មានកម្មករចំនួន៣៥២នាក់ស្លាប់រយៈពេល៥ឆ្នាំក្នុងវិស័យការងារនៅកម្ពុជា

តាម​របាយ​ការ​ណ៏​​របស់​បេឡា​ជាតិ​​របប​សន្តិសុខ​សង្គម​បានឲ្យដឹងថា​ចាប់តាំងពី​​ឆ្នាំ ២០០៩ រហូត​ដល់​ឆ្នាំ​ ២០១៤​មានគ្រោះថ្នាក់​​ការងារ ​ចំនួន​ ៦៤,៣១៣​ករណី ស្លាប់​ចំនួន​ ៣៥២នាក់​ក្នុងនោះគ្រោះថ្នាក់​​ការងារ​ក្នុង​​វិស័យ​កាត់ដេរ​​សម្លៀកបំពាក់​ចំនួន​ ៤៦៥៦០ករណី​និងចំណាយ​ថវិកា​​សរុប​ចំនួន​ ២៧៦៤៩៥៩៣៤១១រៀល។

Untitled3ក្នុងចំណោម​​គ្រោះថ្នាក់​​នៃ​ប្រភេទ​សហគ្រាស​​ទាំងអស់នោះ​​វិស័យ​កាត់ដេរ​​សម្លៀកបំពាក់​និង​ស្បែកជើង​​មាន​ករណី​​គ្រោះថ្នាក់​ការងារ​​ឈានមុខ​គេ​ ។ របាយការណ៍​ដដែលនោះ​បានបញ្ជាក់ថា​ជាក់ស្តែងកាល ក្នុង​​ឆ្នាំ ២០១៤​មាន​កម្មករ​​និយោជិត​៤៧៣៧  ​នាក់ បាន​​ទទួល​រងគ្រោះ ​ដោយសារ​គ្រោះថ្នាក់​​ចរាចរណ៍ ​ក្នុង​នោះ​ស្លាប់​ចំនួន​ ៧៣ នាក់​ ​របួស​ធ្ងន់​ចំនួន​​៧៨៩ នាក់ និង​​របួស​ស្រាល​​មាន​ចំនួន​ដល់​ទៅ​​៣៨៧៥ នាក់​។​ក្នុង​ចំណោម​​គ្រោះថ្នាក់​ទាំងនេះ​ គឺ​កម្មករ​និយោជិត​​ប្រើប្រាស់​ម៉ូតូ​​មាន​ចំនួន​​២៦៦៩ ករណី​​រថយន្ត​ចំនួន​​៣៤៨ ករណី​ រ៉ឺម៉ក​ចំនួន​ ៥២ ករណី​ ព្រមទាំង​​មធ្យោបាយ​​ផ្សេងៗ មាន​ចំនួន​ ៣១ ករណី។

ចំនួន​នេះ​ បើ​ប្រៀបធៀប​​ឆ្នាំ ២០១៣ ​មាន​ការ​ថយចុះ​​ចំនួន ៣៦ ករណី​ តែ​ជនរងគ្រោះ​​សរុប​មាន​ការ​​កើនឡើង​ចំនួន​ ៤៣ នាក់ ស្លាប់​មាន​ការ​កើនឡើង​​៦ នាក់​របួស​ធ្ងន់​កើនឡើង​ ៦០ នាក់​និង​របួស​ស្រាល​​ថយចុះ​ចំនួន ៣២ នាក់។

បេឡា​ជាតិ​ របប​សន្តិសុខ​​សង្គម​មាន​ចំនួ​ន​កម្មករ​និយោជិត​​ដែល​ចូល​ជា​​សមាជិក​របស់​ខ្លួន​​ចំនួន​រហូត​ដល់​ទៅ​​ ៤១៩ ៧៦៥ នាក់​។

លោក ជាវ ប៊ុនរិទ្ធ​ ប្រធាន​ការិយាល័យ​​គោលនយោបាយ ​នៃ​បេឡាជាតិ​រ​បប​សន្តិសុខ​​សង្គម បាន​ឲ្យ​ដឹង​ថា​​​ ​មូលហេតុ​ដែល​បណ្តាលឲ្យ​កម្ម​ករ​និយោជិត​​គ្រោះថ្នាក់​ចរាចរណ៍​​ពេល​ធ្វើ​ដំណើរ គឺ​បណ្តាល​មកពី​​អ្នកបើកបរ​តាម​បណ្តា​​​រោងចក្រ​ដោយ​ភាគច្រើន​​មិន​មាន​ប័ណ្ណ​ បើកបរ។ លោក​បន្ត​ថា​«យើង​ឃើញ​ថា​​ពួកគាត់​ជា​អ្នក​បើកបរ​​អត់​ព្រម​ប្រឡង​យក​ប័ណ្ណ​​បើកបរ​ទេ អ៊ីចឹង​យើង​មាន​​គម្រោង​ជាមួយ​​ក្រសួង​សាធារណការ​​ក្រសួង​មហាផ្ទៃ​​បង្រៀន​គាត់​ ​និង​រៀបចំ​ប្រឡង​​យក​ប័ណ្ណ​បើកបរ​​នៅ​រោងចក្រ​តែ​ម្តង»។

របាយការណ៍​​ដដែល បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៤​ ក្នុង​ចំណោម​អ្នក​បើកបរ​​ចំនួន ១៦០០ នាក់​​មាន​អ្នក​មាន​ប័ណ្ណ​បើកបរ​​តែ ៧៨៦ នាក់​​ប៉ុណ្ណោះ​គឺ​ស្មើ​​នឹង​ ៤៩,២១​%​។ ចំណែក​យានយន្ត​​ដឹក​កម្មករ ដែល​មាន​ស្លាក​លេខ​​ត្រឹមត្រូវ មាន​ចំនួន ​១១៣៣ យានយន្ត ​និង​មិន​ទាន់​មាន​​ស្លាក​លេខ​មាន​​៤៦៧ យានយន្ត។

យោងតាម​របាយ​ការ​ណ៏​​របស់​អង្គការ​អន្តរជាតិ​​ខាង​ការងារ (ILO)​ បានបង្ហាញ​ ថា​ ជា​រៀងរាល់ឆ្នាំ​ កម្មករ-កម្មការិនី​​ប្រហែល ២,៣៤ លាន​នាក់​​បាន​ស្លាប់ និង ៣១៧លាន​នាក់​ បានទទួល​រងគ្រោះថ្នាក់​​ការងារ​ដែល​បណ្តាល​អោយ​ខាតបង់​​ថវិកា​ប្រហែល៤ភាគរយ​​នៃ​កំណើន​ផលិតផល​​ក្នុងស្រុក(ផលទុន​សរុប​GDP)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative