កម្ពុជាប្រារពទិវាឆ្មបជាមួយនឹងការលើកស្ទួយតួនាទីឆ្មបកាន់តែច្រើនជាងមុន

ប្រទេសកម្ពុជា​បានចូលរួម​ជាមួយប្រទេស​ជុំវិញពិភពលោក ដើម្បីប្រារព​ទិវាឆ្មបជាតិប្រចាំឆ្នាំ ​ដែលជាការ​បង្ហាញឲ្យឃើញ ពីការ​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ចំពោះ​តូនាទីឆ្មប ព្រោះតួនាទី​របស់ពួកគេ​មាន​សារៈ​សំខាន់ណាស់​ក្នុងការ​កាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និងកុមារ។

Untitled1លោកស្រី​សាស្រ្តាចារ្យ​ទុង រដ្ឋាវី​ ប្រធាន​មជ្ឈមណ្ឌលជាតិ​គំពារមាតានិងទា​រកនៃ​ក្រសួង​សុខាភិបាល​ បានថ្លែង​ក្នុងពិធី​បើកទិវា​ឆ្មបនៅ​សណ្ឋាគារ​ភ្នំពេញ​នាព្រឹកថ្ងៃទី៦​ ឧសភា នេះថាឆ្មប​បានផ្តល់ការ​អាណិត​ស្រលាញ់​ដល់មាតា​ទារក និងកុមារ​ និងគ្រួសារ ​ដែលពួកគេ​ថែរទាំមុន​ពេកមានគ៌ភ​ពេលកំពុង​មានគ៌ភនិងក្រោ​យ​ពេលសម្រាលកូន។​ នៅកម្ពុជា​និយមន័យ​នៃឆ្មបសំដៅ​ដល់ គឺ​សំដៅដល់ឆ្មប​​មានសញ្ញា​បត្របឋម​ មធ្យម ​ថ្នាក់បរិញ្ញាបត្រ ​និងគិលានុបដ្ឋាក​ដែលបានទទួល​ការ​បំពាក់បំប៉ន​បន្ថែម និងវេជ្ជបណ្ឌិត​ដែលមាន​ជំនាញផ្នែកសម្ភព។

លោកស្រី​បន្តថា “ការងារឆ្មប​ជាការងារ​យកចិត្តទុកដាក់ ​និងលើកកំពស់​សុខភាពស្រ្តី​ជាមាតា ​និងទារក ដែលសម្តេចតេជោ​បានផ្តល់ប្រាក់លើកទឹកចិត្ត​ដល់ឆ្មបដែលបាន​ថែរទាំស្រ្តី​ចាប់តាំងពី​ពេលមានគ៌ភ​ រហូតដល់​ពេ​លសម្រាលកូន​រួចដោយសុវត្ថិភាព”។​​លោកស្រីបន្ត​ថា “ឆ្មបជាភ្នាក់ងារ​ដ៏សំខាន់​នៃសេវា​សុខភាព ពង្រឹងនិងពង្រីកបណ្តាញ​ឆ្មបថ្នាក់ជាតិ​ ដោយសហការ​យ៉ាងជិត​ស្និទ្ឋជាមួយ​សហព័ន្ឋឆ្មបអន្តរជាតិ និងពង្រីក​ទំនាក់ទំនង​ជាមួយមន្រ្តីសុខាភិបាល​ ដែលធ្វើការងារ​ទាក់ទងនឹងវិស័យនេះ”។

លោក​វេជ្ជបណ្ឌិត Derveeuw Marc G.L ប្រធាន​អង្គការសហប្រជាតិ​សំរាប់សុខភាព​ប្រជាជន(UNFPA)បានថ្លែងថាសម្រាប់ទីភ្នាក់ងារ​សហប្រជាជន​​ដើម្បីសុខភាព​ប្រជាជន​ ទិវាឆ្មបជាតិ គឺជាការរួបរួមគ្នា​ និងសម្តែង​សាមគ្គីភាព​ជា​មួយឆ្មប នៅ​លើពិភព លោក ហើយយើងអរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជាដែល​បាន​គាំទ្រ និងបាន​ផ្តល់ប្រាក់លើក​ទឹកចិត្ត​ដល់ឆ្មបនិងបានបំពាក់​បំប៉ន​ចំនេះដឹង​និងបំនិនដល់ពួកគេ។ លោកបន្តថា​នៅកម្ពុជា​គ្រប់មណ្ឌល​សុខភាព​ទាំងអស់​មាន​ ឆ្មបបឋមម្នាក់ ហើយក្នុង​ចំណោម​មណ្ឌលសុខភាព ​ទាំងនោះ​ មានមណ្ឌល​​សុខភាព​ ៨០ភាគរយ មាន​ឆ្មបកម្រិតមធ្យម។

លោកបន្ត​​ថា “ការថែរទាំ​ប្រកប​ដោយ​គុណភាព​ ​គឺជាសិទ្ឋិ​មនុស្សមួយ​ ​ដូច្នេះ​​ការ​មានឆ្ម​ប​នៅតាមមូលដ្ឋាន​​សុខាភិបាល​​គ្រប់គ្រាន់​ពិតជាប្រសើរ​ណាស់​ ព្រោះឆ្មប​​ដើរតួនាទី​​លើសពីការ​​សម្រាលកូន​ ​ហើយពួក​គេបាន​ដើរ​តួនាទី​ជាអ្នកអប់រំ​ ​ការថែរ​ទាំមុននិងក្រោយ​​សម្រាលផង​ដែរ”។លោកបន្ត​ថា “ចាប់តាំង​ពីខ្ញុំមកកម្ពុជា​ ខ្ញុំ​ឃើញមាន​វឌ្ឈនៈភាព​ជាច្រើននៅ​ទីនេះ និង​ក្នុងវិស័យ​សុខាភិបាល​តែយើង​នៅមា​នការងារ​ជាច្រើនទៀត​ដែលត្រូវ​ធ្វើ​រួមគ្នា”។

លោក​វេជ្ជបណ្ឌិត​​ ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​បានអាន​នូវសារ​​លិខិតរបស់​សម្តេចកិត្តិ​ព្រឹទ្ឋបណ្ឌិតប៊ុន​ រ៉ានី ហ៊ុន សែនប្រធាន​កាកបាតក្រហម​កម្ពុជា​ និង​ជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ ​នៃផែនការ​សកម្មភាព​រួមអគ្គលេខា​ធិការអង្គ​ការសហប្រជាជាតិ​​ដើម្បីសុខភាពស្រ្តី​ និងកុមារ​ ដែលសារលិខិត​នោះបានលើ​កទ្បើងថាយោងតាមលទ្ឋផល​បឋមនៃ​ការអង្កេត​ប្រជាសាស្រ្ត​ និងសុខភាព​ឆ្នាំ២០១៤  បានបង្ហាញថា ​៩៥ភាគរយនៃ​ស្រ្តីមានគ៌ភបានមកពិនិត្យ​ផ្ទៃពោះជាមួ​យ​ឆ្មបជំនាញ ៨៣​ភាគ​រយ បានមកសម្រាលកូន​នៅមន្ទីរ​ពេទ្យនិង​មណ្ឌលសុខភាព​ និង៨៨ភាគរយ ​បានទទួល​ការពិនិត្យ​ក្រោយការសម្រាលកូនរួច។​អត្រាព​ន្យាកំណើត​បានកើនទ្បើង​ពី៣៥ភាគរយ​ ដល់៣៩ភាគរយ​ក្នុងចន្លោះ​ឆ្នាំ២០១០​ និងឆ្នាំ២០១៤។

Untitledសារលិខិត​របស់សម្តេច បានសង្កត់​ធ្ងន់ថា“​នេះជា​ជោគជ័យដែល​កើតទ្បើង​ពីការខិតខំប្រឹង​ប្រែងឥតងាករេ ​និងឥតឈប់ឈររបស់​រាជរដ្ឋាភិបាល​ ​លោក​លោកស្រី​ បងប្អូន​ ​ក្មួយៗ​ក្រុមឆ្មប​ជំនាញ​​ទាំងអស់​​ដើម្បី​ប្រជាពលរដ្ឋ​​និង​​ជាតិមាតុភូមិ”។

លោក​​វេជ្ជបណ្ឌិត​ ​ម៉ម ប៊ុនហេង​​ បានបន្ត​​ដោយលើកសារ​​របស់សម្តេច​​បន្តថា​ថ្ងៃ​នេះ​យើងទាំង​អស់​គ្នា​អបអរសាទ​រ​ទិវាឆ្មបជាតិ​ជាមួយនឹង​ទិវាឆ្មប​អន្តរជាតិ៥ ​ឧសភា ​ទូទាំង​សាកល​លោក ក្រោម​ប្រធាន​បទ “ឆ្មបដើម្បីថ្ងៃស្អែក​ដ៏ប្រសើរ”។ យើង​ទាំងអស់​គ្នាប្តេជ្ញា​ធ្វើសកម្មភាព​ជាច្រើន ដើម្បីធានាថាស្រ្តីគ្រប់រូបសម្រាលកូនដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។ប្រទេសកម្ពុជានឹងបោះ ជំហ៊ានទៅមុខជាមួយប្រទេសទាំងអស់ក្នុងតំបន់ ដើម្បីឆ្លងគោលដៅអភិវឌ្ឈន៍សហសវត្សរ៍ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឈន៍ថ្មីគឺគោលដៅអភិវឌ្ឈន៍ប្រកប​ដោយចីរភាព។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative