មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រមូល​ឈាម​បាន​ជិត២ម៉ឺន​ប្លោក​ក្នុង​រយៈពេល៤ខែ​ឆ្នាំ២០១៥

មន្ត្រីជាន់ខ្ពស់​​នៃ​មជ្ឈមណ្ឌល​​ជាតិ​ផ្តល់​ឈាម​​ បានឱ្យដឹងថា​​នៅក្នុង​រយៈពេល​៤ខែ​ឆ្នាំនេះ​ មជ្ឈមណ្ឌល​ជាតិ​​ផ្តល់​ឈាម​ប្រមូល​បានអំណោយ​​ឈាម​ជិត២ម៉ឺន​ប្លោក​​នៅ​ទូទាំងប្រទេសក្នុងនោះ រាជធានី​​ភ្នំពេញ​ប្រមូលបាន​​ប្រមាណ​១ម៉ឺន​ប្លោក។

Untitled1លោក​​​វេជ្ជ​បណ្ឌិត​ ​​លោក​​ហុក​​គឹម​ចេង​​​​​ប្រធាន​​មជ្ឈមណ្ឌល​​​​ជាតិ​ផ្តល់​ឈាម​​​បាន​​មានប្រសាសន៍​ថា​​ ចំនួន​នេះ​​បើ​ធ្វើការ​​ប្រៀបធៀប​​ទៅនឹង​រយៈកាល​៤​ខែ​​​ដូចគ្នា​កាល​ពី​ឆ្នាំមុន​​​ឃើញថា ​មាន​កើនឡើង​ប្រមាណ​៥ភាគរយ​។លោក​បាន​​​បន្តថា​ចំនួន​អ្នក​​បរិច្ចាគ ឈាម​​ស្ម័គ្រចិត្ត​​​នៅ​​ប្រទេស​​​កម្ពុជាបាន​កើន​ឡើង​ពី​​៣៥ភាគរយ​ ទៅជិត​​៤០ភាគរយ ​ហើយ​តាម​ផែនការ​​នៅ​ដំណាច់​​ឆ្នាំ២០១៥នេះ​​​ នឹង​សម្រេច​ឱ្យបា​ន​៥០ភាគរយ។

ទោះ​យ៉ាងណា​​ក៏​ដោយ​​​ លោក​វេជ្ជបណ្ឌិត​​​ហុក​គឹម​ចេង​​​បាន​លើកឡើង​​ថា​យុទ្ធនាការ​​ក្នុងការ​​ប្រមូល​​​អំណោយ​ឈាម​​​ដោយ​ស្ម័គ្រចិត្ត​​​នេះ​មាន​​បញ្ហា​​ប្រឈម​​មួយចំនួន​​គឺ​ថា​ការលំបាក​​​ចម្បង​នោះ​​​គឺ​ប្រជាជន​​​មិនទាន់មាន​កា​រយល់ដឹង​​ទូលំទូលាយ​​​ និង​ចូលរួម​​ពេញលេញ​​ពី​​គ្រប់​ស្ថាប័ន​​ទាំង រដ្ឋ ​​និង​ឯកជន​​ និង​​នៅតែ​មាន​ការ​យល់ច្រឡំថា​​ ការផ្តល់​​ឈាម​ប៉ះពាល់​​ដល់​សុខភាព ​​និង​មិនមាន​តម្លាភាព។លោក​បាន​​បញ្ជាក់​ថា​​ការប្រើប្រាស់​​ឈាម​​ដែល​​បានមកពី​​​សប្បុរសជន​​គឺ​មាន​តម្លាភាព​​ និង​មិនមាន​​​អំពើពុករលួយ​ណា​មួយ​ទេ​​ហើយ​​ការបរិច្ចាគ​ឈាម​ក៏​​មិន​ប៉ះពាល់​សុខភាព​ដែរ។

លោក​វេជ្ជបណ្ឌិត​​បាន​​មាន​ប្រសាសន៍ថា​​​ ឈាម​ប្រមាណ​ជាង​​១៥០ប្លោក​ត្រូវកា​រ​​សង្គ្រោះ​ជីវិត​ជា​​​រៀងរាល់ថ្ងៃ​​នៅ​ទូទាំងប្រទេស។ អំណោយ​ឈា​ម​​បានមកពី​ការ​បរិច្ចាគ​របស់​​សប្បុរ​សជន​​សម្រាប់​​យកទៅ​​​ប្រើ​ប្រាស់​​​ដើម្បី​ជួយ​ជ​នរង​គ្រោះ​​ដោយ​គ្រោះថ្នាក់​​​ចរាចរណ៍​​​អ្នកមាន​​ជំងឺ​​សម្រាក​​មន្ទីរ​ពេទ្យ​​ត្រូវការ​​ឈាម​​ចាំបាច់​​ស្ត្រី​ឆ្លងទន្លេ​​​ពិបាកវះកាត់​ និ​ង​អ្នកមាន​ជំងឺ​ខ្វះ​ឈាម។

លោក​​វេជ្ជបណ្ឌិត​​​បានលើកឡើង​​​ថា ​អំណោយ​​ឈាម​​ដោយ​​ស្ម័គ្រចិត្ត​​ពី​សប្បុរសជន​​​ទាំងអស់​គ្នា​​​គឺ​ពិត​ជា​អាច​ធានា​​​នូវ​ការផ្គត់​ផ្គង់​ឈាម​​មាន​សុវត្ថិភាព​​​គ្រប់គ្រាន់​​ទាន់ពេល​​វេលា​ដល់​​​គ្រប់​អ្នកជំងឺ។​​ដូច្នេះ​លោក​សូម​អំពាវ​នាវ​​ឱ្យ​មាន​​ការចូលរួម​​បរិច្ចាគ​ឈាម​​ដោយ​​ស្ម័គ្រចិត្ត​​ពី​​ប្រជាពលរដ្ឋ​ ព្រះសង្ឃ​​​ និស្សិត​ និង​​​មាន​សហការ​​ ពី​ស្ថាប័នរដ្ឋ​​​ និង​ឯកជន​​ដើម្បី​លើកកម្ពស់​​វប្បធម៌​នៃ​ការ​បរិច្ចាគ​ឈាម។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative