វិធីថែទាំ​សុខភាពរបស់​ស្ដ្រីមានស្វាមី

ការថែរក្សា​សុខភាព​របស់ស្ដ្រី​មានស្វាមី គឺមាន​ការខុស​គ្នាខ្លះពី​ស្ដ្រីនៅលីវ។ ព្រោះថា​អ្នកមាន​ស្វាមី អាចនឹង​មានជម្ងឺ​ផ្លូវភេទម្យ៉ាង ហៅថាជម្ងឺ​កាមរោគ ដែលឆ្លង​ពីស្វាមី។ ជម្ងឺនេះ ចំពោះបុរស​ជាស្វាមី​​​មិនមាន​រោគសញ្ញា​អ្វីស្ដែង​ចេញឡើងទេ។ ប៉ុន្ដែ ចំពោះស្ដ្រី  ដែលមាន លក្ខណៈ​ទន់ខ្សោយ​ជាងបុរស មានរោគ​សញ្ញាឱ្យដឹង ដូចជាការ​ធ្លាក់សមាន​រមាស់ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីលេខមុន ទស្សនាវដ្ដី សុខភាពយើង បានលើក​មកជម្រាប​ជូនរួច​មកហើយ អំពីវិធី​ថែទាំ​សុខភាព​របស់ស្ដ្រី​នៅលីវ។ ពេល នេះ យើងសូម​លើកយក​វិធីថែទាំ​សុខភាព​របស់ស្ដ្រី​មានស្វាមី មកជម្រាប​ជូនម្ដង។

ស្ដ្រីមានស្វាមី​ត្រូវយល់ដឹង​សុខភាព​របស់ខ្លួន​បែបណា?

ស្ដ្រីដែលមាន​ស្វាមីហើយ ងាយនឹង​មានបញ្ហា​សុខភាពណាស់ ហើយច្រើន​តែជាបញ្ហា​ធ្ងន់ធ្ងរ​ទៀតផង។ លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន បានមាន​ប្រសាសន៍​ណែនាំ​ស្ដ្រីខ្មែរ​ទាំងឡាយ​ឱ្យបាន​ស្វែងយល់​ដឹងនូវការ​ថែទាំ​សុខភាព​របស់គាត់។

– ប្រការទី១ ៖ ស្ដ្រីគួរយល់​ដឹងអំពី​ការធ្លាក់ស​របស់គាត់ ប្រការនេះ​មិនខុសពី​ការថែទាំ​សុខភាព​របស់ស្ដ្រី​នៅលីវទេ គឺគាត់ត្រូវ ពិនិត្យទៅ​លើសភាពស​របស់គាត់ថា សធម្មតា និងមិនធម្មតា មានសភាព​បែបណា។ ការធ្លាក់ស​ធម្មតា គឺមានពណ៌​ធម្មតា និងមានលក្ខណៈ អន្លាយៗដូច​សម្បោរ។ ចំណែកស​មិនធម្មតា គឺមានលក្ខណៈដុំៗ មានពណ៌លឿង ពណ៌បៃតង ហើយរមាស់។

– ប្រការទី២ ៖ ស្ដ្រីត្រូវយល់​ដឹងអំពីការ​បាត់រដូវ គឺត្រូវដឹងពី​ថ្ងៃដែលគាត់​មករដូវចុង​ក្រោយបំផុត។ មាននារី​មានស្វាមីខ្លះ នៅ ពេលបាត់រដូវ គាត់ច្រើន​តែទិញ​ឧបករណ៍មួយ​សម្រាប់ជ្រលក់​ទឹកនោម ដើម្បីពិនិត្យ​មើលថាគាត់​មានគភ៌ឬទេ។ នៅពេល​គាត់ជ្រលក់​ទឹកនោម ទៅគាត់ឃើញ មានសញ្ញាក្រហម​ពីរនៅលើ​ឧបករណ៍នោះ មានន័យថា​គាត់មាន​ផ្ទៃពោះហើយ គាត់មិន​ត្រូវគេងចាំ​តែថ្ងៃសម្រាល​នោះទេ។ ផ្ទុយទៅវិញ កាលដែល​ឃើញក្រហម​ពីរបែបនេះ មិនមែនមាន​ន័យថា គាត់សុទ្ធតែ​មានផ្ទៃពោះ ហើយរង់​ចាំតែថ្ងៃ​សម្រាល​នោះទេ។ ឃើញ សញ្ញានោះ គឺមានន័យថា​គាត់ត្រូវ​ប្រញាប់មក​មន្ទីរពេទ្យ។ ការមកមន្ទីរពេទ្យ និងជួបអ្នក​ជំនាញដើម្បី​ធ្វើការវិនិច្ឆ័យ ថាគាត់មាន​ទម្ងន់មែន ឬ ទេ។ ហើយការ​មានផ្ទៃពោះ​អាចមាន​កូននៅក្នុង​ស្បូន ឬកូននៅ​ក្រៅស្បូន។

– ប្រការទី៣ ៖ ប្រសិនបើ​គាត់រួម​ដំណេកទៅ មានការ​ធ្លាក់ឈាម គាត់ក៏ត្រូវ​ទៅជួប​គ្រូពេទ្យដែរ។ ព្រោះការ​រួមដំណេក​ជាមួយគ្នា មានការ​ធ្លាក់ឈាម គឺជួនកាល​ប្រហែល​ជាស្បូនរបស់​គាត់មាន​បញ្ហា ដូចជាដុះសាច់​នៅមាត់ស្បូន​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការគួរ​ចៀសវាង

នៅពេល​រួមភេទរួច មានការធ្លាក់​ទឹកកាម​ចេញមក​ខាងក្រៅ ស្ដ្រីត្រូវ​ចៀសវាង​ការលូកលាង​ខាងក្នុង​ស្បូនដោយ​ខ្លួនឯង។  គឺត្រូវ លាងតែ​ផ្នែកខាងក្រៅ ឬក៏អាច​យកក្រណាត់​ស្អាតមក​ជូតសម្អាត​តែប៉ុណ្ណោះ។ ចៀសវាង​ការបើកស្បូន​មួយខែម្ដងៗ។ ការពិនិត្យ​សុខភាព មួយខែ​ម្ដងៗក៏មិន​ចាំបាច់ដែរ លើកលែង​តែពេល​មានបញ្ហាដូច​បានជម្រាប​ខាងលើ ទើបយើង​មកជួបជាមួយ​គ្រូពេទ្យតែម្ដង ហើយត្រូវធ្វើ តាមការណែនាំ​របស់គ្រូពេទ្យ។ នៅពេល​ពិគ្រោះជាមួយ​គ្រូពេទ្យហើយ ស្ដ្រីខ្លះគ្រូពេទ្យ​ឱ្យ៣ខែមក​ពិនិត្យ​សុខភាពម្ដង ស្ដ្រីខ្លះទៀត​៦ខែ ឬមួយឆ្នាំ​ទើបមក​ពិនិត្យម្ដង​ទៅតាមស្ថាន​ភាពជម្ងឺ និងសុខភាព​របស់គាត់។

ផលវិបាក​នៃការធ្វេស​ប្រហែសចំពោះ​សុខភាព

ប្រសិនបើបងប្អូន​ស្ដ្រីមិនធ្វើការ​ប្រុងប្រយ័ត្ន​ក្នុងការថែទាំ​សុខភាពទេ គាត់នឹង​ប្រឈមមុខ​នឹងជម្ងឺ​មួយចំនួន ដូចជាជម្ងឺ​មហារីកដៃ ស្បូន មហារីកសុដន់ មហារីកស្បូន មហារីកមាត់ស្បូន​ជាដើម។ ជម្ងឺមហារីកស្បូន មិនឱ្យដឹង​រោគសញ្ញា​ជាមុនទេ ចាប់ផ្ដើម​ដំបូងឡើយ គឺធ្លាក់ សធុំក្លិន អ្នកខ្លះ​ធ្លាក់ឈាម​តែម្ដង។ ប្រសិនបើ​យើងពិនិត្យ​ដឹងអាការមុន យើងអាចរក​វិធីទប់ស្កាត់​បានទាន់ពេល​វេលា។ ជាឧទាហរណ៍ គាត់ ទើបនឹងធ្លាក់​សធុំក្លិន គាត់បាន​ទៅពិនិត្យ​សុខភាព គ្រូពេទ្យនឹង​ប្រាប់ពីវិធី​បង្ការខ្លះៗ។ ប្រសិនបើគាត់​មិនចាប់អារម្មណ៍​នឹងការធ្លាក់ស គាត់ បណ្ដែតបណ្ដោយ​ឱ្យការធ្លាក់​សធុំក្លិន ទុកយូរ​រហូតដល់​មានធ្លាក់ឈាម នោះជា​ដំណាក់កាល​ពិបាកក្នុងការ​ធ្វើការព្យាបាល​ណាស់។

ដំបូន្មានរបស់​គ្រូពេទ្យ​ជំនាញ

ស្ដ្រីខ្មែរមាន​ការយល់ដឹង នៅមាន​កម្រិតទាប​ទាក់ទង​ទៅនឹងការ​ពិនិត្យ​សុខភាព មើលផ្ទៃពោះ មើលស្បូន។ លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន ចូលរួម​ជាដំបូន្មាន​ដល់ស្ដ្រីខ្មែរថា សូមឱ្យស្ដ្រី​ស្គាល់ថ្ងៃ​មករដូវចុង​ក្រោយបំផុត​របស់ខ្លួនឯង ស្គាល់​សភាពស ចេះធ្វើអនាម័យ កុំស្លៀក ខោដែល​ស្អុះស្អាប់ពេក និងកុំស្លៀក​ខោសើម។ ទាំងស្ដ្រីមាន​គ្រួសារក្ដី មិនមាន​គ្រួសារក្ដី នៅពេលវ័យ​កាន់តែចាស់​ចាប់ពីអាយុ​៣៥ឆ្នាំឡើងទៅ ត្រូវតែ​ទៅពិនិត្យ​សុខភាព ដូចជា​ពិនិត្យស្បូន និងសុដន់ ឱ្យបានរាល់៦​ខែម្ដង យ៉ាងយូរបំផុត​១ឆ្នាំម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative