អគារ​​ចក្ខុ​រោគ​មិត្តភាព​​កម្ពុជា‑កូរ៉េ​មានតំលៃ៧​លាន​​ដុល្លា​នឹង​​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី១៣​ឧសភា​នេះ

មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា‑កូរ៉េ ដែលស្ថិតនៅ​ក្នុងបរិវេណមន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ដែលជា​ជំនួយឥតសំណង របស់អង្គការ KOICA នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៥ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋកូរ៉េ​។

9999លោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យ​ព្រះអង្គឌួង​បានមានប្រសាសន៍​ថា​អគារមជ្ឈមណ្ឌល​ចក្ខុរោគមិត្តភាព​កម្ពុជា​កូរ៉េ​នេះ គឺជាជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​សាធារណរដ្ឋកូរ៉េផ្តល់តាមរយៈអង្គការកូយកា។ អគារ​នេះបាន​ចាប់ផ្តើមសាង​សង់កាលពី ថ្ងៃទី២០ខែតុលាឆ្នាំ២០១៣ ដោយចំណាយ​ថវិកា​ចំនួន​៥,៥លានដុល្លាអាមេរិក តែបើបូករួម​ទាំងការ​បណ្តុះ​បណ្តាល​​ទៀតនោះ​គ្រោងចំណាយប្រមាណ ៧លានដុល្លាអាមេរិក។

លោកវេជ្ជបណ្ឌិតបានបន្តថា​ តាមគំរោងរវាងភាគីទាំងពីរ​ដែលបានចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នាអគារ​នេះគ្រោងនឹង​បញ្ចប់នៅ​ចុងខែវិច្ឆិកា តែបើគិតទាំងបំពាក់សម្ភារៈឧបករណ៍ទៀតនោះ គ្រោង​នឹង​សាងសង់ឲ្យរួចរាល់នៅខែមេសាឆ្នាំ២០១៥នេះ ហើយ​នឹងប្រារព្វពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥​ នេះ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។

បើតាមលោកវេជ្ជបណ្ឌិត លូ លីឃាង បានមានប្រសាសន៍ទៀតថា អគារនេះមានតំរូវការពីរ ទី១ផ្តល់​សេវាភ្នែក​ដល់​ប្រជាពលរដ្ឋ​​​ទូទៅ​មានគុណភាពខ្ពស់ស្របតាមស្តង់ដានៅក្នុងតំបន់អាស៊ាន និងទី២មានកិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យមួយនៅកូរ៉េដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សអភិវឌ្ឍន៍ធនធានមនុស្ស និងជួយ​ទ្រទ្រង់​ក្នុងមជ្ឈមណ្ឌលនេះ។

លោកសង្ឃឹមថាមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា‑កូរ៉េនឹងធ្វើឲ្យកម្ពុជាមានសមត្ថភាពកាន់តែប្រសើរ តែមទៀតក្នុង​ការ​លើក​កំពស់គុណភាពការថែទាំផ្នែកជំងឺភ្នែក។

លោក ម៉ៅ ឌី​ណា មន្ត្រី​កម្មវិធីទីភ្នាក់ងារ KOICA ក៏បានចាត់ទុក​មជ្ឈមណ្ឌល​ភ្នែក​ដ៏​ទំនើប​នេះនឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អត្រា​នៃ​ការការពារការពិការភ្នែក និង​សេវា​ថែទាំ​សុខភាព​ភ្នែក​ទូទៅ​សម្រាប់​ប្រជាជន​កម្ពុជា។

បើតាម​លោក ម៉ៅ ឌីណា បានមានប្រសាសន៍ថា​ ចាប់ពី​ឆ្នាំ១៩៩១ រហូតមក​ត្រឹម​ឆ្នាំ ២០១៤ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​​(KOICA)បានផ្តល់​ជំនួយឥតសំណង ១៥៦ លានដុល្លារ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative