ខ្យល់កន្ត្រាក់​សម្លាប់មនុស្ស៥នាក់​របួស៣៩នាក់​ និងបំផ្លាញលំនៅដ្ឋាន​រាប់ពាន់ខ្នង​ក្នុងរយៈពេល៤ខែ

នៅក្នុងរយៈពេល​៤ខែក្នុងឆ្នាំ២០១៥នេះ ខ្យល់កន្ត្រាក់បាន​កើតឡើងចំនួន៤២​លើកបណ្តាលឲ្យ​មនុស្សស្លាប់​ចំនួន៥នាក់ រងរបួសចំនួន​៣៩នាក់ និងប៉ះពាល់ផ្ទះសំបែង​របស់ប្រជាពលរដ្ឋ​មានចំនួនប្រមាណ​ជាង២ពាន់ខ្នងនៅទូទាំងប្រទស។

ខ្យល់កន្ត្រាក់​សម្លាប់មនុស្ស៥នាក់​របួស៣៩នាក់​ និងបំផ្លាញលំនៅដ្ឋាន​រាប់ពាន់ខ្នង​ក្នុងរយៈពេល៤ខែ

បើតាមលោក កែង វី មន្ត្រីអ្នកនាំពាក្យ​នៃគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ បានឲ្យដឹង ថា រយៈពេល ៤ខែក្នុងឆ្នាំ២០១៥នេះប្រទេសកម្ពុជា​ទទួលរងគ្រោះ​ដោយបាតុភូតភ្លៀង  និង ខ្យល់កន្ត្រាក់កើតឡើង​ចំនួន៤២លើកនៅក្នុង ខេត្ត-ក្រុងចំនួន២០បណ្តាលធ្វើឲ្យមនុស្សចំនួន៥ នាក់ស្លាប់ និង ៣៩នាក់ទៀតរង របួស។លើសពីនេះ បានបង្កការខូចខាត លំនៅស្ថានពល រដ្ឋទាំងស្រុងមានចំនួន ៤៥៨ខ្នងក្នុងនោះខូចខាតមធ្យមមានចំនួន ជិត២ពាន់ខ្នង រួមទាំងសាលារៀន និង អគារផ្សេងៗមានចំនួន១១អគារ។

លោកបន្តឲ្យដឹងទៀតថា ក្នុងអំឡុងពេលហេតុការណ៏ដែល កើតឡើងនោះគឺអាជ្ញាធរនៅតាម មូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះបឋមដល់ពលរដ្ឋដែលទទួល រងគ្រោះឲ្យមាន សុវត្ថិភាពមានទីជម្រកជាមុនបន្ទាប់មកសាខាកាកបាទក្រហមថ្នាក់ជាតិ នឹងជួយដោះ ស្រាយនៅពេលក្រោយ បន្តបន្ទាប់ទៀត។

លោកបានបញ្ជាក់ឲ្យដឹង ថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានសាខាកាកបាទក្រហម និង អាជ្ញាធរខេត្តបានជួយឧបត្ថម្ភជូនជនរងគ្រោះបន្ថែមបន្ទាន់ជាចាំបាច់ ដូចជាសំពត់តង់របស់ប្រើប្រាស់ ផ្សេងៗគ្រឿងឧបភោគបរិភោគដែលជាជំហានជួយសង្គ្រោះបឋមដើម្បីឲ្យពួកគាត់មានទីជម្រកសមរម្យជាមុនហើយថ្នាក់ជាតិនឹងចុះជួយដោះស្រាយនៅតាមក្រោយជាមួយសប្បុរសជនបន្ថែមទៀត។ លោកបានបន្ថែមឲ្យដឹងទៀតថាខ្យល់កន្ត្រាក់បានកើតឡើងនេះខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេគឺខេត្តកំពង់ចាម កំពង់ធំ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងខេត្ត ឧត្តរមានជ័យ។

នៅ​ឆ្នាំ​ ២០១៤ ខ្យល់​ព្យុះ​បាន​សម្លាប់​មនុស្ស​ចំនួន​៩​នាក់ និង​៤​នាក់​ទៀត​រងរបួស គឺ​ថយ​ចុះ​ជិត​បួន​ដង​បើ​ធៀប​ឆ្នាំ​ ២០១៣ ដែល​មាន​អ្នក​ស្លាប់​រហូត​ដល់​៣៥​នាក់ និង​របួស​១៣៦ នាក់។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងថា ក្នុងខែមេសា និងខែឧសភានេះមានភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយពីកម្រិតតិចទៅបង្គួរ ដែលក្នុងនោះ មានលាយឡំទៅ ដោយខ្យល់កន្រ្តាក់ ផ្គររន្ទះមានកើតឡើងច្រើននៅក្នុងនោះដែរ។ ដូច្នេះដើម្បីជាវិធានការការពារគ្រោះថ្នាក់នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នបន្ថែមទៀតទៅលើបាតុភូតគ្រោះធម្មជាតិនេះ ដោយកុំចេញក្រៅផ្ទះ  ឬ កាន់ឧបករណ៍ ចម្លងអគ្គិសនី ពិសេស ទូរស័ព្ទដៃនៅក្នុងពេលមេឃកំពុងភ្លៀង ខ្យល់ខ្លាំង និងមានផ្គរផ្លេកបន្ទោរហើយប្រជានេសាទក៏កុំចេញ ទៅនេសាទតាមសមុទ្រដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative