សិស្សកម្ពុជា២រូបទទួលបានមេដាយសំរិទ្ធនិងពានរង្វាន់កិត្តិយសក្នុងការប្រលងរូបវិទ្យាអូឡាំព្យាដទ្វីបអាស៊ីលើកទី១៦នៅប្រទេសចិន

សិស្ស​ពូកែ​កម្ពុជា​ចំនួន​២នាក់​ម្នាក់​ទទួល​បាន​មេដាយ​សំរិទ្ធ​ និង​ម្នាក់​ទៀត​ទទួល​បាន​ពាន​កិត្តិយស​ ​ក្នុងការ​ប្រលង​រូប​វិទ្យា អូឡាំព្យាដ​ទ្វីប​អាស៊ី​លើក​ទី១៦​នៅប្រទេស​ចិន​។​ នេះ​ជា​លើក​ដូង​ហើយ​ដែល​សិស្ស​កម្ពុជា​ទទួល​បាន​មេដាយ។

Untitled3លោក​ អ៊ឹង​ ង៉ោហុក​ ប្រធាន​នា​យកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួងអប់រំ​យុវជន​ និង​កីឡា​ដែល​បាន​ទៅ​ទទួល​សិស្ស​ដល់​ព្រលាន​យន្តហោះអន្តរជាតិភ្នំ​ពេញ​កាល​ពី​ល្លាចថ្ងៃទី​១១ ​ឧសភា ​បាន​មាន​ប្រសាសន៍ថា ក្រសួងអប់រំ​បាន​បញ្ជួន​សិស្ស​៥នាក់​ទៅ​ចូល​រួម​ប្រលង​នៅ​ប្រទេស​ចិន ដែលប្រព្រឹត្តិទៅពីថ្ងៃ​ទី​០៣​ ដល់​​ថ្ងៃ​ទី​១១ ​ខែឧសភា ​ឆ្នាំ២០១៥ ​ហើយ​ជា​លទ្ធផល​មាន​សិស្សពូកែ​កម្ពុជា​ចំនួន​ពីរនាក់​ទទួល​បាន​មេដាយ​សំរិទ្ធ​ម្នាក់​ និង​ពានរង្វាន់​កិត្តិយសម្នាក់​គឺប្អូនប្រុស​ ហេង ​សូវីរ៉ូ​ រៀន​នៅវិទ្យាល័យ​បាក់​ទូករាជ​ធានីភ្នំពេញ​ទទួលបាន​មេដាយ​សំរិទ្ធ ​និង​ប្អូនស្រី ​ប្រាក់ ​ស៊ីវហួរ​ រៀន​នៅ​វិទ្យាល័យ​មង្គល​បូរី​ខេត្តបន្ទាយ​មាន​ជ័យ​ទទួល​បានពានកិត្តយស ។

លោកបានបន្តថានេះគឺជាលើកទី១៦ហើយដែលយើងបានបញ្ជួនសិស្សចូលរួមប្រលង ហើយក៏ទើបតែលើកនេះទេដែលទទួលបានមេដាយសំរិទ្ធដែលកន្លងមកមិនដែលទទួលទេ។ លោកបានបន្ថែមថាការដែលមានសិស្សទទួលបានមេដាយដោយសារតែនៅឆ្នាំនេះ យើងបានបំប៉នដល់សិស្សបានពេញលេញ គឺរយៈពេល៦ខែពេញ នៅសាកលវិទ្យាល័យសាកលវិទ្យាល័យភ្នំពេញ។ ម្យ៉ាងទៀតសិស្សដែលបញ្ជួនទៅប្រលងលើកនេះ សុទ្ធតែសំរិតសំរាំងសិស្សជ័យលាភីថ្នាក់ជាតិ។ ជាក់ស្តែងប្អូនប្រុស ហេង សូវីរ៉ូ រៀន និងប្អូនស្រីប្រាក់ស៊ីវហួរក៏ជាសិស្សជ័យលាភីកាលពីប្រលងថ្នាក់ជាតិផងដែរ។ កក្តាមួយទៀត គឺដោយសារតែការខិតខំបង្រៀនរបស់លោកសាស្ត្រាចារ្យ និងសិស្សខ្លួនឯងផ្ទាល់តែម្តង។

បើតាមលោកជ័យចាន់អឿនគ្រូដឹកនាំសិស្សចូលរួមប្រលងលើកនេះបានមានប្រសាសន៍ថា ការប្រលងរូបវិទ្យាអូឡាំព្យាដទ្វីបអាស៊ីលើកទី១៦នៅប្រទេសចិននេះមានប្រទេសចំនួន២៥  ចូលរួមប្រលងដោយមានសិស្សសរុបចំនួន១៨០នាក។ វិញ្ញាសារប្រលងចែកចេញជាពីរផ្នែកគឺផ្នែកទ្រឹស្តីមាន៥ម៉ោង មាន៣លំហាត់ និងផ្នែកពិសោធន៍មាន៥ម៉ោងដូចគ្នា។ចំពោះពិន្ទុដែលទទួលបានមេដាយមាសគឺចំនួន៤៨ពិន្ទុ មេដាយប្រាក់ចាប់ពី៣០ដល់២៦ពិន្ទុ មេដាយសំរិទ្ធក្រោម២៦ដល់២១ពិន្ទុ និងពិន្ទុក្រោម២១ទទួលបានពានកិត្តិយស។ លោកបានបន្តថាក្នុងចំណោមប្រទេសដែលចូលរួមមានតែម្ចាស់ផ្ទះគឺប្រទេសចិនទេដែលបានមេដាយមាសច្រើនជាងគេ គឺមានចំនួន១៦មេដាយ។ តែកម្ពុជាយើងក៏ទទួលបានមេដាយសំរិទ្ធ១​និងពានកិត្តិយស១ផងដែរ។

លោកស្រី​ កឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាដែលបានទៅទទួលសិស្សដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្លាចថ្ងៃទី១១ឧសភា បានមានប្រសាសន៍ថា នេះជាកិត្តិយសដ៏ថ្លៃថ្លារបស់ប្រទេសកម្ពុជាដែលមានសិស្សទទួលបានមេដាយសំរិទ្ធ និងពានរង្វាន់កិត្តិយស។ លោកស្រីបានជំរុញឲ្យសិស្សបន្តជិតខំប្រឹងប្រែងរៀនសូត្រជាបន្តទៀតដើម្បីឈានទៅដណ្តើមបានមេដាយជួនប្រទេសជាតិ។

Untitled4លោក អ៊ឹង ង៉ោហុក បានមានប្រសាសន៍ថា ក្នុងការឈានសំរេចបានជោគជ័យថែមទៀតនោះក្រសួងអប់រំបានមានការជ្រើសរើសសិស្សជ័យលាភីសិស្សពូកែ តាមខេត្តនីមួយៗប្រកបដោយគុណភាពដែលពេលនោះយើងបានសិស្សមានសមត្ថភាពពិតប្រាកដបន្ទាប់យកយកពួកគេមកបំប៉នឲបានពេញលេញគឺរយៈពេល៦ខែ ដើម្បីឲ្យពួកគេបានត្រៀមលក្ខណៈគ្រប់គ្រាន់មុនចេញទៅប្រលង។ បន្ទាប់ជំរុញឲ្យគ្រូយើងបង្ហាត់បង្រៀនសិស្សលើអ្វីដែលសិស្សយើងទៅលើចំណេះដឹងណានៅមានកំរិតដូចជាទៅលើពិសោធន៍ជាដើម។

លោក អ៊ឹង ង៉ោហុក បានបញ្ជាក់ថា ចំពោះមេដាយសំរិទ្ធទទួលបានថវិកាពីរាជរដ្ឋាភិបាល៣លានរៀន រីឯពានរង្វាន់កិត្តិយសវិញមិនមានទាន់មានគោលការណ៍ទេ ប៉ុន្តែក្រសួងបានស្នើសុំគោលការហើយតែទោះជាយ៉ាងណាក្រសួងអប់រំបានធ្វើការអំពាវនាវដល់ឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោកឧកញ៉ាអស់លោកលោកស្រីជាសប្បុរជនសូមចូលរួមផ្តល់ថវិកា ដើម្បីលើកទឹកចិត្តដល់សិស្សយើង។ ជាក់ស្តែងសិស្សពូកែថ្នាក់ជាតិឆ្នាំនេះ ទទួលការឧបត្ថម្ភពីសប្បុរសជនកើនឡើង៣ដងបើធៀបឆ្នាំមុន គឺលុយខ្មែរទទួលបានជាង១១លានរៀល និងដុល្លាទទួលបានជាង៤ពាន់ដុល្លាអាមេរិក។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative