នាយករងមូលនិ​ធិ FES​របស់​អាឡឺម៉ង់​មក​ស្វែងយល់​ពី វិស័យ​ការងារ​នៅ កម្ពុជា

លោក Michael Sommer នាយករង​មូលនិធិ Friedrich-Ebert Stiftung (FES) កាលពី​ថ្ងៃទី៧ឧសភា​ឆ្នាំ២០១៥ បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បីស្វែងយល់​ពីការវិវឌ្ឍ​នៃ​វិស័យ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ។

Untitled3ជាការ​ឆ្លើយតប លោក អ៊ិត សំហេង បាន​ជំរាប​ជួន​ភ្ញៀវឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ដល់​សុខទុក្ខ​កម្មករនិយោជិត រាជរដ្ឋាភិបាល បាន​បង្កើតឱ្យមាន​ក្រុមប្រឹក្សា​ការងារ ហៅ​កាត់​ថា LAC ដែលមាន​លក្ខណៈ​ត្រីភាគី ពោលគឺ​មានតំណាង​ខាង​រដ្ឋាភិបាល តំណាង​ខាង​និយោជក និង​តំណាង​ខាង​សហជីព។ ការកំណត់​ប្រាក់​ឈ្នួល​នេះទៀតសោធ បាន​ពឹង​ផ្អែកលើ​រូបមន្ត និង​ទិន្នន័យ​ផ្លូវការ ច្បាស់លាស់ ក្រោម​ការជួយជ្រោមជ្រែង ឧបត្ថម្ភ​ទាំង​ថវិកា និង​ជំនួយ​បច្ចេកទេស​ពីអង្គការ​​​ ILO។ រហូតមកដល់​ពេលនេះ ការកំណត់​ប្រាក់​ឈ្នួល ផែ្ន​ក​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង បាន​ឡើងដល់ ១២៨ដុល្លា ​អាមេរិក ហើយ​ការប្រជុំ​ពិភាក្សា ដើម្បី​កំណត់​ប្រាក់​ឈ្នួល​នេះ គឺត្រូវធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ផងដែរ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ទន្ទឹមនឹង​ការកំណត់​ប្រាក់​ឈ្នួល រដ្ឋាភិបាល​កម្ពុជា ក៏បាន​គិតពី​ការធ្វើឱ្យមាន​ភាព ប្រសើរឡើង​ចំពោះ លក្ខខណ្ឌ​ការងារ។ កម្ពុជា​បាន​ទទួលយក​គម្រោង រោងចក្រ​កាន់តែ​ប្រសើរ BFC របស់​អង្គការ​អន្តរជាតិ​ILO។ កម្ពុជា​ក៏បានផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​របស់ ​ILO ចំនួន១៣ ពាក់ព័ន្ធ​វិស័យ​ការងារ ដែលមាន​អនុសញ្ញា​គោល​សំខាន់​ចំនួន។ កម្ពុជា​ក៏បាន​ខិតខំ​បង្កើត និង​ស្វែងរក​ទីផ្សារការងារ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើតឱ្យមាន​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ទីផ្សារ​ក្រៅ​ស្រុក​ជាដើម។ ជាមួយគ្នានេះ «យើង​ក៏បាន​បង្កើត ឱ្យមាន​ការការពារ សិទ្ធិសេរីភាព របស់​ពលករ​ទេសន្តរប្រវេសន៍ ដោយបាន​បង្កើត ឱ្យមាន​គណៈកម្មការ​ផ្តល់ ភាពស្របច្បាប់ និង​ទីប្រឹក្សា​ការងារ​អម​ស្ថានទូត ជាដើម ដើម្បី​ចាំ​ជួយ​សម្របសម្រួល និង​ការពារ​បងប្អូន​ពលក​រ​ខ្មែរ​ធ្វើការ​នៅ​ទីនោះ»។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា បច្ចុប្បន្ន ក្រសួង​កំពុង​ទទួលបន្ទុក​រៀប​ចំ សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដើម្បី​ដាក់ជូន​សភា​ស្នើសុំ​ការអនុម័ត។ ច្បាប់​ស្តីពី​សហជីព​នេះ ត្រូវបាន​គោរព​ទៅតាម​អនុសញ្ញា​លេខ ៨៧ របស់​អង្គការ​ ILO ស្តីពី​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​មានការ​ជួយឧបត្ថម្ភ ផ្នែក​បច្ចេកទេស ពី​អង្គការ ​ILO ទៀតផង។ ទោះជា​មានការ​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល ឈានដល់​មាន​ភាព​តានតឹង ព្រោះ​វា​មានការ​ផ្សាភ្ជាប់ ជាមួយ​នយោបាយ​ក្រោយពេល​បោះឆ្នោត កន្លងមក​នៅ​ចុងឆ្នាំ២០១៣ និង​ដើមឆ្នាំ២០១៤ ក៏​កម្ពុជា​បាន​ព្យាយាម​ដោះស្រាយបាន​យ៉ាង​ល្អប្រសើរ ធ្វើឱ្យ​ស្ថាន​ការវិល​មករក​ភាពជា​ប្រក្រតី​វិញ។

លោក Michael បាន​មានប្រសាសន៍ជំរាបជួនលោករដ្ឋមន្ត្រីថា មូលនិធិ​FES បាន​ជួយ​អាស៊ី ពាក់ព័ន្ធ​ការសិក្សា​ស្រាវជ្រាវ​អំពី “ច្បាប់​ការងារ និង​ការអនុវត្ត នៅក្នុង​អាស៊ាន” ដែលមាន​ចំនួន២វគ្គ វគ្គ​ទី១ក៏ត្រូវ​បានបញ្ចប់ ហើយ​យើង​កំពុង សិក្សា​ស្រាវជ្រាវ​សម្រាប់​វគ្គ​ទី។លោក​បន្តថា កម្ពុជា និង​អាឡឺម៉ង់ មាន​ប្រវត្តិ​ស្រដៀង​គ្នា គឺ​ការអភិវឌ្ឍ​ចាប់ផ្តើម​ពី​ចំណុច​លំបាក​ដូចគ្នា “វា​មិន​ងាយ​ទេ ដែល​អភិវឌ្ឍ​ប្រទេសមួយ ឱ្យ​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​នោះ ពោលគឺ​យើង​ត្រូវការ​ពេលវេលា​ដើរសន្សឹមៗ ដើម្បី​ធ្វើឱ្យមាន​និរន្ត​ភាព យើង​មិន​អាចឈាន មួយ​ជំហាន​ឱ្យមាន ការរីកចំរើន​ភ្លាម​នោះទេ។លោក Michael ក៏បាន​រំលឹក​កម្ពុជា អំពី​ផលិតភាព​ការងារ គុណភាព និង​សេវាកម្ម លើ​ផ្នែក​វាយ​ន​ភណ្ឌ ដើម្បី​ជាការ​ទាក់ទាញ់​វិនិយោគ និង​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់។

លោក Michael បាន​មានប្រសាសន៍ថា លោក​យល់ច្បាស់​អំពី​ការងារ ដែល​ស្មុគស្មាញ​ទាំងនេះ ព្រោះ​លោក ក៏​មិន​ខុសគ្នា​ជាមួយ លោក​រដ្ឋមន្ត្រី​ដែរ គឺ​សុទ្ធ​តែមាន​ពិសោធន៍ និង​ប្រវត្តិ​ចេញពី​ការងារ​សហជីព​ប្រហែល ២០ឆ្នាំ ដូចគ្នា។ លោក Michael ក៏បាន​បន្តទៀតថា លោក ចង់​ជួយ​ការងារ​សហជីព​នៅ​កម្ពុជា​ឱ្យមាន​ភាពរឹងមាំ ជា​ប្រព័ន្ធ​សហជីព​បែប​ទំនើប ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative