មេឃុំរកាអះអាងថា រហូតមក​ដល់ពេល​នេះ​មានអ្នកភូមិ​រកា​ឆ្លង​​មេរោគ​អេដស៍​​ស្លាប់​​៨​នាក់ហើយ

លោក​ស្រី​ ស៊ឹម ពៅ ​មេឃុំ​រកាស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា ​រហូតមកដល់ថ្ងៃទី២០​ ខែមេសា ម្សិលម៉ិញនេះ មានអ្នក​​ឆ្លង​មេរោគ​​អេដស៍​ ​​នៅភូមិ-ឃុំ​រកា ចំនួន​៨ ​នាក់ ​បានស្លាប់​បាត់បង់ជីវិត បន្ទាប់ពី​មាន​​ករណី​​​ឆ្លង​មេរោគ​​អេដស៍​​លើ​​មនុស្ស​ជាង​២០០នាក់។​

012មនុស្ស​៨នាក់​ ដែល​បាន​​​ស្លាប់​​ដោយ​សារ​ជំងឺ​​អេដស៍​​ ក្នុងនោះ​​មាន​បុរស​​ ២នាក់ ​និង​ស្រ្តី​៦នាក់​ ដែល​ជា​​មនុស្ស​វ័យ​​ចំណាស់ ​និង​​កុមារ​​ម្នាក់​ ក្នុ​ង​​នោះ​​ក៏មាន​​ជំទប់​ទី២​​ឃុំរកា​ ​លោក សឿម ​ឆម​ ផង​ដែរ ហើយ​ចុងក្រោយ​នេះស្ត្រី​ ​ឈ្មោះ​​​ តាត ​ឆយ ​អាយុ​៨៩ ឆ្នាំ បាន​ទទួល​​មរណភាព​​កាល​ពី​​ម៉ោង១ និង​៣០នាទី​រសៀល​​ថ្ងៃ​ច័ន្ទ​ ​បន្ទាប់​ពី​ធ្លា​ក់​ខ្លួន​​ឈឺ​​រយៈ​​ពេល​ប៉ុន្មាន​​ខែ​ចុង​​ក្រោយ​នេះ។​

ចំពោះអ្នកផ្ទុក​មេរោគ​អេដស៍នៅ​ភូមិរកា ​មន្ត្រី​សុខា​ភិបាល​បាន​​និង​កំពុង​​បន្ត​ពិនិត្យ​​ និង​តាម​​ដាន​​ពី​ស្ថានភាព​ជំងឺ​របស់​​ពួកគាត់ ​ព្រម​​ទាំង​​ផ្តល់​ថ្នាំ​​សម្រាប់​​ពួក​គាត់​​យ៉ាង​​ទៀង​ទាត់​​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ ករណី​​នៃ​ការ​រីក​រាល​ដាល​​ឆ្លង​មេរោគ​​អេសដស៍​ ដែល​ធ្វើ​​ឲ្យ​​មាន​ការ​ភ្ញាក់​​ ផ្អើល​នៅ​ឃុំរកា ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​នេះ​ បាន​ផ្ទុះ​​ឡើង​​កាល​​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ​លើ​មនុស្ស​ជាង​២៣០នាក់។​

គ្រូ​ពេទ្យ​​ភូមិ​​ឈ្មោះ​ យ៉ែម ជ្រិន ​ត្រូវ​បាន​សង្ស័យ​ថា ​ជាប់​ពាក់​ព័ន្ធ​​​នឹង​ការ​​ធ្វើ​​ឲ្យ​មាន​​ការ​ឆ្លង​​មេរោគ​អេដស៍​នេះ ហើយតុលាការ​​ខេត្ត​​បាត់​​ដំបង​បាន​​​សម្រេច​​​ឃុំ​ខ្លួន​គាត់​​ក្នុង​ពន្ធនាគា​រ​ដោយ​ ​ចោទ​​ចំនួន​បី​បទ​ល្មើស​​ ដែល​​​អាច​​​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​​អស់​មួយ​ជីវិត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative