ករណីពុលនំបញ្ចុកនៅខេត្តកំពង់ចាមសង្ស័យបណ្តាលមកពីសិប្បកម្មផលិត

គិតត្រឹម​ម៉ោង៤.៤៥នាទី​ល្ងាចនេះ​ ចំ​នួនអ្នកពុល​នំបញ្ចុក​នៅស្រុក​បាធាយ ​ខេត្ត​កំពង់ចាម​ បានកើន​ទ្បើងដល់​​១០៩នាក់ហើយ​ ដែលមូលហេតុ​នៃការពុល​នេះត្រូវ​គេបន្ទោស​ទៅលើ​សិប្ប​កម្មផលិត​នំគ្មាន​អនាម័យ​ត្រឹមត្រូវ។

Untitledលោក​វេជ្ជបណ្ឌិតលី ​សុវណ្ណប្រធាននា​យកដ្ឋាន​ប្រយុទ្ឋជំងឺឆ្លង ​និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានថ្លែង​ឲ្យ​ដឹង​នៅល្ងាច​ថ្ងៃទី៨ ឧសភានេះ​ថារហូតមកទល់ពេលនេះមិនមានអ្នក ពុល នំណាម្នាក់បានរងគ្រោះដល់អាយុជីវិតនោះទេ ព្រោះក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរទាំ និងជួយសង្រ្គោះក្រុមប្រជាជនរងគ្រោះទាន់ពេលវេលា។ លោកបានដាក់ការសង្ស័យមូលហេតុនៃការពុលនេះថា បណ្តាលមកពីសិប្បកម្មផលិតនំបញ្ចុកធ្វើមិនស្អាត និងមិនមានស្តង់ដាអនាម័យត្រឹមត្រូវ។

បើតាមលោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន ស្នងការនគបាលខេត្តកំពង់ចាមបានឲ្យដឹងថា អ្នកពុលនំបញ្ចុកទាំងនោះស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ពួកគេកំពុងបានជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។

ជាមួយគ្នានេះលោកស្រី ស៊ី វ៉ាន់ថា អភិបាលរងខេត្តកំពង់ចាមក៏បានចុះសួរសុខទុក្ខ និងចែកអំណោយ ជួយដល់ជនរងគ្រោះក្នុងម្នាក់ៗចំនួន៤០ ០០០រៀលផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative