​ក្រសួង​មហាផ្ទៃនឹង​ចាត់វិធានការតាមច្បាប់ចំពោះ​អាជ្ញាធរណាផ្សំគំនិត​ជាមួយ​ជនល្មើសចែកចាយ​ផលិតផល​ ក្លែងក្លាយ​នៅ​ទីផ្សា​កម្ពុជា

នាយ​ឧត្តមសេនីយ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃបានប្រកាសថា នឹង​ធ្វើ​ការដាក់ពិន័យ ឬ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ជាដាច់ខាត​ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងឡាយ​ណា​បាន​បណ្តែត បណ្តោយ និង​ចូលរួម​ផ្សំគំនិត​បំបាត់​ភ័ស្តុតាង និង​បន្ធូ​បន្ថយ​ការដាក់បន្ទុក​ទៅ​លើ​ជនល្មើស​លើ​ការ​ចែកចាយ​ផលិតផល​ក្លែងក្លាយ​នៅ​ទីផ្សា​កម្ពុជា​។​

Untitled1នាយ​ឧត្តមសេនីយ ឯម សំអាន បាន​ថ្លែង​បែបនេះ ​ក្នុង​ពីធី​ប្រកាស​ផ្ទេរ​ភារកិច្ចតែងតាំង​មុខងារ និង​បំពាក់​ឋានន្តរ​សក្ត​ជូន​នាយ​នគរបាលជាន់​ខ្ពស់ ចំនួន៣៧​រូប និង​ប្រគល់​ភារកិច្ចជូន​មន្ត្រី​ជំនាញ​អន្តរក្រសួង ចំនួន១០​រូប នៅក្នុង​ជួរ​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ករ​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម កាលពី​ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភា នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ​។​

នាយ​ឧត្តមសេនីយ ឯម សំអាន មានប្រសាសន៍បន្តថា« គ្រប់​ភ្នាក់ងារ អនុវត្ត​ច្បាប់​ត្រូវ​ធនា​បាន​នូវ​ភ័ស្តុតាង​ថា​រាល់​ផលិតផល​ដែល​ចុះ​ បង្ក្រាប​នោះ​គឺ​ជា​ផលិតផល​ក្លែងក្លាយ​ពិតប្រាកដ និង​ត្រូវ​ជៀសវាង​ដាច់ខាត​លើ​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ណាមួយ ដែល​ធ្វើឲ្យ​ជនល្មើស​រួចផុត​ពី​សំណាញ​ច្បាប់ ហើយ​រាល់​ប្រតិបត្តិការ​ចុះ​បង្ក្រាប បង្ការ​ផលិតផល​ក្លែងក្លាយ​ត្រូវធ្វើ​ការគោរពវិន័យ សីលធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅ​នឹង​ភារកិច្ច​របស់​ខ្លួន​»។​

ពាក់ព័ន្ធ​នឹង​ការ​ចាត់វិធានការ​ទប់ស្កាត់បង្ក្រាប​ទំនិញ​ក្លែងក្លាយ​នោះដែរ នាយ​ឧត្តមសេនីយ ឯម សំអាន បានបញ្ជាក់​ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​នូវ​យន្តការ​ថ្នាក់​ជាតិ​មួយ​ចំនួន​ដូចជា​ការបង្កើត គណកម្មាធិការ​អន្តរក្រសួង​លុបបំបាត់ ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ការបង្កើត​គណកម្មាធិកា​រ​សិទ្ធ​បញ្ញា និងវិទ្យាស្ថាន​ស្តង់ដា​ជាតិ​ជា​ដើម ដែល​យន្តការ​ពេលនេះ​បាន​កំពុងដំណើរការ​យ៉ាងសកម្ម​។

​លោកបានបន្ថែមថា​ជាមួយគ្នា​នោះ​ដែរ យន្តការ​ថ្មី​មួយទៀតក៏​ត្រូវបាន​បង្កើតឡើង​គឺ​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត ផល ​ក្លែងក្លាយ ដែល​បង្ករ​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គមដែល​ដឹកនាំ​ដោយ​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើន​ប្រសិទ្ធភាព និងធានា​ដល់​ការ​ទប់ស្កាត់បង្ក្រាប​ផលិតផល​ក្លែងក្លាយ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​

លោក លី សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃបាន​បញ្ជាក់បន្ថែម​ថា ទន្ទឹម​នឹង​ការបង្កើត​គណកម្មាធិកា​រ​ថ្មី​មួយទៀត​ក្រោម​ការដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ​នោះ​ដែរក្រសួង​ ក៏​បាន​បង្កើត​លេខាធិការ ដ្ឋានមួយ​បន្ថែម​ទៀត​ដែរ ដើម្បី​ជួយ​ទៅដល់​ការសម្របសម្រួល​ទំនាក់ទំនង​អន្តរក្រសួង និង​ដើម្បី​ជួយ​រក​ថវិកា​សម្រាប់​ដំណើរការ​សកម្មភាព​ទប់ស្កាត់បង្ក្រាប​បទល្មើស​លើ​ករណី​ផលិតផល​ក្លែងក្លាយ​នោះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative