ទុកពេលវេលា​ជាអ្នក​ពិសោធន៍​ស្នេហ៍​របស់អ្នកចុះ

ពេលវេលា​បាននាំមក​នូវរឿងរ៉ាង​ជាច្រើន ​ទាំងរឿងរ៉ាវល្អៗ ​និងរឿងរ៉ាវ ដែលយើង​មិនចង់ជួប​ក្នុងឆាកជីវិត​ តែយើងទាំងអស់គ្នា​ត្រូវចងចាំថា​ ប្រសិនជាជីវិត​យើងជួបតែរឿងល្អៗ ​ឬជួបតែ​រឿងអាក្រក់ៗ​ទាំងអស់​ យើងពិតជាមិនស្គាល់​អត្ថន័យជីវិតទ្បើយ​។ ព្រោះយើងមិនមានអ្វីមកឆ្លុះបញ្ចាំងថា អាក្រក់និងល្អ មានសភាពរបៀបណា។

bលោក​ ច្រាយ ចំណាន អ្នកតាម​ដានការវិវត្តន៍សង្គម​ និងវិភាគ​អំពីបញ្ហា​ស្នេហា​ និងជីវិតបានថ្លែង​ឲ្យគេហទំព័រសុខភាព​កម្ពុជា​ ដឹងនៅថ្ងៃសុក្រទី២៤ មេ​សានេះថា​ ឆាកជីវិត​មនុស្សគ្រប់​រូបអាច​រ៉ឹងមាំ​​ ឬទន់​ជ្រាយ​​ អាច​ដួល​​ ឬក្រោកទ្បើងបាន​ គឺមាន​តែពេលវេលា​ប៉ុណ្ណោះអាច​បង្ហាញមក​បានសមនឹង​ប្រសាសន៍របស់​បិតា​ប្រទេស​អាហ្រ្វិ​ក​​ខាងត្បូង​លោក​ ណែលសុ​ន​ ម៉េនដេទ្បា ដែលបាននិយាយថា​ “មិន​សំខាន់ថា​អ្នកដួល​ប៉ុន្មានលើក​នោះទេ​ សំខាន់ថា​គឺអ្នក​ដួលហើយ​អាចងើប​ទ្បើងវិញបាន”។

លោកបន្តថា​ ដោយសារមនុស្ស​រស់នៅជាមួយ​ពេលវេលា​ និងរត់តាម​​ពេលវេលា។​ ដូច្នេះការប្រើប្រា​ស់​ជីវិតរបស់អ្នក​ និងដំណើរ​ជីវិតរបស់អ្នក​ មិនត្រូវធ្វើអ្វី ដោយប្រាសចាក​ការពិចារ​ណានោះទេ។​ ព្រោះរយៈ​​ពេលពី​​មួយឆ្នាំ​ទៅមួយឆ្នាំ​​ដូចជាខ្លីណាស់​​ ដូច្នេះ​ការ​កសាង​សម្ព័ន្ឋភាព​​ក៏ដូចគ្នា​​ដែរ អ្នកត្រូវ​​ចំណាយ​ពេល​វេលា​មើលចិត្តគ្នា​​ទៅវិញទៅ​មក​​ និងសិក្សាពី​​គ្នាទៅវិញទៅមក​​ មុនសម្រេចចិត្ត​​ទទួល​បុរស​ ឬនារីនោះ​មក​ធ្វើជាដៃគូ​​ជីវិត​​ គឺមិនមែនធ្វើ​ទ្បើង​ដោយអារម្មណ៍​​ដោយតណ្ហា​ ដោយងាយពេក​នោះទ្បើយ​ ព្រោះអ្វីៗទាំងនេះសុទ្ឋ​តែជាមេរោគ​កំណាច​ ចូលបំផ្លាញ​ឆាក​ជីវិតរបស់អ្នក​ ប្រសិនជា​អ្នកមិនបានសិក្សា​ មិនបានវិភាគ​ និងមិនបាន​ពិចារណា​ ពិគ្រោះយោ​បល់​ជាមួយអ្នក​ជុំវិញខ្លួន​ឲ្យបានច្បាស់លាស់។​

​មានមនុស្ស​ជា​ច្រើនលើក​ទ្បើងថា​ ពេលវេលា​ខ្លីណាស់​ តើ១០ឆ្នាំមាន​ប៉ុន្មានដង​ ដូចនេះមនុស្ស​ម្នាក់ៗគួរ​តែធ្វើរឿងល្អៗ​ គិតរឿងល្អៗ​ ដើម្បីឲ្យ​ជីវិតខ្លួនមានន័យ​ និង​ទទួល​បានសុភមង្គល​ក្នុងជីវិត។​ ការគិតបែបនោះ​មិនខុសទេ​ ព្រោះវិថីជីវិតមនុស្ស​ម្នាក់ៗខុសៗគ្នា​ ការស្វែងរក​សុភមង្គល​សម្រាប់​មនុស្សម្នាក់ៗ​ ជារឿងរបស់​បុគ្គល​ ព្រោះវាមិន​មានរូបមន្ត​ណា​មួយ​អាច​យកមក​អនុវត្តន៍​បានទាំងអស់គ្នា​ទ្បើយ។ លោកចំណានបញ្ជាក់។​

weលោកបន្តថា​ ហេតុនេះ​ប្រសិនជា​អ្នកខ្លួនឯង​កំពុងមាន​ដៃគូ​ និងគិត​ចាប់ដៃ​គ្នាជាគូជីវិត​អ្នកទាំង​ពីរគួរពិចារ​ណាឲ្យ​បានច្រើន​ ទៅលើចំណេះ​ដឹង អាកប្បកិរិយា​ ប្រាក់ចំណូល​ ចំណង់ចំណូលចិត្ត​ ចរិតពិត​ ការរៀបចំ​ផែនការ​គ្រួសារជាដើម​។ ដើម្បី​​អ្នមក​អាច​មាន​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្តថា​ គួរទទួល​យកបុរស ឬនារី​នោះ ឬអត់​ ប្រ​សិនជា​សិក្សា​ពីគ្នាហើយ​ នៅតែ​មានរឿង​អ្វីមួយ​មិនច្បាស់​លាស់​ ហាក់ដូច​ជាមាន​ពិភាល់​ ឬកង្វល់​ក្នុងចិត្តមិន​ជ្រះស្រឡះ សូម​កុំសម្រេច​ចិត្តភ្លាមអី។ ​សូមទុក​ឲ្យពេល​វេលា​ជាអ្នកបង្ហាញ​រឿងទាំងនោះ​ចេញមកចុះ ​ព្រោះមាន​តែពេល​វេលាទេ​ជាអ្នក​បង្ហាញ​គ្រប់រឿងរ៉ាវ​ ដើម្បីឲ្យយើង​បានដឹង​ និងទទួលព៌ត៌​មាន​គ្រប់​គ្រាន់​ មុនសម្រេច​​ចិត្តចាប់ដៃគ្នា​ លើវិថីជីវិត​ដ៏វែងឆ្ងាយនោះបាន។​

ការរស់នៅ​ជាមួយ​មនុស្សពីរនាក់ ​ដែលមក​ពីគ្រួសារ​ខុសគ្នា​ ទទួល​ការអប់​​រំខុសគ្នា​ ឈាមខុសគ្នា​ និងបរិស្ថាន​ជុំវិញខុសគ្នា​ វាមិនងាយទេ​ក្នុងការ​សម្រ​ប​ខ្លួន​ចូលគ្នា​ទៅវិញទៅមក​ និងកសាង​សុភ​មង្គលមួយ​ ដែល​មនុស្សគ្រប់​គ្នាតែងតែ​ស្វែងរក​ ហើយអ្នកខ្លះ​បានជួប​ និងអ្នកខ្លះ​ទៀតមិន​បានជួប​ក្នុងជីវិត​ ដោយសារហេតុ​ផលផ្សេងៗ​មួយចំនួន​ ឬ​ដោយសារ​ការមិនហ៊ាន​សម្រេចចិត្ត​ និងក៏អាចជា​កត្តាព្រហ្មលិខិត​ ដែល​តម្រូវឲ្យមនុស្ស​ណា​ម្នាក់​ ត្រូវរស់នៅតែ​ម្នាក់ឯង​ក្នុងឆាកជីវិត​។ លោកចំណាន​បញ្ជាក់។​

ដូចនេះការ​សម្រេចចិត្ត​ ដោយការស្ទាក់ស្ទើរ​ ឬមានពិភាល់​ក្នុងចិត្តរឿង​អ្វីមួយ​ ចូរកុំសម្រេចចិត្ត​ទទួលយកអ្នក​ណាម្នាក់ឲ្យសោះ​។ សូមទុកពេល​វេលាជាអ្នក​បង្ហាញ​ផ្លូវរបស់អ្នកចុះ​ ព្រោះពេលវេលា​មិនត្រឹមតែ​ជាឱសថ​ដ៏ស័ក្តិសិទ្ឋិ​អាច​ព្យា​បាល​ជំងឺផ្លូវចិត្តប៉ុណ្ណោះទេ​ តែវាជា​ឱសថ ដែលអាច​បញ្ជាក់ប្រាប់​នូវគ្រប់​រឿងរ៉ាវ​ផ្សេងៗ​ក្នុងជីវិតរបស់​យើងផងដែរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥

 

 

 

 

Google Analytics Alternative