយើង​ចង់ឱ្យគេ​ធ្វើតាមយើង គឺយើងត្រូវ​គិតថា ខ្លួនយើង​អាចធ្វើតាម​គេបានដែរ ឬទេ។ ប្រសិន​បើយើង​ពិចារណា​លើចំនុច​ទាំងអស់​នេះបាន គឺអាចកាត់​បន្ថយបញ្ហា​ហិង្សាបាន​មួយចំនួនដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative