កម្ពុជាគួរតែរៀបចំថ្ងៃបុណ្យអ្នកម្តាយឲ្យបានទំលំទូលាយថែមទៀត

ស្របពេលដែលពិភពលោកបានរៀបចំថ្ងៃបុណ្យទិវាអ្នកម្តាយនោះ ប្រទេសកម្ពុជាក៏បានចូលរួមរំលឹកដល់ថ្ងៃបុណ្យនេះផងដែរតែនៅមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ។

Untitled2លោកស្រីសាស្ត្រាចារ្យមហា បរិញ្ញា ចក ធីតា នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ‑សូវៀតបានមានប្រសាសន៍កាលពី ថ្ងៃទី១១ ឧសភា ថាតាមពិតថ្ងៃបុណ្យទិវាអ្នកម្តាយនេះគឺជាទិវាមួយដ៏ល្អណាស់សំរាប់ប្រទេសកម្ពុជាព្រោះថាខ្មែរយើងមានវប្បធម៏និងប្រពៃណីស្រលាញ់និងដឹងគុណដល់អ្នកមានគុណមានមាតាបិតាជាដើម។ លោកស្រីបានបន្តថាការប្រារព្វទិវានេះដើម្បីជាការក្រើនរំលឹកដល់កូនចៅទាំងឡាយបានដឹងពីគុណូបក្ការៈដ៏ថ្លៃថ្លារបស់អ្នកម្តាយនៅកម្ពុជាក៏ដូចជាអ្នកម្តាយនៅទូទាំងសកលលោក។ ជាងនេះទៅទៀតក៏បង្ហាញពីការរិតចំណងទំនាក់ទំនងរវាងកូន និងអ្នកម្តាយកាន់តែជិតស្និតថែមទៀតពោលគឺបង្ហាញពីការគោរពស្រលាញ់ក្តីមេត្តា និងព្រហ្មវិហាធម៏ដែលអ្នកម្តាយគ្រប់រូបមានចំពោះកូនចៅ និងបង្ហាញពីការគោរពដឹងគុណដែលកូនៗមានទៅលើអ្នកម្តាយវិញផងដែរ។

លោកស្រីបានបន្ថែមថា បើនិយាយការប្រតិបត្តិចំពោះឪពុកម្តាយវិញនៅស្រុកខ្មែរមានវប្បធម៏នេះតាំងពីយូរលង់ណាស់មកហើយខុសពីបរទេសដែលកាលណាគេមានពេញវ័យទៅគេចេះទទួលខុសត្រូវដោយខ្លួនឯង ហើយគេក៏រស់នៅឃ្លាតឆ្ងាយពីផ្ទះ និងឪពុកម្តាយដែលធ្វើឲ្យការទំនាក់ទំនងរវាងឪពុកម្តាយ និងកូនក៏ឃ្លាតឆ្ងាយពីគ្នាដែរ។ ចំណែកនៅស្រុកខ្មែរភាគច្រើនកូនៗតែងតែស្តាប់បង្គាប់ឪពុកម្តាយបើទោះបីជាបច្ចុប្បន្ននេះវប្បធម៏បរទេសបានហូរចូលមកប្រទេសកម្ពុជាធ្វើឲ្យកូនៗមួយចំនួនមិនស្តាប់ដំបូន្មានឪពុកម្តាយក៏ដោយ។​​ លោកស្រីសង្ឃឹមថាការប្រារព្វថ្ងៃបុណ្យទិវាអ្នកម្តាយ​​នេះក៏នឹងធ្វើឲ្យកូនៗមួយចំនួនតូចដែលមិនស្តាប់ដំបូន្មាន និងប្រព្រឹត្តនូវអំពើដែលប្រាសចាកសង្គមនឹងកែប្រែខ្លួនមកជាមនុស្សល្អវិញ។

ជាចុងក្រោយលោកស្រីសាស្ត្រាចារ្យមហាបរិញ្ញា ចក ធីតា បានសំណូមពរឲ្យមានការរៀបចំទិវាអ្នកម្តាយនេះឲ្យបានទូលំទូលាយបន្ថែមទៀតនៅប្រទេសកម្ពុជាយើងដើម្បីក្រើនរំលឹកដល់កូនចៅបានដឹងគុណអ្នកម្តាយ​ ហើយក៏ដើម្បីបង្ហាញពីការគោរពស្រលាញ់ពីកូនៗដល់អ្នកម្តាយវិញដែរ។

គួរបញ្ជាក់ថាថ្ងៃបុណ្យ​ទិវា​អ្នក​ម្ដាយឬ​ហៅ​ជា​ភាសាបរទេស​ថា Mother’s Day គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ពី​គុណ​របស់​អ្នក​ម្ដាយ និង​ដើម្បី​និយាយ​ពី​កិ​ត្ដិ​យស​ព្រមទាំង​បង្ហាញ​សេចក្ដីស្រលាញ់​ចំពោះ​អ្នកម្ដាយ​គ្រប់រូប។​ ​ទិវា​នេះប្រារព្ធ​ឡើង​មុនគេនៅ​សហរដ្ឋអាមេរិក។​ នៅក្នុង​ប្រទេស​កម្ពុជា យុវជន និស្សិត កម្មករ កម្មការិនី នៅថ្ងៃនេះបានបង្ហាញ​ក្តី​ស្រឡាញ់​របស់ខ្លួន និង​ជូនពរ​ចំពោះ​អ្នក​ម្តាយ​របស់​ពួកគេ។ កូនៗដែល​នៅ​ឆ្ងាយ​ពី​អ្នក​ម៉ែ​របស់​ពួកគេ អ្នកខ្លះ​បាន​ទូរ​សព្ទ​ទៅជូន​ពរ​អ្នក​ម្តាយ​ខ្លួន​ពី​ចម្ងាយ។ អ្នក​ខ្លះទៀតបង្ហាញ​អារម្មណ៍​ស្រឡាញ់ ​និង​ជូនពរ​អ្នក​ម្តាយ​របស់​ពួកគេតាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative