ក្រសួងបរិស្ថានចាប់ផ្តើមអនុវត្តគំរោងគ្រប់គ្រងសំណល់រឹងរាវនៅតាមក្រុងចំនួន៥ជាខេត្តទេសចរណ៍

លោក​សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ បាន​មាន​ប្រសាសន៍​ថាក្រសួង​បរិស្ថាន​នឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​គ្រប់គ្រងសំណល់​រឹងរាវ​ នៅ​ក្រុង​ចំនួន​៥​ស្ថិត​​នៅក្នុង​ខេត្តទេសចរណ៍​ដើម្បីលប់បំបាត់​ការបំពុល​បរិស្ថាន​លើកស្ទួយ​សោភ័ណភាពខេត្ត-ក្រុង​ និងសុ​ខភាព​សាធារណៈ។

Untitledលោក​ សាយ ​សំអាល់​ បាន​លើក​ឡើង​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​គម្រោង វិនិយោគ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ ​ស្ថានីយ​សម្អាតទឹកស្អាត និងការ​ច្នៃ​សំណល់​រឹង​កាលពី ​ល្ងាច​ថ្ងៃទី ៧​ឧសភា​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្តថា ​ក្រសួង​នឹង​ប្រកាស​ចាប់​ផ្តើម​អនុវត្តគម្រោង​គ្រប់គ្រង​សំណល់​រឹងរាវ​ចាប់​ពីពេល​នេះទៅ​នៅក្រុងភ្នំពេញ ក្រុងព្រះសីហនុ​ កោះកុង ​កំពត ​និង​ក្រុងកែប​។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការអនុវត្តផែនការគ្រប់គ្រងកាកសំណល់នេះ សំដៅបង្កើនបរិស្ថានទីក្រុងប្រកបដោយ បរិយាកាសល្អប្រសើរ ដើម្បីចូលរួមក្នុងផែនការការប្រឡងប្រណាំងទីក្រុងស្អាតក្នុងក្របខណ្ឌប្រទេស កម្ពុជា និងអាស៊ានខាងមុខ។ លោក សៅ សុភាព ទីប្រឹក្សាក្រសួងបរិស្ថាន និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ការគ្រប់គ្រងសំណល់រឹងរាវ នៅតំបន់គោលដៅខេត្តទាំង៥ នេះគឺធ្វើឡើងតាមរយៈការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានប្រព័ន្ធលូ សម្រាប់បង្ហូរកាកសំណល់ ទឹកកខ្វក់ ស្ថានីយសម្អាតទឹកស្អាតការច្នៃសំណល់រឹង និងការរៀបចំកន្លែងសម្រាប់ទុកដាក់សំរាមជាដើមដោយប្រើប្រាស់ថវិកាវិភាជពីរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ពីមូលហេតុដែលក្រសួងបរិស្ថានជ្រើសរើសក្រុងចំនួន៥នេះ ដោយសារ ខេត្ត-ក្រុងទាំងនេះជា ខេត្តទេសចរណ៍ ធ្វើឲ្យមានការបង្កផលប៉ះពាល់ខាងសោភណ្ឌភាព និងខាងបរិស្ថានដូចជាការបង្ហូរទឹកកខ្វក់ចូលក្នុងបឹង ទន្លេសមុទ្រជាដើម ដោយមិនបានឆ្លងកាត់ការចម្រុះ កាត់បន្ថយ ជាតិពុលដែលនាំឲ្យបង្កើតជាមេរោគចម្លងមាន ខ្លិនសាយភាយបង្កប៉ះពាល់ សុខភាព សាធារណៈ។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងទម្លាក់ថវិកា៥លានដុល្លារ ក្នុងឆ្នាំ២០១៥ នេះដោយថវិកា៥០ភាគរយ ត្រូវបែងចែកក្នុងទំហំស្មើៗគ្នាសម្រាប់ រដ្ឋបាលក្រុង គោលដៅទីប្រជុំជន ចំនួន២៦ហើយ៥០ភាគរយទៀតបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង គោលដៅនីមួយៗដើម្បីចាប់ផ្តើមគ្រប់គ្រងបញ្ហាសំរាមនៅថ្នាក់ ក្រោមជាតិ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៥

 

 

Google Analytics Alternative