កងទ័ព​​មួកខៀវ​កម្ពុជា​មិនមាន​ឆ្លង​ជំងឺ​អេបូឡាទេ ​តែត្រូ​វ​រង់​ចាំដល់​៤៥​ថ្ងៃ​ទៀត ​ទើបមាន​សុវត្ថិភាព​ទាំងស្រុង​

លោក​វេជ្ជបណ្ឌិត​​ លី​ សូវ៉ាន់​​ អ្នកនាំពាក្យ​​​ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹងថា​ លទ្ធផល​​បឋម​​នៃ​​ការ​ពិនិត្យ​​សុខភាព​​កង​កម្លាំង​​ រក្សាសន្តិភាព​​សញ្ជាតិ​ខ្មែ​រ​របស់​​អង្គការ​​សហ​ប្រជាជាតិ​ ​ដែល​ទើប​​ត្រឡ​ប់​មក​ពី​បំពេញ​​បេសកកម្ម​​នៅ​ប្រទេសម៉ាលី​​ ក្នុង​ទ្វីប​​អាហ្វ្រិច​​ បង្ហាញ​ថា​ ​ទាហាន​ទាំង​​៣០៩នាក់​នោះ​​ មិនមាន​​វីរុស​​អេបូឡា​ទេ​ ប៉ុន្តែ​ត្រូវ​​រងចាំ​រ​ហូតដល់​៤៥ថ្ងៃ​បន្ត​ទៀត​ ដើ​ម្បី​សន្និដ្ឋាន​ថា​ ​កងទ័ព​​មួកខៀវ​​កម្ពុជា​​មាន​សុវត្ថិភាព​​ទាំង​​ស្រុង។​

w1បើតាមលោក​​វេជ្ជបណ្ឌិត​ ​លីសូវ៉ាន់​ ​បាន​ឱ្យ​ដឹង​ទៀតថា​​ ​កងទ័ព​​មួក​ខៀវ​​​សញ្ជាតិ​​​ខ្មែរ​​របស់​​អង្គកា​រ​​សហប្រជា​ជាតិ​​​ទាំងអស់​​​«អត់មាន»​ ​​រោគសញ្ញា​​នៃ​ជំងឺ​គ្រុន​ដ៏​មរណៈ​​បង្ក​ឡើង​​ដោយ​​វីរុស​អេបូឡា​នោះ​​ឡើយ​។ នេះ​ជា​​លទ្ធផល​​បឋម​នៃ​​ការ​ពិនិត្យ​​សុខភាព​ ដែល​រៀប​ចំ​ឡើង​​ដោយ​ភ្នាក់ងារ​​ ក្រសួង​សុខាភិបាល​កម្ពុជា​ ​និង​ភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​​ នៅ​ឯ​​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​​ ពេល​កង​កម្លាំង​​រក្សា​សន្តិភាព​​ពិភព​លោក​ទាំង​នោះ​ បាន​មក​ដល់។​

លោកវេជ្ជបណ្ឌិត​​ លី ​​សូវ៉ាន់​បានបន្ថែមថា​ ការ​ពិនិត្យ​សុខភាព​របស់​​កងទ័ព​​មួកខៀវ​កម្ពុជា​​ បាន​ផ្តោត​លើ​​ការ​រកមើល​​ជំងឺគ្រុនក្តៅ​ ​ឈឺក្បាល​ ​រាគ​ ក្អួត​ និង​ជំងឺ​សើរស្បែក។​ ​ទោះ​យ៉ាង​ណា​យើង ​ត្រូវ​រងចាំ​​រហូត​ដល់​​៤៥ថ្ងៃ​ទៀត​ បើ​មិន​មាន​​របាយការណ៍​​អំពី​​ករណី​មិន​​ប្រក្រតី​​ពី​ទាហាន​ទេ​​ ទើប​​គេ​​អាច​​សន្និដ្ឋាន​​ជា​​ស្ថាពរ​ថា​​ កងកម្លាំង​​អង្គការ​​សហប្រជាជាតិ​​សញ្ជាតិ​ខ្មែ​រ​ មិន​បាន​​ឆ្លង​រីរុស​​អេបូឡា។​

គួរបញ្ជាក់ថា​ ​កាល​ពី​បី​ថ្ងៃ​មុន​​ កង​វិស្វកម្ម​​ព្រលាន​យន្តហោះ​ ​និង​កង​​កម្ទេច​​គ្រាប់​​មិន​ទាន់​ផ្ទុះ​​ ចំនួន​១២១​នាក់​​ចុង​ក្រោយ​​ ក្នុង​ចំណោម​​កង​​កម្លាំង​​សរុប​៣០៩នាក់​​ បាន​វិលត្រឡប់​​មក​ពី​​បំពេញ​បេសកកម្ម​​ថែរក្សា​​សន្តិភាព​​នៅ​ប្រទេស​ម៉ាលីជាទី ​ដែល​មាន​​វីរុស​អេបូឡា​​ដ៏​កាច​សាហាវ​​បាន​ឆ្លង។​

ចាប់តាំង​ពីឆ្នាំ២០០៦ ​មករហូតដល់​នាពេលបច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បានបញ្ជូនកងទ័ពរក្សាសន្តិភាព​ របស់អង្គការសហប្រជាជាតិ​ បានចំនួន១៥​លើកស្មើរនឹង​ ជាងពីរពាន់នាក់ហើយ ​ទៅកាន់ប្រទេស​ចំនួន​ប្រាំពីរ ​ហើយដូច​ជាប្រទេសស៊ូដង់​ ស៊ូដង់ខាងត្បូង​ សាធារណរដ្ឋ​ អាហ្វ្រិក​ កណ្តាល​ លីបង់​ ស៊ីរី​ និងម៉ាលីជាដើម។​

ទាហាន​មួកខៀវ​ដែល​ កម្ពុជា​បានបញ្ជូន​នោះគឺសុទ្ធតែ​ធ្វើការបណ្តុះ​បណ្តាល​ជំនាញជា​ច្រើន​ ដូចជាការ​ ដោះមីន​ វិស្វកម្ម​ ពេទ្យ ​និងដឹកជញ្ជូន​ជាដើម​ ហើយពួកគេ​ ត្រូវបានធ្វើការបណ្តុះបណ្តាល​ ដោយខ្លួនឯង​ពាក់កណ្តាល និងពាក់កណ្តាលទៀត​ ត្រូវបាន​ប្រទេសជាមិត្ត ​ដូចជា​ប្រទេស​ជប៉ុន​ ចិន​ អាមេរិក​ បារាំង ​អូស្រ្តាលី ​និងប្រទេសឥណ្ឌា ​បានជួយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative