រាគ និងរលាក​ពោះវៀន​​​ក្រពះ ធ្វើឲ្យខ្សោះ​​​ជាតិទឹក

អ្នកខ្លះដើរ​ចូលបង្គន់ ៣ដងក្នុង​មួយថ្ងៃ អ្នកខ្លះទៀត ៣ដង​ក្នុងមួយ​សប្ដាហ៍។ ចង្វាក់​មិន​ដូចគ្នា​ទាំងស្រុង​ទេ អាស្រ័យ​ទៅនឹង​ល្បឿន របត់​ពោះវៀន​របស់​បុគ្គល​ម្នាក់ៗ។ រាគ​មិនមែន​ជាជម្ងឺទេ វាគ្រាន់​តែជា​រោគសញ្ញា​មួយតែ​ប៉ុណ្ណោះ។ រាគ គឺជាការ​បន្ទោរ​បង់លាមក​(ជុះអាចម៍) មានសណ្ឋាន​ទន់ជ្រុល ឬរាវ​តែម្ដង។ រាគជា​បញ្ហាកើត​មានជា​ញឹកញាប់ ហើយជា​រឿយៗ គ្មាន​គ្រោះថ្នាក់​ដល់ជីវិត​ឡើយ បើបាន​ព្យាបាល​ត្រឹមត្រូវ។ ប៉ុន្ដែ​វត្ដមាន​រាគ តម្រូវ​ឱ្យមាន​ការ​ពិនិត្យ​ជម្ងឺ និងវិភាគ​វេជ្ជសាស្ដ្រ​ផងដែរ។ តើរាគ​បណ្ដាល​មកពី​អ្វី? ត្រូវធ្វើ​បែបណា​ទៅ? ព្យាបាល​បែបណាទើបមាន​ប្រសិទ្ធិ​ភាព?

រូបភាពទស្សនាវដ្តីសុខភាពយើង

រាគ ជាអ្វី?

រាគមិន​មែនជា​ជម្ងឺទេ វាគ្រាន់តែ​ជារោគ​សញ្ញា​មួយតែ​ប៉ុណ្ណោះ។ រាគជា​ការ​បន្ទោរបង់​លាមក​ទន់ជ្រុល ឬរាវ​ដូចទឹក និងច្រើន​ជ្រុលខុស ពី​ធម្មតា។ តាម​វេជ្ជសាស្ដ្រ គ្រូពេទ្យ​បានកំណត់ថា លាមករាគ កាលណា​ទម្ងន់​លាមក ដែលបន្ទោរ​បង់ក្នុង​មួយថ្ងៃ​លើសពី​៣ខាំ (៣០០ក្រាម)។

ម្យ៉ាងទៀតរាគ គឺជាការ​រលាកពោះ​វៀនក្រពះ ដែលបង្ក​ការរត់​បន្ទោរបង់​ញឹកញាប់ និងលាមក​មាន​សណ្ឋានរាវ។ រាគជា​រោគសញ្ញា ដែលពោះវៀន​ឆ្លើយតប​ទៅនឹង​មេរោគ​បាក់តេរី វីរុស និងប៉ារ៉ាសិត ដែលរុករាន​បង្ករោគ​ដល់​ពោះវៀន។

ប្រភេទ​រាគ

តាមរយៈ​ពេល​វេលា​នៃការរាគ វាមាន​សណ្ឋាន​ជារាគ​ស្រួច​ស្រាវ និងរាគ​រ៉ាំរ៉ៃ។ ក្រៅពីនេះ មានសណ្ឋាន​រាគផ្សេងៗ​ទៀត ដូចជារាគ “ក្លែងក្លាយ” និងរាគ“ទេសចរ”ជាដើម។

1- រាគស្រួច​ស្រាវ ៖ អាចហៅ​ម្យ៉ាងទៀត​ថាជាការ​រលាកពោះ​វៀនក្រពះ​ស្រួចស្រាវ និងជា​បែបផែន​ពុល​ចំណី​អាហារ។ រាគស្រួច ស្រាវ​កើតមាន​ឡើងតាម​បែបគំហុគ​តែម្ដង ហើយមាន​រយៈពេល​ពី៣ ទៅ៤ថ្ងៃ និងមិន​បង្កការ​ខ្វះជាតិ​ទឹកក្នុង​ខ្លួន​ធ្ងន់ធ្ងរ​ទេ។

2- រាគរ៉ាំរ៉ៃ ជារលាក​ពោះវៀន​រ៉ាំរ៉ៃ​ដែលមាន​រាគរយៈ​ពេលលើស​ពី២ ឬ៣សប្ដាហ៍។ រាគ​ប្រភេទ​នេះបង្ក​ការ​ស្រក​ទម្ងន់ និងអាការ ស្លេកស្លាំង (ស្បែក ឡើងស្លាំង ឬពណ៌ស)​ជាដើម។

3- រាគ“ក្លែងក្លាយ” ៖ ជាការបន្ទោរ​បង់ញឹក ឬបត់ជើង​ធំញឹក ពោលជា​ការកើន​ឡើងនៃ​ការរត់​ជុះ ឬរត់ទៅ​បន្ទោរបង់​លាមក។ ក្នុង ករណីនេះ លាមក​មានសណ្ឋាន​រឹងធម្មតា។

4- រាគ“ទេសចរ” ៖ ជារាគ​ដែលកើត​មាននៅ​ពេលធ្វើ​ដំណើរ ជាទូទៅ​មានរយៈ​ពេលពី​៤ ទៅ៥ថ្ងៃ។ ការរាគ“ទេសចរ” ច្រើនតែ​កើត មានឡើង​នៅសប្ដាហ៍​ទីមួយ​នៃការ​ធ្វើ​ដំណើរ។ ជួនក៏​អាចកើត​នៅពេល​វិលមក​ដល់ផ្ទះ​វិញដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុ​បង្ករាគ 

1- រាគស្រួចស្រាវ ឬរលាក​ពោះវៀន​ក្រពះ​ស្រួចស្រាវ

រាគស្រួចស្រាវ​បណ្ដាលមក​ពីការ​ឆ្លងមេរោគ​វីរុស និងបាក់តេរី ដែលមាន​នៅក្នុងទឹក និងចំណី​អាហារ​មិនស្អាត គ្មាន​អនាម័យ។ ព្រោះថា ចំណី​អាហារ​អាចមាន​បាក់តេរី និងជាតិពុល​តុកស៊ីន (ប្រភេទ​ជាតិពុល ដែលផលិត​ដោយ​បាក់តេរី) រាគបែប​នេះហៅថា ការពុល​ចំណីអាហារ។ ជាទូទៅ ចំណី​អាហារ​ធ្វើការ​ដាំស្ល និងរៀបចំ​ដោយដៃ​មិនស្អាត ហើយជួន​ដាក់កម្ដៅ​រួចយក​មកពិសា​ទៀត បែបនេះ​មិនអាច​សម្លាប់មេ រោគ​បានទេ។ ពេលនោះ ភ្នាស​ពោះវៀន ត្រូវវាយ​ប្រហារ​ដោយសារ​ធាតុ​ចម្លែក​បណ្ដាលឱ្យ​បាត់បង់​ការស្រូប​យកជាតិ​ទឹក ហើយថែម​ទាំង​បង្កការ បញ្ចេញចោល​ជាតិទឹក ឬវត្ថុរាវ​ទៀតផង។ រាគស្រួច​ស្រាវ​បណ្ដាលមក​ពីវីរុស គឺជា​ករណី​រលាក​ពោះវៀន​ក្រពះ។

ជួនកាល​រាគក៏​អាចឆ្លង​មេរោគ វីរុស និងបាក់តេរី តាមរយៈ​ការប៉ះ​ពាល់សត្វ និងមនុស្ស​ដ៏ទៃ។ កន្លែង​ស្នាក់នៅ​មានមនុស្ស​ច្រើន និង មន្ទីរពេទ្យ ដែលមាន​អ្នកជម្ងឺ​រ៉ាំរ៉ៃ​ស្នាក់នៅ ក៏អាច​បង្កឱ្យ​មានការ​ឆ្លងបាន​ដែរ។ ការរួមភេទ​តាមទ្វារ​មាស ឬតាម​ទ្វារលាមក និងការ​ចាក់គ្រឿង ញៀនដោយ​សឺរ៉ាំង​រួមគ្នា អាចបង្ក​រោគឆ្លង ផ្សេងៗទៀត​ជាច្រើន។

ម្យ៉ាងទៀត​ក្រោយពី​ធ្វើការវះ​កាត់ក្រពះ​រួច ជាតិអាស៊ីដ​ក្រពះ ដែលមាន​តួនាទី​ការពារ​ខ្លួនយើង​នឹង​បាក់តេរី​ក៏មាន​ការថយ​ចុះ ជាកត្ដា ធ្វើឱ្យ​ងាយរាគ​បានដែរ។ អ្នកខ្លះ​មាន​ប្រតិកម្ម​ជាមួយ​ផលិតផល​ទឹកដោះ​សត្វ ដែលមាន​ជាតិ​ឡាក់តូស ពេលទទួល​ទានវា​តែង​បង្ករាគ។ ថ្នាំ ឬ ឱសថ​បារាំង​(ថ្នាំពេទ្យ)​មួយចំនួន​ក៏អាច​ជាដើម​ហេតុនៃ​ការរាគដែរ ដូចជា​ថ្នាំប្រឆាំង​បាក់តេរី ថ្នាំប្រឆាំង​អាស៊ីដ​ដែលមាន​ជាតិ​ម៉ាញ៉េស្យូម ថ្នាំ បញ្ចុះលាមក ថ្នាំបញ្ចុះទឹក​នោម​ជាដើម។

2- រាគរ៉ាំរ៉ៃ ឬរលាក​ពោះវៀន​រ៉ាំរ៉ៃ

រាគរ៉ាំរ៉ៃ មានមូលហេតុ​ជាច្រើន ជាញឹកញាប់​បំផុត បណ្ដាលមក​ពីជម្ងឺ​ពោះវៀន​ធំ។ មានមូល​ហេតុផ្សេងៗ​ទៀត ដូចជា​រោគ​ក្រពេញ ទីរ៉ូអ៊ីដ រលាកភ្នាស​ពោះវៀនតូច មាន​ប៉ារ៉ាស៊ីត ដុំសាច់​ជាដើម។ ជាអាទិ​រាគរ៉ាំរ៉ៃ បង្កឡើង​ជារូបភាព​រលាក​ពោះវៀន​តូច និងពោះវៀន​ធំរ៉ាំរ៉ៃ ដែលបណ្ដាល​មកពី​ប្រតិកម្ម​ចំណី​អាហារ និងពួក​មេរោគ​ប៉ារ៉ាស៊ីត។ ការវះ​កាត់ថង់ទឹក​ប្រមាត់ ដែលអាច​បណ្ដាលឱ្យ​ជ្រាបទឹក​ប្រមាត់​ទៅក្នុង​ពោះ វៀនតូច ក៏អាច​បង្កការ​រាគរ៉ាំរ៉ៃ​បានដែរ។ ម្យ៉ាងទៀត​រាគរ៉ាំ​រ៉ៃអាច​បណ្ដាលមក​ពីការ​ស្រូបសារ​ធាតុបញ្ចុះ​លាមក​ច្រើន និងយូរ។ ហើយរាគ ក៏ អាចបង្ក​ឡើងដោយ​បញ្ហា​ផ្លូវចិត្ដ និងការ​ប្រើប្រាស់​ថ្នាំបញ្ចុះ​លាមក​ហួស​កម្រិត​ប្រើ។ ថ្នាំ​អង់ទីប៊ីយ៉ូទិក​មួយចំនួន ក៏អាចជា​ដើម​ហេតុដែរ។

3-​​ រាគ“ក្លែងក្លាយ” ឬបន្ទោរ​បង់ញឹក

ថ្នាំពេទ្យមួយចំនួន អាចបង្កការរលាកក្រហាយពោះវៀនធំ អាចបណ្ដាលឱ្យរត់ចូលបង្គន់ញឹកបានដែរ។ មានកត្ដាដ៏ទៃទៀត ដែលបង្ក ការបន្ទោរបង់ញឹកដែរ ដូចជាការខ្សោយសាច់ដុំខ្ចិបរន្ធគូទ ចំណីអាហារដែលមានឥទ្ធិពលបញ្ចុះលាមក(ម្ទេសហិលខ្លាំង ត្រកួនទែក) ស្ថានភាព តឹងតែងផ្លូវចិត្ដ(ពិបាកចិត្ដ)ជាដើម។ ការភ័យខ្លាចក៏អាចជាដើមហេតុមួយដែរ ដូចដែលយើងធ្លាប់ឮថា ភ័យរាគអាចម៍ជាដើម។

4- រាគ“ទេសចរ” ឬរាគពេលធ្វើដំណើរ

ពេលធ្វើដំណើរ លោកអ្នក​អាចទទួល​ទានទឹក និងចំំណី​អាហារ​មិនស្អាត ដែលមាន​មេរោគ​បាក់តេរី វីរុស និងប៉ារ៉ាសិត​មួយចំនួន។ លើសពី​នេះទៅ​ទៀត ការផ្លាស់ប្ដូរ​ចំណីអាហារ ការហត់នឿយ និងការ​ប្ដូរពេល​ម៉ោង សុទ្ធតែ​ជាកត្ដា​អាចបង្ក​ការរាគ​បានដែរ។

ប៉ុន្ដែតាម​ការស្រាវ​ជ្រាវ​របស់អ្នក​វិទ្យាសាស្ដ្រ​ខ្លះ បានអះអាង​ថារាគ“ទេសចរ” មិនមែន​បណ្ដាល​មកពី​ការផ្លាស់​ប្ដូររបប​អាហារ សីតុណ្ហភាព អាកាស​ធាតុ គ្រឿងទេស ឬការ​ហត់នឿយ​ពេលធ្វើ​ដំណើរ​នោះទេ។ ពោលគឺ បណ្ដាលមក​ពីមេរោគ​ដែលមាន​នៅក្នុង​ចំណី​អាហារ ជា រឿយៗ គឺបាក់តេរី។ ចង់និយាយ​ថារាគ“ទេសចរ” ជារាគ​ស្រួចស្រាវ ឬជាការ​ឆ្លងមេរោគ​បង្ករាគ។

រាគប្រភេទ​នេះងាយ​កើត ពេលធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​មិនសូវ​មានអនាម័យ និងបរិស្ថាន​មិនល្អ ជារឿយៗ​កើតលើ​កុមារតូចៗ។

រូបភាពទស្សនាវដ្តីសុខភាពយើង

រាគបង្កអាការ​អ្វីខ្លះ?

1- រាគស្រួចស្រាវ ៖ ដោយហេតុ​រាគ​ស្រួចស្រាវ បង្កឡើង​ដោយ​មេរោគ​បាក់តេរី​(រាគដោយពុល​ចំណីអាហារ) និងដោយ​វីរុស(រាគ ដោយ​រលាក​ពោះវៀន​ក្រពះ) ក្រៅពី​វិបត្ដិ​មុខងារ​ពោះវៀន​ក្រពះ រាគអាច​បង្កជា​គ្រុនក្ដៅ​ខ្លួន ក្អួតចង្អោរ ឈឺពោះ ឈឺក្បាល និងឈឺ សាច់ដុំ។ ប្រភេទ​បាក់តេរី​ដែលបង្ក​រោគ​ញឹកញាប់​ជាងគេ គឺស្ដាហ្វីឡូកូក និងសាម៉ូណែល។

ជាទូទៅ រាគស្រួចស្រាវ​មិនបង្កការ​ខ្វះជាតិ​ទឹកក្នុង​ខ្លួនទេ។ តែគ្រោះថ្នាក់​នៃការ​ខ្វះជាតិ​ទឹកអាច​កើតមាន កាលណា​ការរាគ​នេះ អូស​បន្លាយ​រយៈពេល​លើសពី១​សប្ដាហ៍ ជាពិសេស​ចំពោះកុមារ​តូចៗ ដែលមាន​អាយុតិច​ជាង៣ឆ្នាំ និងមនុស្ស​ចាស់ដែល​មានអាយុ​លើស ពី៦០ឆ្នាំ។ ក្នុងករណី​កង្វះជាតិ​ទឹក អ្នកជម្ងឺ​មានអាការ​អាសន្ន​មួយចំនួន ដូចជា​ស្ងួតមាត់ បរិមាណទឹក​នោមតិច ទោះបីជា​អ្នកជម្ងឺ​ពិសាទឹក ដូចធម្មតា ឬក៏លើសពី​ធម្មតាក្ដី។

2- រាគរ៉ាំរ៉ៃ ៖ ដោយសារ​ការរាគនេះ​អូសបន្លាយ​លើសពី៣​សប្ដាហ៍ រាគប្រភេទ​នេះបង្ក​ការស្រក​ទម្ងន់ អាការ​ស្លេកស្លាំង និងខ្វះជីវ​ជាតិ ជាដើម។

3- រាគ“ក្លែងក្លាយ” ៖ រត់ជុះ​ញឹកញាប់ លាមក​រឹងធម្មតា ហើយជា​ទូទៅ​អ្នកជម្ងឺ​មានឈឺ​ពោះ។

4- រាគ“ទេសចរ” ៖ រាគប្រភេទ​នេះបណ្ដាល​ឱ្យឈឺពោះ ហើយជា​ទូទៅ​បង្កឱ្យ​ក្ដៅខ្លួន ឬក៏មាន​ក្ដៅខ្លួន​បន្ដិច​បន្ដួច។ ជួនកាល​បង្កការ​ក្អួត ចង្អោរ​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការ​ត្រូវធ្វើ ពេលរាគ

1- សូមពិសា​ទឹកឱ្យ​បានច្រើន ៖ ពេលមានរាគ ទោះបី​លោកអ្នក​មិនស្រេក​ក្ដី ភ័យខ្លាច​ពេល​ផឹកទឹក រិតតែ​បង្កើន​ការ​រាគក្ដី លោកអ្នក​ត្រូវ តែខំ​ផឹកទឹក ដើម្បី​បង្គ្រប់ទឹក​ដែល​បាត់បង់ បញ្ចៀស​បានការ​ខ្វះជាតិ​ទឹកក្នុងខ្លួន។ លោកអ្នក​អាច​ប្រើប្រាស់​ទឹកផឹក​ធម្មតា ទឹកខនិជ ទឹកផ្លែឈើ ឬទឹកអូរ៉ាលីត។ ភេសជ្ជៈ​ផ្អែមមួយ​ចំនួនក៏​ល្អដែរ ជាពិសេស​ពួកភេសជ្ជៈ ដែលមាន​ជាតិ​អេឡិចត្រូលីត និងជាតិស្ករ (ដែលជួយឱ្យពោះ វៀនស្រូបយក​ជាតិទឹក និងសារធាតុ​រាវ)។ ទឹក​ស្ងោរស៊ុប បន្លែ ក៏អាច​ទទួលទាន​បានដែរ។

2- មិនត្រូវ​ទទួលទាន​ភេសជ្ជៈ​មួយចំនួន ភេសជ្ជៈដែល​លោកអ្នក​ត្រូវចៀស​វាងពេល​មានរាគ មានដូចជា​ទឹកដោះសត្វ (ទឹកដោះ គោ) កាហ្វេ តែ ស្រា ទឹកកូឡា និងទឹកមិន ស្អាត(ទឹកបឹង ទឹកទន្លេ ទឹកម៉ាស៊ីន)។ ពីព្រោះថា ភេសជ្ចៈទាំង​នេះភ្ញោច​ពោះវៀន។ ភេសជ្ជៈជាតិ ហ្គាសទឹក​សថ្លា ក៏មិន​ជួយកាត់​បន្ថយការ​រាគដែរទេ ព្រោះវា​គ្មានផ្ទុក​ជាតិ​អេឡិចត្រូលីត។

3- សូមពិសា​ចំណីអាហារ​តិច ៖ លោកអ្នក​អាចបន្ថយ​ការទទួលទាន​ចំណី​អាហាររឹង ហាម​បរិភោគ​ផលិតផល​ទឹកដោះ​សត្វ និងអា ហារមាន​សារធាតុ​សរសៃ។ ប៉ុន្ដែប្រសិន​បើលោក​អ្នក​ឈឺពោះ ឬក្អួត លោកអ្នក​មិនគួរ​ខំបរិភោគ​ឡើយ។ ផ្ទុយ​ទៅវិញ លោកអ្នក​ត្រូវខំ​ពិសាទឹក និងសម្រាក​ឱ្យបានច្រើន។ កាលបើ​លោកអ្នក​រាងស្រួល​ខ្លួនបន្ដិច​ហើយ សូមចាប់​ផ្ដើមពិសា​ពីដំបូង​តិចរួចច្រើន ដោយ​ជ្រើសរើស​ចំណី​អាហារ ដែល ងាយរលាយ ជាពិសេស​សម្លស្ងោរ​ស៊ុប ចេកទុំ នំប៉័ងឆ្អើរ​ជាដើម។ ជាការ​ប្រសើរ លោកអ្នក​គួរបរិភោគ​តិចៗឱ្យ​បាន​ច្រើនដង។ ជា​ឧទាហរណ៍ មុន មានរាគ លោកអ្នក​បរិភោគ៣​ដងក្នុង១ថ្ងៃ អាចបង្កើន​ដល់ទៅ​៦ដង។

4- មិនត្រូវ​បរិភោគ​អាហារ​ជាតិទឹក​ដោះសត្វ និងសារធាតុ​សរសៃ ចំណីអាហារ​ទាំងនេះ មានផ្ទុក​ជាតិ​កាបូនអ៊ីដ្រាត​ច្រើន ដូចជា នំប៉័ង នំម្សៅ​កន្ទក់ ម្សៅអាហារ​ជាដើម ត្រូវចៀសវាង​ទទួលទាន។ លើសពីនេះ មានចំណី​អាហារ​ប្រុងប្រយ័ត្ន​ខ្លះទៀត ដូចជាស្ពៃ បន្លែមួយ​ចំនួន ជាដើម។

5- ប្រយ័ត្នប្រយែង​ចំពោះការ​ប្រើថ្នាំ​ប្រឆាំងរាគ ប្រសិន​បើ​លោកអ្នក​ជឿជាក់ថា លោកអ្នក​រាគដោយ​សារការ​បរិភោគ​ចំណី​អាហារ មិនល្អ ហើយបើ​សិនជា​លោកអ្នក​មានក្ដៅខ្លួន លោកអ្នក​មិនត្រូវ​លេបថ្នាំ​ប្រឆាំងរាគ (ដូចជាអ៊ីម៉ូឌីយ៉ូម) ដោយគ្មាន​ពិគ្រោះ​ជម្ងឺជាមួយ​គ្រូពេទ្យ ឡើយ។ ព្រោះថា​វាមុខជា​កាត់​បន្ថយការ បញ្ចេញចោល​មេរោគ​បាក់តេរីតាម​លាមក ហើយបែរ​ជាបង្កើន​ការស្រូប​យកជាតិ​ពុលតុកស៊ីន ចូលក្នុង សព៌ាង្គកាយ​ទៅវិញ។

6- ផ្លាស់ប្ដូរថ្នាំ​ប្រឆាំង​អាស៊ីដ ដើម្បី​ចៀសវាង​ការរាគ​បង្កក្រហល់​ក្រហាយ​ដល់ក្រពះ លោកអ្នក​ត្រូវប្រើប្រាស់​ថ្នាំប្រឆាំង​អាស៊ីដ ដែលផ្សំពី​សារធាតុ​អ៊ីដ្រុកស៊ីដ អាលុយ​មីញ៉ូម​ដែលគ្មាន​ម៉ាញ៉េស្យូម។ ទោះបី​ជាវាមិន​មានប្រសិទ្ធិ​ភាព​ដូចគ្នាក្ដី ក៏វាអាច​កាត់បន្ថយ​កង្វល់របស់ លោកអ្នក​បានដែរ។

7- ត្រូវបញ្ជៀស​ការឆ្លង​មេរោគ ពេលលោក​អ្នករៀប​ចំម្ហូប​អាហារ ត្រូវលាងដៃ​ទាំងពីរ​ឱ្យបាន​ស្អាតជា​មុខសិន។ ព្រោះថា​ការឆ្លង មេរោគ​ប៉ារ៉ាស៊ីត អាចកើត​មានតាម រយៈដៃមិនស្អាត​ផងដែរ។ លោកអ្នកត្រូវ​ប្រើប្រាស់​សាប៊ូលាង និងកន្សែង​ជូតស្អាត​គ្មានមេរោគ​ផងដែរ។

ពេលណា​ត្រូវទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ?

– បើសិនជាលោកអ្នកមានរោគ ហើយមានរោគ​សញ្ញាផ្សេង​ទៀត ដូចជាគ្រុនក្ដៅ ក្អួត ឈឺពោះ មានឈាម​ក្នុងលាមក ស្រក ទម្ងន់ជាដើម

– បើសិនជាលោកអ្នកមានរាគលើសពី​៥ថ្ងៃ ឬលើសពី​១សបា្ដហ៍

– បើលោកអ្នកស្ងួតមាត់ ស្ងួតបបូរមាត់ និង​ស្ងួតអណ្ដាត​ខុសពីធម្មតា

– បើសិនជាបរិមាណទឹកនោមរបស់លោកអ្នក​ថយចុះតិច និងលោកអ្នក​សង្កេតឃើញ​ថាចុះស្គម​ជាងមុន

– ប្រសិនបើលោកអ្នកមានជម្ងឺ រុំារ៉ៃប្រ​ចាំកាយ និងជម្ងឺ​បេះដូង​ជាដើម

– បើសិនជាលោកស្រីជាស្ដ្រី​មានផ្ទៃពោះ ព្រមទាំងមាន​រោគសញ្ញា ដែលបាន​រៀបរាប់​មកនេះ​ណាមួយ ឬច្រើន នោះ​លោកស្រីគួរ តែឆាប់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការពិនិត្យជម្ងឺ និងការ​វិភាគ​វេជ្ជសាស្ដ្រ

ពោលអ្នកជម្ងឺម្នាក់បង្ហាញ​ខ្លួនថា​មានរាគ ការពិនិត្យ​ជម្ងឺល្អិតល្អន់​មួយត្រូវ​ធ្វើឡើង ហើយគ្រូពេទ្យ​អាចស្នើ​សុំការ​វិភាគ​លាមក ដោយ បណ្ដុះ​មេរោគ និងពិនិត្យ​រក​ប៉ារ៉ាសិត។

អ្នកជម្ងឺអាច​បន្ដការ​ពិនិត្យ​បន្ថែមទៀត ទៅតាម​កម្រិតបញ្ហា ដូចជាការ​បូមឈាម​យកទៅ​វិភាគ​ជាដើម។ ជួនកាល​ចាំបាច់​តម្រូវឱ្យ មានការ​ឆ្លុះតាម​ទ្វារលាមក ការថត​ដោយកាំ​រស្មីអ៊ិច ហើយជួន​ដោយច្រឹប​ពោះវៀនតូច ក្នុងករណី​មានរាគរ៉ាំរ៉ៃ។ ករណីរាគ​រ៉ាំរ៉ៃ​តម្រូវឱ្យ​មានការ ពិនិត្យ និងវិភាគ​វេជ្ជសាស្ដ្រ​ជាច្រើន​ដើម្បីរក​ឱ្យឃើញ​មូលហេតុ​ពិតប្រាកដ​នៃញ្ហា។ ព្រោះថា​ការព្យាបាល​ផ្អែកទាំងស្រុង​ទៅលើ​លទ្ធផល ដែល រកឃើញ។

ការព្យាបាល​រោគ

1- រាគស្រួចស្រាវ គ្រូពេទ្យ​ចាប់ផ្ដើម​ព្យាបាល​បញ្ហារាគ ដោយឱ្យ​ថ្នាំប្រឆាំង​នឹងបាក់តេរី​(ថ្នាំអង់ទីប៊ីយ៉ូទិក) ថ្នាំប្រឆាំង​រាគ និងការ បញ្ជូល​ជាតិទឹក​ចូលទៅ​ក្នុងខ្លួន​(ដោយផឹកទឹក​អូរ៉ាលីត និងព្យួរសេរ៉ូម)។ បើសិន​ជាអ្នក​ជម្ងឺខ្សោះ​ជាតិទឹកខ្លាំង មានក្ដៅខ្លួន និងមាន ឈាមក្នុងលាមក នោះអ្នក​ជម្ងឺត្រូវតែ​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​ជាដាច់ខាត ដើម្បី​បញ្ចូល​បង្គ្រប់​ជាតិទឹក​ដោយព្យួរ​សេរ៉ូមតាម សរសៃវ៉ែន។

ក្នុងករណី​ជារាគ​បណ្ដាលមក​ពីប្រតិកម្ម​ជាតិឡាក់តូស​(ទឹកដោះសត្វ ឬទឹកដោះគោ) លោកអ្នក​ត្រូវព្យាបាល​បញ្ហារាគ ដោយបោះ បង់ ឬចៀសវាង​ប្រភេទ​ចំណី​អាហារ​ដែលពាក់ព័ន្ធ ហើយប្រើ​ឱសថ​ជួយប្រឆាំង​ជាតិឡាក់តូស។ ពេលជា​សះស្បើយ​ហើយ បើលោកអ្នក ចង់ពិសា​ចំណីអាហារ​ដែលមាន​ជាតិទឹក​ដោះសត្វ​វិញនោះ លោកអ្នក​អាចចាប់​ផ្ដើមទទួល​ទានពី​បរិមាណ​តិចតួច។ ចំពោះ​កុមារ​តូចៗ គួរ តែជំនួស​ទឹកដោះគោ ដោយរូប​មន្ដផ្សំ​ពីសណ្ដែក​សៀងវិញ។

2- រាគរ៉ាំរ៉ៃ ការព្យាបាល​រាគរ៉ាំរ៉ៃ​ត្រូវផ្អែក​ទាំងស្រុង​ទៅតាម​លទ្ធផល​ដែលរក​ឃើញពី​ការពិនិត្យ និងវិភាគ​វេជ្ជសាស្ដ្រ។ បើលោក អ្នកមាន​រាគរ៉ាំរ៉ៃ ដាច់ខាត​ត្រូវតែ​ទៅទទួល​ការព្យាបាល​ដោយគ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ។ សូមកុំ​បណ្ដែត​បណ្ដោយ​រហូតដល់​ធ្ងន់ធ្ងរ អង្ករ ក្លាយជា​បាយ ពិតជា​ពិបាក​ព្យាបាល និងកែលម្អរ​ណាស់។

3- រាគ “ទេសចរ” ការព្យាបាល​មិនខុស​ពីការព្យាបាល​រាគស្រួច​ស្រាវទេ។ រាគវិវឌ្ឍន៍​ទៅរកការ​ជាសះស្បើយ​ពី៤ ទៅ៧ថ្ងៃ។ អ្នក ជម្ងឺត្រូវ​គោរព​ឱ្យបាន រាល់គោល​ការណ៍​អនាម័យ ពិសាចំណី​អាហារឆ្អិនល្អ ពិសាទឹកដាំពុះ ឬទឹកស្អាត​គ្មានមេរោគ និងជាតិពុល បន្លែ និង ផ្លែឈើ​ត្រូវបក​សម្បកលាង ឱ្យស្អាត ឬចម្អិនបើ​ចាំបាច់។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative