ខែមេសានេះ ថៃ​​បានបញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​​ទៅ​កាប់​​ឈើ​ខុស​ច្បាប់​​មក​វិញជាង​៨០នាក់

មន្ត្រី​ទំនាក់ទំនង​​ព្រំដែន​កម្ពុជា-​ថៃនៅ​ច្រក​ជាំ​សាង៉ាំ​ បានឱ្យ​ដឹង​ថា​ ក្នុង​ខែ​មេសានេះ អាជ្ញាធរ​ថៃខេត្ត​ស៊ីសាកេត​ បាន​បញ្ជូន​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​​ទៅ​កាប់​ឈើ​ខុស​ច្បាប់​​ចំនួន​ជាង៨០​នាក់ ​ឱ្យ​ត្រឡប់​មក​មាតុ​ភូមិ​វិញ។​

aជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​កន្លង​ទៅ ​អាជ្ញាធរ​ថៃ ​ខេត្ត​ស៊ីសាកេត ​និង​ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី ​បាន​ដោះលែង​​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់ ​ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៥៥​នាក់​ ដែល​​ថៃ ដោះលែង​ពី​ពន្ធនាគារ​​នោះ​ ត្រូវ​បាន​កង​​ទាហាន​ថៃ​ ដឹក​ជញ្ជូន​​មក​ប្រគល់​​ឱ្យ​អាជ្ញាធរ​​ខ្មែរ​វិញ​ នៅ​ច្រក​ទ្វារ​​ព្រំដែន​អន្តរជាតិ​​ជាំសាង៉ាំ​ ក្នុង​ស្រុក​អន្លង់វែង។​

លោក​វរសេនីយ៍ តូច រ៉ា អនុ​ប្រធាន​​ក្រុម​ការងារ​ទំនាក់ទំនង​​ព្រំដែន​កម្ពុជា-​ថៃ​ ប្រចាំ​ច្រក​ជាំសាង៉ាំ​ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ ​បាន​មាន​​ប្រសាសន៍​កាល​​ពី​រសៀល​ថ្ងៃ​ច័ន្ទ ​ទី​២៧ ខែ​មេសាថា ​​អាជ្ញាធរ​ខេត្ត​ស៊ីសាកេត ​​​ខេត្ត​​អ៊ូប៊ុនរ៉ាត់ថានីរបស់​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែ​រ​ចំនួន​៥៥​នាក់​ ត្រឡប់​មក​ប្រទេស​វិញ​​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​​មេសាកន្លង​ទៅ។ លោកបានបន្តថា ក្នុង​ខែ​មេសា​នេះ ​អាជ្ញាធរ​ថៃ ​ខេត្ត​ស៊ីសាកេត ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​​ចំនួន​ ជាង៨០​នាក់​ហើយ ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ។​

លោក​វរសេនីយ៍ តូច រ៉ា ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​នោះ​ គឺ​ជា​អ្នក​ដែល​ឆ្លងដែន​​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​​ទឹក​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​ដាក់​ពន្ធនាគា​រ​ជា​យូរ​មក​ហើយ។​

គួរកត់សម្គាល់​ថា​ ​ទាហាន​ការពារ​ព្រំដែន​ថៃ​ ហាក់​បន្ថយ​សកម្មភាព​​បាញ់​សម្លាប់​​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ឆ្លង​ដែន​​ទៅ​កាប់​ឈើ​​ខុស​ច្បាប់​ក្នុង​រយៈពេល៤​ខែ ​នៃ​ឆ្នាំ​២០១៥ នេះ។ ​ក៏ប៉ុន្តែ​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​ឆ្លង​ដែន​​ទៅ​កាប់​ឈើ​ខុស​ច្បាប់​​ក្នុង​ទឹក​ដី​ថៃ​ នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​​នៅ​ឡើយ។​

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ​ដែល​ជាប់​ព្រំដែន​គ្នា​​ជាមួយ​ខេត្ត​បុរីរ៉ាំ ​ខេត្ត​សុរិន្ទ ​និង​ខេត្ត​ស៊ីសាកេត​ របស់​ថៃ ​បាន​ចាត់​ទុក​កាយវិការ​​ដែល​បញ្ជូន​​ប្រជាពលរដ្ឋ​ខ្មែរ​​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​នោះ ​គឺ​អំពើ​មនុស្ស​ធម៌​មួយ​​ជំនួស​ឱ្យ​​ការ​បាញ់​សម្លាប់​​កន្លង​ទៅ។​

លោក ស ថាវី ​អភិបាល​ខេត្ត​​ឧត្តរមានជ័យ ​មាន​ប្រសាសន៍​ថា ​ជា​ញឹកញាប់​នៅ​​ពេល​ជួប​ប្រជុំ​​ជាមួយ​អាជ្ញា​ធរ​ថៃ​ គឺ​លោក​តែង​លើក​​ឡើង​មិន​ឱ្យ​ទាហាន​​ការពារ​ព្រំដែន​​ថៃ ​បាញ់​សម្លាប់​​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ឆ្លង​ដែន​​ទៅ​កាប់​​ឈើ​ខុស​ច្បាប់​ទេ​ គឺ​ឱ្យ​ចាប់​​ខ្លួន​ទៅ​កាត់​ទោស​តាម​ច្បាប់។​

លោក ស ថាវី ​បន្ត​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៥៥​នាក់​ ដែល​អាជ្ញាធរ​ថៃ ​បញ្ជូន​ត្រឡប់​មក​​ស្រុក​វិញ​នោះ​ មិន​មែន​​ជា​អ្នក​ដែល​រស់​​នៅ​ខេត្ត​ឧត្តរ​មានជ័យទេ ​គឺ​ពួកគេ​មក​​ពី​ខេត្ត​ឆ្ងាយៗ​ ដូចជា​ខេត្ត​កំពត​ តាកែវ ​ខេត្ត​កំពង់ស្ពឺ​ បាត់​ដំបង ​ព្រះវិហារ ​និង​កំពង់ចាម ​ជាដើម។

​លោក​អភិបាល​​ខេត្ត​ឧត្តរមានជ័យបញ្ជាក់​ថា​ ទោះ​យ៉ាង​ណា​ នៅ​ពេល​ដែល​​ទទួល​យក​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​នោះ​​ពី​ថៃ ​គឺ​លោក​ក៏​បាន​​ធ្វើការ​អប់រំ​ពួកគេ​​នៅ​មុន​ពេល​​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ជួប​ជុំ​​គ្រួសារ​វិញ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative