មនុស្ស​ចាស់​ក្មេង៥៥​នាក់រង​ការពុល​ទឹកស្រះ​ត្រូវគេ​ដឹកបញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​

Untitledមនុស្ស​ចាស់​ក្មេងចំនួន៥៥​នាក់ កាលពី​ ​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥​​​​​ ​​ ស្រាប់តែ​មាន​អា​ការៈ វិល​មុខ​ក្អួត ច​ង្អោ បន្ទាប់​ពី​អ្នក​ទាំងនោះ​បាន​ប្រើ​ទឹកស្រះមួយកន្លែងស្ថិតនៅ​ក្បែរ​ស្តង់​ដំឡូង​មី​យីហោ ម៉ៅ មិនា ក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

​អ្នក​រង​គ្រោះនៃ​ការពុល​ទឹកស្រះខាងលើ​ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋានបាន​ដឹក​ជញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន។ ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​ក្រុម​គ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា មិន​បង្ក​ឱ្យ​អ្នកណា​ម្នាក់​ស្លាប់​នោះឡើយ ហើយ​ពួកគាត់​ក៏​មាន​អាការៈធូ​ស្បើយឡើងវិញ​ហើយ​ផងដែរ​។​

ជុំវិញ​នៃ​ករណីនេះ បើ​តាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​អធិការនគរបាល​ស្រុក​សាលាក្រៅ​​ ប្រាប់ឱ្យដឹងថា ក្នុងចំណោម​អ្នកពុល​ខាងលើ​សរុបចំនួន៥៥​នាក់ គឺ​មាន​កូនក្មេងចំនួន៧​នាក់ ពួក​គាត់​សុទ្ធតែ​ជាប្រជាជន​ចំណាកស្រុក​មក​រស់នៅ​ក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិនបណ្តោះអាសន្ន​ធ្វើជា​កម្មករ​ដាំដំឡូង​ឱ្យគេ​។​ ​មូលហេតុ​នាំ​ឱ្យ​ពុល​ទឹកស្រះ​ បើតាម​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​មកពីការប្រើប្រាស់​ទឹក​ខ្វះ​អនាម័យ ​និង​ប្រែប្រួល​អាកាសធាតុ​។​

​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ​បាន​ប្រាប់ឱ្យដឹង​ថា បើ​តាម​ការស្រាវជ្រាវបឋម​របស់​អាជ្ញាធរ​ស្រុក​ការពុល​នោះ​ទំនង​ជា​ការប្រើប្រាស់​បាញ់ថ្នាំ​ពុល​ទៅ​លើ​ដំឡូងហើយស្របពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ទឹក​ក៏​ហូរ​ចូល​ស្រះ​នាំ​ថ្នាំពុល​មក​ជាមួយ នៅពេល​ប្រជាពលរដ្ឋយក​ទឹកស្រះ​ទៅ​ទទួលទាន​ក៏​ធ្វើឱ្យពុល​តែម្តង​។ ​លោក​បញ្ជាក់ទៀតថា ករណី​នេះ​អាជ្ញាធរ ស្រុក​កំពុង​តែ​ធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត។​

សូមបញ្ជាក់​ថា​៖ ចំណុច​ស្រះ​ទឹក​ដែល​គេ​សង្ស័យ​ជាដើម​ចម​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ពុល ជា​ចំណុច​នៅក្បែរ​ស្តង់​ទិញ​ដំឡូង​មី​យីហោ ម៉ៅ មិនា គេ​មិន​ទាន់​ដឹងថា​តើ​ការពុល​នេះ​អាច​នឹងជាប់​ពាក់ព័ន្ធ​ និង​ការ​ហូរ​ច្រោះ​ទឹក​ដំឡូង​មី​ចូល​ស្រះ​រឺ​យ៉ាងនោះទេ​ដោយ​គេ​រង់ចាំនៃ​ការស្រាវជ្រា​វ​របស់​អាជ្ញា​ធរ​និង​អង្គភាព​ជាប់​ពាក់ព័ន្ធ​ចុះទៅ​អង្កេត ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative