បុគ្គលិកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងសប្បុរសជន បរិច្ចាគឈាម

បុគ្គលិកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញជាច្រើននាក់ និងសប្បុរសជននៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នេះបាននាំគ្នាបរិច្ចាគឈាមដោយស្ម័គ្រជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីយកទៅជួយជនរងគ្រោះដែលត្រូវការឈាម ។

Untitledពិធីនេះបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញអគារលេខ៨៨៨ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក សំអាតវង្ស ឃុនថន ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានប្រសាសន៍ថាពិធីបរិច្ចាគ ឈាមនេះ គឺធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតែម្តង ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធី ចម្រើនព្រះជន្មព្រះមហាក្សត្រ។

លោកបានបន្តថាគោលបំណងនៃយុទ្ធនាការផ្តល់ឈាមនេះ ដើម្បីជំរុញលើកទឹកចិត្ដសាធារណជនទាំងអស់ឱ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដកាន់តែច្រើន ដើម្បីក្លាយជាវីរៈជនជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។

លោក សំអាតវង្ស ឃុនថន ក៏អំពាវនាវឱ្យសមាគមថៃដែលកំពុងដំណើរ និងមានវត្ដមាននៅប្រទេស កម្ពុជាក៏ដូចជា សប្បុរសជនទាំងអស់សូមចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្សពីព្រោះការបរិច្ចាគឈាមនេះមិនមែនតែរូបលោក និងបុគ្គលិកនៅមន្ទីរពេទ្យនោះឡើយ គឺត្រូវការគាំទ្រពីសប្បុរសជនទាំងអស់គ្នា ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឲ្យដឹងថា បច្ចុប្បន្នតម្រូវ ការឈាមនៅទូទាំងប្រទេស ក្នុងមួយថ្ងៃមានចំនួនប្រមាណ ១៥០ប្លោក ខណៈរាជធានីភ្នំពេញមានតម្រូវការច្រើនជាងគេ គឺ១០០ប្លោក ជារៀងរាល់ថ្ងៃ។ តម្រូវការឈាមច្រើនគេ គឺជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរ ស្រ្តីសម្រាលកូន ឬអ្នកជំងឺឈាមសស៊ីឈាមក្រហមជាដើម។

លោកបានឲ្យដឹងថា ទោះបីចលនាបរិច្ចាគឈាមកំពុងមានសកម្មភាពផុលផុសយ៉ាងណាក្តី ឈាមទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តនេះជួយជនរងគ្រោះបានត្រឹមតែប្រមាណ ៣៥ភាគរយប៉ុណ្ណោះ ខណៈ៦៥ ភាគរយផ្សេងទៀត ទទួលបានពីក្រុមគ្រួសារ និងសាច់ញាតិ ។

លោក ក៏បានអំពាវនាវ និងលើកចិត្តដល់បណ្តាក្រុមហ៊ុនឯកជននានា ចូលរួមឲ្យបានកាន់តែច្រើនថែមទៀតដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់។ ព្រោះថាការបរិច្ចាគឈាមនេះ ក៏មិនបានបណ្តាលឲ្យប៉ះពាល់ដល់សុខសភាពឡើយ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative