វិធីថែទាំ​សុខភាព​កុមារចាប់ពី​អាយុ៦ខែ

មាតាបិតា​គ្រប់រូបយក​ចិត្ដទុកដាក់បំផុត ក្នុងការថែទាំ​សុខភាព​បុត្រាបុត្រី។ ការថែទាំនេះ គឺចង់ឱ្យកូន​របស់ខ្លួន​មានសុខភាពល្អ រាងកាយមាំមួន និងបញ្ញាឆ្លាតវៃ។ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​មាតាបិតា​ទាំងឡាយ ស្វែងយល់​អំពីការ​ថែទាំបុត្រ ដែលមាន អាយុលើស​ពី៦ខែទៅ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កុមារមាន​អាយុចាប់ពី៦ខែ ត្រូវការការ​ថែទាំ​ដូចម្ដេចខ្លះ?

លោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង ជាគ្រូពេទ្យ​នៃមន្ទីរពេទ្យ​កុមារជាតិ​បានលើក​ឡើងថា មាតាបិតា​គប្បីយល់ដឹង​ប្រការខ្លះៗ ក្នុង ការថែទាំ​បុត្រធីតា​របស់ខ្លួន​ដែលមាន​អាយុចាប់​ពី៦ខែឡើង ដូចជាការ​យល់ដឹង​អំពី​ចំណីអាហារ ការអនាម័យ​ខ្លួនប្រាណ ការស្គាល់​រោគសញ្ញា ខ្លះៗដើម្បី​ជួយសង្គ្រោះ​កូនរបស់ខ្លួន នៅក្នុងករណី​បន្ទាន់ជាដើម។ លើសពីនេះ​ទៅទៀត គឺមានប្រការ​ប្រយ័ត្នប្រយែង​មួយចំនួន​ដែលឪពុក ម្ដាយត្រូវ​យល់ដឹង​ផងដែរ។

អាហារបន្ថែម​សម្រាប់កុមារ

កុមារអាយុ​ចាប់ពីអាយុ​៦ខែឡើងទៅ ជាអាយុ​ដែលភ្ជាប់​នឹងការ​ផ្ដាច់ដោះម្ដាយ។ ដូច្នេះ មាតាបិតា​ត្រូវកាត់​បន្ថយការ​បៅទឹក ដោះម្ដាយ​របស់កុមារ ហើយត្រូវ​បន្ថែមចំណី​អាហារ​ដល់កូន​បន្ថែមទៀត។ ដូច្នេះ​ឪពុកម្ដាយ​គប្បីចេះវិធី​ធ្វើបបរ​សម្រាប់កូន។

– វិធីធ្វើបបរ

បបរនោះ​ត្រូវមាន​សាច់ចំណុះ​មួយស្លាប​ព្រាបាយ ថ្លើមប៉ុនមេដៃ ពងមាន់​យកផ្នែក​ក្រហមមួយ​ចំហៀង និងបន្លែ​មួយចំនួន ដូចជា ល្ពៅ ស្លឹកបាស ផ្ទីជាដើម តាមលទ្ធភាព​ដែលម្ដាយ​រកបាន។ បបរនេះ​ត្រូវមាន​លក្ខណៈរលួយ ហើយខាប់ៗ។ នៅពេលរៀប​បញ្ចុកកូន ម្ដាយ ត្រូវថែម​ប្រេងឆា​មួយស្លាប​ព្រាកាហ្វេ​ផង។

ម្ដាយបញ្ចុក​កូនទៅ​តាមលទ្ធភាព​ដែលកូនអាច​ទទួលយកបាន គឺពីមួយ​ស្លាបព្រាបាយ​រហូតដល់​ចំណុះកន្លះ​កូនចាន សម្រាប់កុមារ អាយុ៨ខែ។ ក្នុងមួយថ្ងៃ ត្រូវបញ្ចុក​៣ដង គឺពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។

– ការឱ្យផ្លែ​ឈើបន្ថែម

នៅចន្លោះ​ពេលបញ្ចុកបបរ ម្ដាយត្រូវ​មានផ្លែឈើ​កោស ឬកិន​ជាមួយ​ម៉ាស៊ីន​ទឹកក្រឡុក​ក៏បាន ឱ្យកូនញ៉ាំ ឬអាចឱ្យកូន​បៅទឹកដោះ បន្ថែមទៀត​ក៏បាន។

– ប្រការគួរចងចាំ

ការឱ្យចំណី​អាហារទៅកូន ឪពុកម្ដាយ​គួរចៀសវាង​នូវការ​ទំពារបញ្ចុក ក្នុងគោល​បំណងបង្ការ​ការឆ្លង​មេរោគ​តាមមាត់​ពីអ្នកទំពារ ទៅកូន។ ចូរចងចាំ​ថាបបរនេះ អាចទុក​បានរយៈពេល​តែពីរម៉ោង​ប៉ុណ្ណោះ មិនអាចយក​វាទៅ​កម្ដៅបានទេ ដើម្បី​ចៀសវាង​នូវការ​ជូរផ្អូម និង មានអនាម័យ​ចំណី​អាហារល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អនាម័យខ្លួន​ប្រាណកុមារ

ការអនាម័យ​ខ្លួនប្រាណ មាតាបិតា​ត្រូវស្លៀកពាក់​ឱ្យកូនទៅ​តាម​រដូវកាល។ នៅពេល​រដូវរងារ ត្រូវស្លៀកពាក់​ឱ្យជិតខ្លួន មាន ស្រោមដៃ​ស្រោមជើង​ឱ្យត្រឹមត្រូវ។ ខោអាវ​ដែលកូន​ស្លៀកពាក់​ត្រូវសម្អាត​នឹងសាប៊ូ។ នៅតាម​ស្រុកស្រែ​ចំការ ក្រណាត់​មិនចាំបាច់​ថាថ្មីទេ មិនបាច់​អ៊ុតក៏បាន គ្រាន់តែ​បោកគក់ហាល​ឱ្យចំកម្ដៅ​ថ្ងៃឱ្យស្ងួត ហើយផ្លាស់​ប្ដូរចេញ ពេលកុមារ​ជុះនោម​ដាក់តែ​ប៉ុណ្ណោះ។

ត្រូវយល់ដឹង​អាការរោគមួយ​ចំនួនរបស់​កុមារ

មាតាបិតា​ត្រូវស្គាល់​រោគសញ្ញា​ជម្ងឺមួយចំនួន ដូចជាកូន​មានរាគ ក្ដៅខ្លួន​ជាដើម និងត្រូវដឹង​អំពីការ​សង្គ្រោះខ្លះៗ ដើម្បី​សង្គ្រោះ បន្ទាន់នៅ​ពេលយប់​ព្រលប់។

ចំពោះជម្ងឺ​រាគរបស់​កុមារ ការសង្គ្រោះ​បន្ទាន់ គឺការបង្គ្រប់​ជាតិទឹក​នៅផ្ទះ។ បើកាលណា​កូនរាគ ឪពុកម្ដាយ​ដែលនៅឆ្ងាយ​ពីមន្ទីរ ពេទ្យ គប្បីមាន​កញ្ចប់​អូរ៉ាលីតមួយ ឬពីរ​បម្រុងទុក។ អូរ៉ាលីត​មួយកញ្ចប់ ត្រូវលាយ​នឹងទឹក១លីត្រ ដែលបានដាំ​ឱ្យឆ្អិនហើយ​ទុកឱ្យត្រជាក់។ នៅពេលលាយ ត្រូវចាក់​ម្សៅ​អូរ៉ាលីតជាមុន ទើបចាក់​ទឹកជាក្រោយ ហើយកូរ​វាឱ្យសព្វ។ ការបង្គ្រប់​ជាតិទឹក​មានលក្ខណៈ​ពីរយ៉ាង ចំពោះ ទារកនៅបៅ គឺត្រូវ​បង្កើនការបៅ។ ហើយចំពោះ​កុមារធំ នៅពេលកុមារ​ជុះម្ដងៗ គេឱ្យទឹក​អូរ៉ាលីតផឹក។ បើក្មេង​នៅតូច គេឱ្យ៥០មីលីលីត្រ ទៅ១០០មីលីលីត្រ គឺប្រហែល​មួយពែងតូច។ លើសពី​នេះទៅទៀត គេអាចឱ្យ​ទឹកបរិសុទ្ធ ទឹកដោះម្ដាយ ឬទឹកបបរ​បន្ថែម។

ការធ្វើ​បែបនេះ គឺជាទុនធំមួយ ក្នុងការ​ជួយសង្គ្រោះ​បន្ទាន់។ ជាអាទិនៅ​ពេលយប់ ផ្ទះនៅឆ្ងាយ​ពីមណ្ឌល​សុខភាព ដើម្បីកុំ​ឱ្យកូន ខ្វះជាតិ​ទឹកធ្ងន់ធ្ងរ​ត្រូវឱ្យ​កូនផឹកទឹក​អូរ៉ាលីត​ជាបន្ទាន់ ព្រោះថា​កាលណា​ខ្វះជាតិទឹក កូននោះអាច​ស្លាប់បាន។ ដូច្នេះម្ដាយ​ត្រូវចេះ​ប្រើប្រាស់​ទឹក អូរ៉ាលីត និងចេះ​របៀបលាយ។ ទឹកអូរ៉ាលីត​លាយរួចហើយ ត្រូវប្រើ​ក្នុងរយៈពេល​២៤ម៉ោងឱ្យអស់ បើហួសពី​២៤ម៉ោង (១ថ្ងៃ) ត្រូវចាក់ ចោល មិនត្រូវ​ប្រើប្រាស់​ទៀតទេ។

នៅពេល​កូនក្ដៅខ្លួន ឪពុកម្ដាយ​ត្រូវយក​ក្រមាជ្រលក់​ទឹកក្ដៅឧណ្ហៗ​ដណ្ដប់ខ្លួនកូន។ បើកុមារ​មានអាការ​ក្ដៅខ្លាំង ត្រូវឱ្យថ្នាំ ប៉ារ៉ាសេតាម៉ុល ដោយសុលតាម​ទ្វារលាមក ឬលេប​តាមមាត់។ ចំពោះកុមារ​អាយុក្រោម១ឆ្នាំ ថ្នាំ១គ្រាប់​ត្រូវកាច់ជា៤ រួចដណ្ដប់​ក្រមាទទឹក នោះ។ បន្ទាប់មក​បើមិន​ធូរស្បើយ ត្រូវបញ្ជូន​កូនទៅ​មន្ទីរពេទ្យ។ ឪពុកម្ដាយ​ចៀសវាង​នូវការ​ប្រើប្រាស់​ថ្នាំគ្មាន​វេជ្ជបញ្ជា។ កាលពី​លេខមុន (លេខ០០២ ខែ​មិនា ឆ្នាំ២០០៦) ទស្សនាវដ្ដី សុខភាពយើង បានសរសេរ និងចេញផ្សាយ​អត្ថបទមួយ ដែលមានចំណង​ជើងថា “ ប្រការត្រូវ ធ្វើ ពេលកូនក្ដៅខ្លួន ” រួចមកហើយ។ ដូច្នេះបើ​ចង់យល់​ដឹងលម្អិត សូមស្វែង​យល់តាម​ការគួរ ហើយសូម​ទោសផងដែរ ដែល សុខភាពយើង មិនអាចលើក​មកបង្ហាញ​ច្រំដែល។

កំហុសធ្វេស​ប្រហែសដែល​ត្រូវចៀសវាង

មាតាបិតា​ត្រូវប្រយ័ត្ន​ប្រយែង​ទុកដាក់​កូននៅ​ទីកន្លែង ដែលមានសុវត្ថិ​ភាពល្អ ដើម្បីកុំឱ្យ​កុមារធ្លាក់។ មិនត្រូវ​ឱ្យវត្ថុ ទៅកុមារកាន់ ដូចជា​គ្រាប់ឃ្លី ថ្នាំពេទ្យជាដើម និងមិនត្រូវ​ដាក់វត្ថុផ្សេងៗ​នៅជិតដៃ​កុមារនោះទេ ព្រោះកុមារ​ចាប់ពីអាយុ​៦ខែ​ឡើងទៅ អាចចាប់​ផ្ដើមចាប់ កាន់វត្ថុបាន។ ប្រការនេះ​បញ្ចៀសកុំឱ្យ​កុមារចាប់​របស់នោះយក​ទៅដាក់​ក្នុងមាត់ ដែលជា​ហេតុបង្ក​ឱ្យកុមារ​មានគ្រោះថ្នាក់ ឬឆ្លងមេរោគ ផ្សេងៗ។ ឪពុកម្ដាយ​ចៀសវាង​ការប្រើប្រាស់​ថ្នាំគ្មាន​វេជ្ជបញ្ជា​ជាមួយ​កុមារតូចៗ។ នៅពេល​កូនក្ដៅខ្លួន ឪពុកម្ដាយ​ត្រូវបញ្ជុះ​កម្ដៅ បើ សង្ស័យថា​កូនមាន​គ្រោះថ្នាក់ ត្រូវបញ្ជូន​កូនទៅ​មន្ទីរពេទ្យ ឬជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative