កម្ពុជាមានឆ្មបសរុបចំនួន៥៤០៧នាក់នៅទូទាំងប្រទេស

ប្រទេស​កម្ពុជា​មាន​ឆ្មប​សរុប​ ​ចំនួន​៥៤០៧នាក់​នៅទូទាំងប្រទេសដែលបាន ​និងកំពុង​រួមចំណែកយ៉ាងសំខាន់ក្នុងការថែរទាំ​សុខភាព មាតាទារក និងកាត់បន្ថយអត្រាស្លាប់របស់ មាតា ទារក និងកុមារ​ផងដែរ។

Untitledយោង​តាម​របាយការណ៍​រ​បស់សមាគម​ឆ្មប​កម្ពុជា​បានឲ្យដឹង​កាលពីពេល​ថ្មីៗនេះថា​ សមាគម​ឆ្មប​ត្រូវ​បាន​បង្កើត​ទ្បើងនៅឆ្នាំ ១៩៩៤ ​និងបាន​ចូលជា​សមាជិកសហព័ន្ឋឆ្មបអន្តរជាតិនៅឆ្នាំ១៩៩៦ ដែលបច្ចុប្បន្នមានសាខាចំនួន៣៣ នៅទូទាំងរាជធានី ខេត្តទាំង២៥​ទូទាំងប្រទេស។ នៅកម្ពុជាមានឆ្មបសរុបចំនួន៥៤០៧នាក់ ក្នុងនោះ​ឆ្មបចំនួន៤១៥៦នាក់បានចូលជាសមាជិកសមាគមឆ្មបកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា សមាគមឆ្មបមានគោល​ដៅចំនួនបីសំខាន់ៗ ទី១ ផ្តល់សេវាថែរទាំឆ្មបឲ្យកាន់តែប្រសើរ សំរា​ប់ស្រ្តី និងកុមារនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតាមសហគមន៍ ទី២ កសាងនិងកែរលំអរបទដ្ឋាននៃការគ្រប់គ្រង និងការអនុវត្តការ​ងារឆ្មបដោយបង្កើនគុណភាពនៃការថែរទាំឲ្យដល់កំរិតខ្ពស់បំផុតសំ​រាប់ស្រ្តី កុមារ ក្រុមគ្រួសារ និងសហគមន៍ និងទី៣ ការពារសិទ្ឋ និង​អភិ​វឌ្ឈន៍តួនាទី និងការទទួលខុសត្រូវរបស់ឆ្មប។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបាន​បង្ហាញថា រៀងរាល់មួយនាទីនៅជុំវិញពិភពលោកយ៉ាង ហោច​ណាស់មានស្រ្តីម្នាក់បានស្លាប់ដោយសារផលវិបាកដែលទាក់ទងទៅនឹងការមានផ្ទៃពោះ និងការសម្រាលកូន។

របាយការណ៍របស់សមាគមឆ្មបកម្ពុជា ក៏បានបង្ហាញឲ្យឃើញ​ពីផលវិបាករបស់ខ្លួនផងដែរដូចជា ឆ្មបខ្លះមិនទាន់បានចូលជាសមាជិកសមាគម ចំណេះដឹងរបស់គណៈកម្មាធិការកណ្តាលមួយចំនួននៅមានកម្រិត គ្មានការិយាល័យ គ្មានបុគ្គលិកប្រចាំការសម្រាប់​សមា​គម និងគ្មានថវិកាផ្ទាល់ខ្លួនសំរាប់ធ្វើសកម្មភាព។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៥

 

 

Google Analytics Alternative