ក្នុង​១​ឆ្នាំ​មាន​​ស្ត្រី​​កម្ពុជា​​ស្លាប់​​ប្រមាណ​​ជិត​១០០០​នាក់​​ដោយ​សារ​​ជំងឺ​មហារីក​​មាត់ស្បូន

លោកស្រី​​វេជ្ជបណ្ឌិត​ ​ហាវ​ ​មុនី​រ័ត្ន​​ គ្រូពេទ្យ​​ជំនាញ​​ព្យាបាល​​ជំងឺ​មហារីក​​មាត់ស្បូន​នៅ​មន្ទីរ​​​ ពេទ្យ​​កាល់ម៉ែត​​បាន​មានប្រសាសន៍ថា ​​ក្នុងឆ្នាំៗ​មាន​ស្ត្រី​​កម្ពុជា​​ប្រហែល​១៥០០នាក់​កើត​​ជំងឺមហារីក​​មាត់ស្បូន​ និង​​មាន​អត្រា​​ស្លាប់​ប្រហែល​៦០ភាគរយ​​ស្មើនឹង​៩០០នាក់។

Untitled1លោកស្រី​​បានបន្តថា​ស្ត្រី​កម្ពុជា​​ ប្រឈម​នឹង​ការកើត​ជំងឺមហា រីក​មាត់ស្បូន​ច្រើនជាង​ស្ត្រី​នៅ ក្នុង​ប្រទេស​អាស៊ាន​ទាំង១០ ប្រទេស។

លោកស្រី​វេជ្ជបណ្ឌិត​បានលើក ឡើងបែបនេះ​ នៅក្នុង​ពិធី​រត់​ ម៉ា​រ៉ា​តុង​រ៉ៃ​អង្គាស​ថវិកា​ជួយ​ដល់​ស្ត្រី​មាន​ជំងឺ​មហា​រី​មាត់ ស្បូន​កាលពី​​ ថ្ងៃទី១០ឧសភា ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

នៅ​ប្រទេស​កម្ពុជា​មហារីក​មាត់ស្បូន​ គឺជា​ជំងឺ​ដែល​កើត​ញឹកញាប់បំផុត​លំដាប់​ទី​ពីរ​បន្ទាប់ពី​មហារីក​ដោះក្នុងចំណោម​ស្ត្រី។

យោងតាម​ឯកសារដែលសរសេរដោយ លោកវេជ្ជបណ្ឌិត ងួន សេរ័ត្ន​ បាន​ឲ្យ​ដឹងថា ជំងឺមហារីក​ស្បូនដល់​ទៅ៩៥ភាគរយ​ មានជាប់​ពាក់​ព័​ន្ឋ​នឹង​វត្ត​មាននៃ​វីរុស HPV។ ពពួក​វីរុស HPV នេះ​ជា​មូល ហេតុ​បង្កអោយមាន​ដំបៅ​មាត់ស្បូនដែល​ឈានទៅរក​មហារីក។ ប៉ុន្តែ​វា​នៅមាន​កត្តា​រួមផ្សំ​ជាច្រើន​ទៀត ដែល​ជួយ​ជំរុញ​អោយ​ទៅរក​មហារីកមាត់ស្បូនដូចជា ការរួម​ភេទវ័យក្មេង​ពេក ការ​មាន​ដៃគូ​រួមភេទ​ច្រើន ​ការ​ឆាប់​មានគភ៌នៅ​អាយុ​វ័យក្មេង ការ​មាន កូន​ច្រើន ការជក់បារី កង្វះ​ជាតិ​វីតាមីន រឺ​អ័រម៉ូន ការប្រើ​ថ្នាំ​ពន្យា​កំណើត​ និង​ការឆ្លង​ជំងឺ​កាមរោគផ្សេងៗទៀត។ ស្ត្រី​ដែល​មិនបាន​ពិនិត្យ​មាត់ ស្បូន មាន​ហានិភ័យ​ជាងគេ​បំផុត​ក្នុងការកើត​ជំងឺមហារីក​មាត់ស្បូន​នេះ។ ការពិនិត្យ​មាត់ស្បូន​នេះ​ត្រូវ​បន្តធ្វើ​ទៀត​រៀងរាល់៣ឆ្នាំ​ម្តង​ រហូតដល់​អ្នក​អាយុ៦៥ឆ្នាំ។ វា​នឹង​ក្លាយជា​កំហុសឆ្គង​ ដ៏​គួរអោយ សោកស្តាយ​មួយ​ បើសិនជា​អ្នក​មិនទៅពិនិត្យ​មាត់ស្បូន​ដោយសារ​តែ​ការអៀនខ្មាស់។

ឯកសារ​ដដែល​បាន​បន្តទៀតថា នៅ​ដំណាក់កាល​ត្រៀមកើត​មហារីក​មាត់ស្បូន​គេ​មិនឃើញ​មាន រោគសញ្ញា​អ្វី​ទេ។ ប៉ុន្តែ​នៅ​ដំណាក់កាល​ទីមួយ និង​ទី​ពីរ​នៃ​ជំងឺមហារីក​នោះ​វា​មានការ​ហូរឈាមនៅ​ចន្លោះពេលនៃ​ការ​មក​ឈាមរដូវ។ ដូច្នេះ​នៅពេល​អ្នកមាន​រោគសញ្ញា​នេះ​អ្នក​ត្រូវតែ​ពិនិត្យ​តាមដាន។ អ្នកជំងឺ​ក៏​អាចមាន​ការឈឺចាប់ ឫ​ហូរឈាម​នៅពេល មានការ​រួ​ម​ភេ​ទ​ផងដែរ។

ចំពោះ​ការព្យាបាល​វិញ​ ​នៅក្នុង​ដំណាក់កាល​ត្រៀម​កើត​មហារីក​មាត់ស្បូន​ទាំងអស់​ត្រូវតែទទួល​ការ ព្យាបាល។ ប៉ុន្តែ​មាន​គ្រូពេទ្យ​ខ្លះនៅ​រង់ចាំ​មើល​សិន​ ដោយធ្វើការ​តាមដាន និង​ពិនិត្យ​មាត់ស្បូន។ ការព្យាបាល​នៅ​ដំណាក់កាលនេះ​ទាក់ទងនឹង​ការប្រើ​វិធី​ម្យ៉ាង​ដែល​ភាសាអង់គ្លេស​ហៅថា colposcopy។ Colposcopy គឺជា​ការថតមាត់ស្បូនដោយ​ប្រើ​មីក្រូ​ស្កុប​ពិសេស​ម្យ៉ាងដើម្បីបើក​មាត់ ស្បូន​រកមើល​កោសិកា​មិនធម្មតា។ គេ​អាច​នឹង​ច្រឹប​យក​កោសិកាមាត់ស្បូន​ទៅពិនិត្យរកមើលជំងឺ​មហារ​រីក។ គេ​អាច​នឹង​ព្យាបាល​ដោយប្រកាំ​រស្មី​ឡា​ហ្សែ​រ​ ដើម្បី​បំផ្លាញកោសិកា​ដែល​មិនធម្មតាឫ​វិធី​ព្យាបាល​ធ្វើអោយ​កោសិកាងាប់​ដោយ​ភាព​ត្រជាក់(វិធី​នេះ​គេ​ហៅថា​cryosurgery) ឫ​ក៏​កាត់ចោល កោសិកា​មិនធម្មតា​ដោយវិធី​ម្យ៉ាងដែល​ហៅថា ​diathermy loop excision (DLE)។ គេ​អាចធ្វើ​ការវះ កាត់ដោយ​វិធី​ម្យ៉ាងទៀតក្នុង​បំណង​កាត់ចោល​កោសិកាមាត់ស្បូន​ច្រើនជាង​នេះ។ វិធី​នេះ​គេ​ហៅថា cone biopsyដោយមាន​ការប្រើ​ថ្នាំ​សន្លប់​ផង។ ការព្យាបាល​ដ៏​ពេញលេញ​ចំពោះ​ជម្ងឺមហារីក​មាត់ ស្បូននេះ អាស្រ័យទៅលើ​ដំណាក់កាលនីមួយៗនៃ​ជំងឺមហារីក។ ការព្យាបាល​អាចជាការ​វះកាត់ ឫ​ការប្រើ​កាំរស្មី​ឫ​ក៏​វិធី​ទាំងពីរ​តែម្តង។

ជំងឺមហារីក​មាត់ស្បូន ចំនួន​ពាក់កណ្តាល​ត្រូវបានគេ​ព្យាបាល​ដោយ​កាំរស្មី។ ប៉ុន្តែ​គេ​ចូលចិត្ត​ធ្វើការ​ព្យាបាលដោយ​វះកាត់​តែមួយ​មុខ​ចំពោះស្ត្រី​ដែលមានវ័យក្មេង​ដោយ​បារម្ភអំពី​ផលប៉ះពាល់ ដែល​បណ្តាល​មកពី​ការប្រើ​កាំរស្មី​ទៅលើពោះវៀន និង​មុខងារ​ង​ផ្លូវភេទ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative