ជំងឺក្រពះ​និងពោះវៀនតូច​អាចបណ្តាល​ឲ្យស្លាប់​បាន បើព្យាបាលមិន​ទាន់ពេល​

ជំងឺដំបៅក្រពះ​ និងដំបៅពោះវៀន​តូចជា​ប្រភេទជំងឺ​ ដែលអ្នក​ជំនាញ​វេជ្ជ​សាស្រ្តចាត់​ទុកជា​ជំងឺធ្ងន់ធ្ងរមួយ​ ព្រោះប្រសិន​បើ​អ្នក​ជំងឺនេះ​ មិនទទួល​ការព្យា​បា​ល​ត្រឹម​ត្រូវ​ វាអាចសម្លាប់​អ្នកជំងឺបាន។​

11186452_469610443202574_2142717953_nលោកវេជ្ជបណ្ឌិត នី ថា រួមឯកទេសជំងឺថ្លើម​ ក្រពះ​ និង​ពោះវៀនដែល​បាន​បញ្ចប់​​ការ​សិក្សា​​មកពី​ប្រទេសបារាំង ​និងបច្ចុប្បន្នកំពុង​បម្រើ​ការងារ​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ​ ​សូវៀត​បាន​ថ្លែង​​ឲ្យគេហទំព័រ​សុខភាពកម្ពុជា​ ដឹង​នៅរសៀលថ្ងៃទី២៩​​មេសានេះថា ​ជំងឺក្រពះ​និងពោះវៀន​តូចមាន​ច្រើនប្រភេទ​ តែជំងឺក្រពះ​ដែល​យើង​ឧស្សាហ៍​ជួបញឹកញាប់ជាងគេ​ គឺជំងឺ​ដំបៅក្រពះ​ ដែលមានមូលហេតុ​មកពី​មេរោគ​ម្យ៉ាងឈ្មោះ​HP និង​បណ្តាល​មកពីការប្រើប្រាស់​ថ្នាំ​ប្រភេទ​​បំបាត់​ហើម​ ​ជាំ ហួសកម្រិត​ ដែល​ជាក្រុម​ឱ​សថ​គេឲ្យឈ្មោះថា INS។​

រោគសញ្ញារបស់ជំងឺនេះ

បើយោង​តាមលោក​វេជ្ជបណ្ឌិតនី ថារួមបាន​ឲ្យដឹងថា​ ជំងឺ​ដំបៅក្រពះ​និង​ពោះវៀនតូច​ មានរោគសញ្ញាដូចជា ​ឈឺចុងដង្ហើម ​ឈឺនៅពេលញុំា​អាហារ ​និងជួនកាលញុំា​អាហាររួច​បាត់​ឈឺមួយរយៈ ​ហើយក្រោយមក​ក៏​ឈឺ​ទ្បើងវិញ ដែលធ្វើ​ឲ្យអ្នក​ជំងឺមាន​ការយល់​ច្រទ្បំផងដែរ។​ ជំងឺនេះជួន​កាលគ្មាន​រោគសញ្ញាទ្បើយ​ ដែលធ្វើ​ឲ្យអ្នកជំងឺ​មិនដឹងខ្លួន​ថា​បាន​កើតជំងឺ​នេះនោះទេ។​

ផល​វិបាក​របស់អ្នក​ជំងឺនេះ​

អ្នកឯក​ទេសរូប​នេះបាន​ថ្លែងថា​ ប្រសិនជាមិន​ទទួលការ​ព្យាបាលត្រឹម​ត្រូវ​ អ្នកជំងឺនេះអាច​មានផលវិបាក​ធ្ងន់ធ្ងរដូចជា​ ធ្លាយក្រពះ​ ដែលតម្រូវ​ឲ្យអ្នកជំងឺ​ត្រូវ​វះកាត់​ ជំងឺនេះអាច​វិវត្តន៍ទៅជាជំងឺមហារីក មានហូរឈាមតាមមាត់ និងលាមកខ្មៅនៅពេលបន្ទោរបង់ចេញមក។

វិធីសាស្រ្តនៃការធ្វើរោគវិនិច្ឆ័យ

ជំងឺដំបៅក្រពះ​ និងដំបៅពោះ​វៀន​តូចក៏​អាចជាសះ​ស្បើយ​ទ្បើងវិញ​ដោយ​មិន​ចាំបាច់ព្យាបាល​ផងដែរ​ តែដោយសារ​បច្ចេកវិទ្យា​ធ្វើរោគ​វិនិច្ឆ័យ​មានភាព​ជឿន​លឿន ​និងការព្យាបាល​ជាសះ​ស្បើយ​ទាន់ពេល​វេលា​ គេមិនទុក​ជំងឺនេះ​មិន​ព្យាបាល​នោះទេ​ ព្រោះបច្ចុប្បន្ន​ម៉ាស៊ីន​ឆ្លុះរក​ដំបៅក្រពះ​ គឺអាចមើលឃើញ​ដំបៅ​ ពិតប្រាកដ​ ប្រសិនជា​អ្នកជំងឺ​មាន​ដំបៅ​ក្រពះ​ពិតប្រាកដមែន។​

គ្រូពេទ្យអាចផ្តល់​ការព្យាបាល​តាមរោគសញ្ញា​ និងការ​វិនិច្ឆ័យ​ជំងឺបាន​ទាន់​​ពេលវេលា​ ជាជាងទុក​ឲ្យជា​ដោយ​ឯកឯង​ ព្រោះអត្រា​នៃការជាសះ​ស្បើយ​ដោយ​ឯកឯងមានភាគ​រយតិចតួច។​

ក្រុមប្រឈមមុខនឹងជំងឺនេះ

លោកវេជ្ជបណ្ឌិតនី ​ថារួមបាន​ឲ្យដឹង​ទៀតថា​​ ជំងឺនេះ​កើតលើ​មនុស្សគ្រប់​​វ័យ​ តែអ្នក​ប្រឈមមុខ​នឹងជំងឺនេះ​ច្រើនជាងគេ​ ច្រើនជា​ក្រុម​មនុស្សវ័យ​ចំណាស់​ ដោយសារពួក​គាត់និយមប្រើថ្នាំ​បំបាត់​ការឈឺ​សន្លាក់ច្រើន​ ពិសេសការ​ប្រើប្រាស់​ ពពួកក្រុមៈ​ឱសថINS​ ដែលជា​ប្រភេទ​ឱសថ​បណ្តាល​ឲ្យកើត​ជំងឺដំបៅក្រពះ​ និង​ដំបៅ​ពោះវៀនតូច។​

សូមតាមដានព័ត៌មាន​លម្អិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative