គណៈប្រតិភូ​ពេទ្យការងារកម្ពុជា​ ចូលរួមកិច្ចប្រជុំអាស៊ាន ​អូស្ហណេត​ លើក១៦ នៅទីក្រុងបាងកក

លោក ឡេង​ តុង​ ប្រធាននាយកដ្ឋាន​ពេទ្យការងារ ​នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានដឹកនាំគណៈប្រតិភូនាយកដ្ឋានពេទ្យការងារ​ ចូលរួមកិច្ចប្រជុំ​ ប្រចាំឆ្នាំលើកទី១៦​ ស្តីពីសុខ ភាព​ និងសុវត្ថិភាព​​ការងារ​អាស៊ាន​ (ASEAN-OSHNET CBM16​) ​និងសន្និសិទ​​លើកទី២ ​ស្តីពីសុខ​ភាព ​និងសុវត្ថិភាពការងារ​អាស៊ានកាលពីថ្ងៃទី២១-២៣​ ខែមេសា ​ឆ្នាំ​២០១៥ ​នៅទីក្រុងបាងកក ប្រទេសថៃ។​

yកិច្ចប្រជុំ ​និងសន្និសីទ​មានការចូលរួមពីថ្នាក់ដឹកនាំសុខភាព និងសុវត្ថិភាព ការងារ នៃបណ្តាប្រទេស អាស៊ានទាំង១០ និងមានការចូលរួមពី​តំណាងអង្គការដៃគូរជំនួយ​ មានអង្គការអន្តរជាតិ​ ខាងការងារ (ILO)​ ក្រសួងការងារសហរដ្ឋអាមេរិក​ (USDOL) ​សមាគម​ឧស្សា​​ហកម្ម​សុខ​ភាព​ និងសុវត្ថិភាពការងារជប៉ុន​ (JISHA) ទីភ្នាក់​ងារ​សុខភាព​​ និង​សុវត្ថិភាព​ការងារកូរ៉េ ​(KOSHA) ​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​អន្តរជាតិអាឡឺម៉ង់ (GIZ) សមាគមអធិការ​កិច្ចការងារអន្តរជាតិ​ (IALI) និងលេខាធិការដ្ឋាន​ អាស៊ាន​ សរុបចំនួន ៤៣នាក់។​

កិច្ចប្រជុំ ​និងសន្និសិទនេះ​ មានគោលបំណង​ដើម្បីពិភាក្សា និង​ចែក​រំលែក​បទពិសោធន៍ ​ស្តីពីសុខភាព ​និងសុវត្ថិភាពការងារ ​ដល់សមាជិក​ប្រទេសអាស៊ាន​ សំដៅកាត់បន្ថយគ្រោះ​ថ្នាក់ការងារ​ និងជំងឺវិជ្ជាជីវៈ នៅ​កន្លែងធ្វើការ។ ​កិច្ចប្រជុំក៏បានពិភាក្សាលើការកំណត់លក្ខណៈ​វិនិច្ឆ័យ ​ដើម្បីផ្តល់ ពាន់រង្វាន់លើកទឹកចិត្ត ដល់សហគ្រាសចំនួន២ នៅក្នុង​ប្រទេសអាស៊ាននីមួយៗ ​ដែលបានអនុវត្តការងារ សុខភាព និង​សុវត្ថិភាព​នៅតាមសហគ្រាសរបស់ខ្លួន បានជោគជ័យល្អ។​

ការផ្តល់រង្វាន់ ​លើកទឹកចិត្តនេះ ​នឹងប្រព្រឹត្តទៅនា​កិច្ចប្រជុំ​លើកទី១៧ នៅ​ប្រទេសវៀតណាម​ក្នុងឆ្នាំ២០១៦ ខាងមុខនេះ។ ​ដោយឡែក ​ប្រទេស​កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ​ជាលើកទី២ ​នៅឆ្នាំ២០១៨​ ដែលបានរៀបចំ​ធ្វើជាម្ចាស់ផ្ទះលើកទី១​ កាលពីឆ្នាំ២០០៩។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative