វិធីលាប​បបូរមាត់​ឱ្យបាន​ជាប់ល្អ និងការ​ជ្រើសរើស​ពណ៌ក្រែម

ពណ៌បបូរ​មាត់​ប្រាប់យើង​អំពី​សុខភាព​ខ្លួនរបស់​យើង។ បបូរមាត់​ស្លេកស្លាំង​បញា្ជក់ថា​អ្នកមាន​សុខភាព​មិនល្អ។ ឯបបូរមាត់​មានពណ៌ក្រហម​ព្រឿង បង្ហាញថា​លោកអ្នក​មានសុខភាព​ល្អបរិបូរណ៍។ ដើម្បី​បន្ថែម​សម្រស់​មួយកម្រិត​ទៀត សុភាពនារី​ត្រូវប្រើ​ក្រែម​ដើម្បីជា ជំនួយ​ក្នុងការ​តុបតែង​បបូរមាត់។ ប៉ុន្ដែបញ្ហាគឺស្ថិត​ត្រង់ថា ពេលដែល​អ្នកនាងកញ្ញា​ទទួលទាន​អាហារ ដែលធ្វើ​ឱ្យរលុប​បាត់ស្នាម​ក្រែមដ៏ផូរ ផង់ ហើយវា​ពិតជា​មិនងាយ​ស្រួលប៉ុន្មានទេ​ក្នុងការ​ឆ្លៀតពេល​លាបក្រែម​បន្ថែមពណ៌​ទៀតនោះ។ តើត្រូវធ្វើ​ដូចម្ដេច?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកការ​លាបក្រែម​ពណ៌​បបូរមាត់ ដែលមិន​ត្រឹមតែ​អាចលើក​សម្រស់អ្នក​នាងកញ្ញាកាន់តែស្រស់​ស្អាតទេ ថែមទាំង​អាចឱ្យ​ស្ថិតស្ថេរ​នៅលើ​បបូរមាត់​បានយូរ​ទៀតផង ដោយទទួល​បានការ​ប្រឹក្សា​ពីកញ្ញា លីសុខុន ម៉ារីណា អ្នកជំនាញ ខាងតុបតែង​មុខនៅ​សាពណ៌​បង្ហាញម៉ូត។

សម្រាប់​បបូរមាត់​ធម្មតា

– ជាដំបូង យកម្សៅ​ទ្រនាប់​ស្អិតសម្រាប់​លាបមុខ​ដែលមាន​ពណ៌សាច់ មកលាប​តាមទម្រង់​មាត់នៅ​លើបបូរ​មាត់តែ​ម្ដង ដោយប្រើ ជក់លាប។ ការប្រើ​ម្សៅនេះ គឺដើម្បី​ឱ្យកាន់​តែមាន​ប្រសិទ្ឋិភាព​ក្នុងការ​បញ្ចេញ​ពណ៌ក្រែម និងក៏​ដូចជា​បង្កើន​សម្រស់​បបូរមាត់​តាមបែប សម័យថ្មី ដោយពុំ​ចាំបាច់​ប្រើពណ៌​គូសលើ​រឹមបបូរ​មាត់។

– ប្រើក្រែម​រលោងគ្មាន​ពណ៌មក​លាបស្រាលៗ ដើម្បីផ្ដល់​ភាពសំណើម និងរលោង​ដល់បបូរ​មាត់

– ប្រើពណ៌​លាបលើ​ត្របកភ្នែក​មកលាប​ជាមួយ​នឹងជក់ ដោយជ្រើសរើស​ពណ៌ដែល​យើង​ពេញចិត្ដ ឬអាច​យកក្រែម​ពណ៌ដិត​មកលាប ក៏បាន ព្រោះការ​លាបក្រែម​ពណ៌ដិត​នេះមិនចេញ​ពណ៌ដិត​ដូចពណ៌​របស់វាទេ វានឹង​ចេញពណ៌​ស្រាល​ទៅវិញ។

– ដល់ដំណាក់​កាលនេះ យើងត្រូវ​ជ្រើសរើស​ក្រែមរលោង​លាបពី​លើមួយ​ជាន់ទៀត ដើម្បីឱ្យ​បបូរមាត់​កាន់តែ​លេចពណ៌​ស្រស់ និង រលោង​ផូរផង់។

– សម្រាប់អ្នក​និយមភាព​សិចស៊ី (sexy) ឬលេង​បបូរមាត់​នោះ គេនិយម​យកក្រែម​ពណ៌ក្រហម​ព្រឿងៗ ឬផ្កាឈូក​ខ្ចីមក​លាបផ្នែក ខាងក្នុង​នៃបបូរ​មាត់ក្រោម​ទៀត។

សម្រាប់​បបូរមាត់​ស្ដើង និងតូច

សម្រាប់​បបូរមាត់​ប្រភេទនេះ គេអាច​បន្ថែមនូវ​សិល្បៈក្នុងការ​គូសវាស ដោយប្រើ​ជក់មក​គូសពង្រីក​ឱ្យមើល​ទៅឃើញ​ក្រាស់ និងធំ ជាងទម្រង់​មាត់ពី​ធម្មជាតិ​របស់យើង។ ចំពោះ​ការលាប​ក្រែម គឺធ្វើទៅ​ដូចវិធី​សម្រាប់បបូរ​មាត់ធម្មតា​ផងដែរ។

សម្រាប់បបូរ​មាត់ក្រាស់

សម្រាប់​បបូរមាត់​ក្រាស់ គឺយើង​យកពណ៌​សម្រាប់លាប​លើត្របក​ភ្នែកពណ៌​ត្នោត ឬចំប៉ា​ក្រៀម មកលាប​គូសត្រឹម​តែពាក់​កណ្ដាល បបូរមាត់​ប៉ុណ្ណោះ។ ការជ្រើសរើស​ពណ៌ក្រម៉ៅ​បែបនេះ គឺដើម្បី​បិទបាំង​កម្រាស់​របស់​បបូរមាត់។ បន្ទាប់មក យើងត្រូវ​យកក្រែម​ដែលមាន ពណ៌ភ្លឺៗ ដូចជា​ពណ៌ក្រហមខ្ចី ឬផ្កាឈូកខ្ចី​យកមកលាប​ផ្នែកខាង​ក្នុងនៃ​បបូរមាត់។ ចុងបញ្ចប់ យើងយក​ក្រែមរលោង​គ្មានពណ៌ មកលាបពី លើមួយ​ស្រទាប់​ទៀត។ សម្រាប់​វិធីនេះ គេមិន​ប្រើម្សៅស្អិត​ទ្រនាប់លាប​មុខមកលាប​ពីក្រោម ដែលការ​ធ្វើបែបនេះ មិនបាន​ផ្ដល់នូវ​ស្នាម ក្រែម​ស្ថិតស្ថេរ ដូចវិធី​ប្រើសម្រាប់​បបូរមាត់​ធម្មតាទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការជ្រើសរើស​ពណ៌ក្រែម​ឱ្យស្របទៅ​នឹងសម្លៀក​បំពាក់

ការនិយម​ក្នុងការ​ជ្រើសរើស​ពណ៌ក្រែម​មកលាប​សម្រាប់​សុភាពនារី​យើងសព្វ​ថ្ងៃនេះ មានតែ៥ ទៅ៦ពណ៌ប៉ុណ្ណោះ ដូចជា​ពណ៌ក្រហម ខ្ចី ក្រហមចាស់ ពណ៌ផ្កាឈូកខ្ចី ចាស់ ភ្លឺ ពណ៌ចំប៉ាក្រៀម និងពណ៌ក្បឿង​ជាដើម។ តាមបទ​ពិសោធន៍​របស់កញ្ញា ម៉ារីណា អ្នកនាង​បានកត់ សម្គាល់ថា នៅពេល​ដែលយើង​ស្លៀក​សម្លៀក​បំពាក់​ពណ៌ខៀវ យើងនិយម​ជ្រើសរើស​ក្រែម​បបូរមាត់​ពណ៌ផ្កាឈូក ឬអាចជា​ពណ៌ផ្កាឈូក ចេញពណ៌​រាងស្វាយខ្ចី។ ចំណែក​បបូរមាត់​ពណ៌ក្រហម ឬពណ៌ស្រាល​ផ្សេងៗ ត្រូវនឹង​សម្លៀក​បំពាក់​ពណ៌លឿង។ ចំពោះ​សម្លៀក​បំពាក់ពណ៌ ក្រហម យើងអាច​ប្រើពណ៌​ក្រែមបាន​ច្រើន ដូចជា​ពណ៌ផ្កាឈូកខ្ចី ផ្កាឈូកលាយស្វាយ ផ្កាឈូកលាយ​ពណ៌ក្បឿង ពណ៌ចំប៉ាក្រៀម​ជាដើម។ ឯ សម្លៀក​បំពាក់​ពណ៌ស្វាយ ត្រូវទៅ​នឹងក្រែម​ពណ៌ទឹកក្រូចខ្ចី ឬទឹកក្រូច​លាយផ្កាឈូក។ ចំណែកពណ៌​ក្រែមចុង​ឈូកខ្ចី ត្រូវនឹង​សម្លៀក​បំពាក់ ពណ៌ស៊ីលៀប។

ដំបូន្មាន​អ្នកប្រឹក្សា

ដើម្បីឱ្យ​បបូរមាត់​មាន​សុខភាពល្អ អ្នកនាង​កញ្ញាគួរ​ទទួលទាន​ទឹក បន្លែ និងផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ។ គួរ​ចៀសវាង​ប្រការមួយចំនួន ៖

– ការលិទ្ធ​បបូរមាត់​ញឹកញាប់​ពេក ព្រោះជាតិ​ទឹកអាស៊ីត​នៃទឹកមាត់ អាចធ្វើឱ្យ​បបូរមាត់​ទៅជាស្ងួត និងប្រេះ។

– មិនត្រូវ​ប្រើក្រែម​ហួសកាល​កំណត់។ ចូរចងចាំ​ថាក្រែម​ដែលហួស​ការកំណត់​ប្រើប្រាស់ មានក្លិនខុស​ធម្មតា។

– ចៀសវាង​ការប្រើក្រែម​ដែលស្ងួត​ខ្លាំងពេក ព្រោះក៏អាច​ឱ្យបបូរ​មាត់យើង​ស្ងួត និងប្រេះបាន​ដែរ។

– ចៀសវាង​ការលាប​ក្រែមពេញ​ផ្ទៃបបូរមាត់ ហើយលុប​ចេញភ្លាមៗ​ច្រើនដង​ក្នុងអំឡុង​ពេល​យ៉ាងខ្លី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative