កងកម្លាំង​​ពិសេស​​ប្រឆាំង​ភេរវកម្ម​ស្ម័គ្រចិត្ត​ចូលរួមបរិច្ចាគ​​ឈាម​​

នាយទាហាន​នាយទាហានរង​​ និង​ពលទាហា​ន​​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​​កម្លាំង​ពិសេស​ប្រឆាំង​​ភេរវកម្ម​ បាន​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រចិត្ត​​ដើម្បី​ជួយសង្គ្រោះ​​ជីវិត​ប្រជាជន​ និង​អ្នកជំងឺ​​ដែល​ត្រូវការ​ឈាម​ចាំបាច់។

cvfកម្មវិធី​បរិច្ចាគ​​ឈាម​បាន​​ត្រូវធ្វើឡើង​​ក្រោម​ប្រធានបទ​«ការបរិច្ចាគ​ឈាម​​គឺ​សង្គ្រោះ​ជីវិត»​កាលពី​​ថ្ងៃទី២៧​ ខែមេសា​ នៅ​បញ្ជាការដ្ឋាន​​ជាតិ​កម្លាំង​​​ពិសេស​​ប្រឆាំង​​ភេរវកម្ម​ដោយ​មាន​ការសហកា​រ​រួម​គ្នា​ពី​​​មជ្ឈ​មណ្ឌល​​​ជាតិ​​ផ្តល់​ឈាម​បញ្ជា​ការដ្ឋាន​ជាតិ​​កម្លាំង​ពិសេស​​ប្រឆាំង​ភេរវកម្ម​ កាកបាទ​ក្រហមកម្ពុជា ​និង​ឧបត្ថម្ភ​ដោយ​​ក្រុមហ៊ុន​​NVC Corporation វី​តា​ល់​និង​​ក្រុមហ៊ុនCP។​

លោក​វេជ្ជបណ្ឌិត​ហុក ​គឹម​ចេង​ ប្រធាន​មជ្ឈមណ្ឌល​​ជាតិ​ផ្តល់​ឈាម​បាន​​មានប្រសាសន៍ថា ​ឈាម​ប្រមាណ​ជាង១៥០​ប្លោក​ត្រូវ​ការ​សង្គ្រោះ​ជីវិត​​ជា​រៀងរាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស។ អំណោយ​​ឈាម​បាន​មកពី​​ការបរិច្ចាគ​​របស់​​សប្បុ​រស​ជន​សម្រាប់​យក​ទៅ​ប្រើប្រាស់ ដើម្បី​ជួយ​​ជនរងគ្រោះ​​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​​ អ្នក​មាន​ជំងឺ​សម្រាក​​មន្ទីរពេទ្យ​ ត្រូវការ​ឈាម​​ចាំបាច់ ​ស្ត្រី​ឆ្លងទន្លេ​ពិបាក​ការវះ​កាត់ ​និង​អ្នកមាន​​ជំងឺ​ខ្វះ​ឈាម។​

លោក​វេជ្ជបណ្ឌិត​​បានលើក​ឡើង​ថា ​អំណោយ​​ឈាម​ដោយ​​ស្ម័គ្រចិត្ត​ពី​​សប្បុរសជន​​ទាំងអស់គ្នា​​គឺ​ពិតជា​អាច​​ធានា​នូវ​ការ​ផ្គត់ផ្គង់​​ឈាមមាន​​សុវត្ថិភាព​​គ្រប់គ្រាន់​ទាន់​ពេលវេលា​​ដល់​គ្រប់​អ្នកជំងឺ។ ដូច្នេះ​​លោក​សូម​​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រចិត្ត​​ពី​​ប្រជាពលរដ្ឋ​​ព្រះសង្ឃ​​ និស្សិត ​និង​មាន​សហការ​​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​​ដើម្បី​លើក​កម្ពស់​​វប្បធម៌​នៃ​​ការបរិច្ចាគ​ឈាម។​

លោក ហុក គឹម​ចេង​ ក៏បាន​ថ្លែង​អំណរគុណ ​និង​ចាត់​ទុក​នាយ​ទាហាន​​នាយទាហានរង​ និង​ពលទាហាន​​នៃ​បញ្ជាការដ្ឋាន​​ជាតិ​កម្លាំង​​ពិសេស​​ប្រឆាំង​​ភេរវកម្ម​ក្រុមហ៊ុន​​ទឹកបរិសុទ្ធ​វី​តា​ល់ ​និង​ក្រុមហ៊ុន​ ស៊ី​ភី​ជា​អ្នកចូល​រួម​សកម្មភាព​​សង្គម និង​មនុស្សធម៌​​ដ៍​ប្រពៃ។​

លោក​ឧ​ត្ត​ម​សេនីយ​ទោ​ ម៉ៅ ស៊ី​វ៉ាត​ មេបញ្ជាការរ​ង​នៃ​​បញ្ជាការដ្ឋាន​ជាតិ​​កម្លាំង​ពិសេស​​ប្រឆាំង​ភេរវកម្ម​​បាន​មានប្រសាសន៍​​ឱ្យដឹងថា ​នេះ​ជា​លើក​​ទី​បួន​ហើយ​​ដែល​អង្គភាព​​បញ្ជាការដ្ឋាន​ជាតិ​​កម្លាំង​ពិសេស​​ប្រឆាំង​ភេរវ​កម្ម​បានធ្វើ​ការ​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រចិត្ត។ ការផ្តល់​​អំណោយ​​ឈាម​លើក​ទីមួយ​​នៅ​ឆ្នាំ២០១១​ បាន២៩១ប្លោក​ឈាមលើកទី២ឆ្នាំ​២០១៣​បាន​៤៤៧ប្លោក​ និង២០១៤ ​បាន​ជាង១៦០ប្លោក។​

លោក​ឧ​ត្ត​ម​សេនីយ​ទោ ​បាន​លើកឡើងថា​ «ការស្ម័គ្រចិត្ត​បរិច្ចាគ​​ឈាម​​ជា​កាយវិការ​​មនុស្សធម៌​ដ៏​ប្រពៃ។ កងទ័ព​ប្រសូត​ចេញ​ពី​ប្រជាជន​ ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន»។​

លោកស្រី ឡោក ខេង​ អនុប្រធាន​កាក​បាទក្រហម​រាជ​ធានី​​ភ្នំពេញ​មាន​​មានប្រសាសន៍ថា ​ក្នុង​មួយ​ឆ្នាំ​កម្ពុជា​​ត្រូវការ៥ម៉ឺន​​ប្លោក​ឈាម ​ដើម្បី​​សង្គ្រោះ​​ជីវិត​ តែ​​ក្នុងនោះ​ការបរិច្ចាគ​​ឈាម​​ដោយ​ស្ម័គ្រចិត្ត​​មានតែ​៣៥​ភាគរយ​ប៉ុណ្ណោះ។​ ដូច្នេះ​យើង​ត្រូវ​​ចូលរួម​ទាំងអស់គ្នា​​ដើម្បី​ជំរុញ​​ចលនា​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រចិត្ត។​

តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តា​ល់​​បាន​មានប្រសាសន៍ថា​ ​ចក្ខុវិស័យ​​ចម្បង​របស់​​ក្រុមហ៊ុន​អ៊ិន​វី​ស៊ី​ខ​​ប​ភើ​រេ​សិន​វី​តា​ល់ ​​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ចូលរួមចំណែក​​ក្នុង​សកម្មភាព​​សប្បុរសធម៌និង​មនុស្សធម៌​​ក្នុងសង្គម ​និង​​ម្យ៉ាងវិញទៀត ​ដោយ​អនុលោម​​តាម​អនុសាសន៍​​ដ៏​ខ្ពង់ខ្ពស់​​របស់​អគ្គមហា​សេនា​ប​តី​តេ​ជោ​​ហ៊ុនសែន​ ​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ​ក្រុមហ៊ុន​​បាន​សម្រេច​​ចែក​រំលែក​​ប្រាក់ចំណេញ​​ពី​អាជីវកម្ម​របស់ខ្លួន ​ដើម្បី​ចូល​រូ​ម​ក្នុង​​កម្មវិធី​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រចិត្ដ​​ជាមួយ​មជ្ឈមណ្ឌល​​ជាតិ​ផ្ដល់​ឈាម​​តាំងពី​ដើម​រៀង​មក​រហូតមក​ដល់​ពេលនេះ​​នឹង​នាពេល​អនាគត។ ទន្ទឹមនឹងនេះ​ ក្រុមហ៊ុន​ទឹក​​ពិសា​វី​តា​ល់​សន្យាថា ​នឹង​បន្ត​គាំ​ទ្រ​ និង​ឧ​ត្ថ​ម្ភ​ដល់​​កម្មវិធី​បរិច្ចាគ​​ឈាម ​និង​សកម្មភាព​​មនុស្សធម៌​សង្គមផ្សេងៗទៀត​ ដើម្បី​ជា​សក្ខីភាព​នៃ​​ការចូលរួម​របស់​អតិថិជន​​វី​តា​ល់​ក្នុង​មូលនិធិ​២៥៛ពី​ការ​លក់​ទឹក​មួយ​ដប​។​

សូមតាមដានព័ត៌មាន​លម្អិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥

 

 

 

Google Analytics Alternative