និស្ស័យ​ជាអ្នក​នាំអ្នកឲ្យជួបគ្នា​ ចិត្តជាអ្នកច​ង​ចំណង​ស្នេហ៍​របស់អ្នក​ឲ្យស្ថិត​ស្ថេរ​

តើអ្នកជឿលើ​និស្ស័យ​ដែរឬទេ?​ បើអ្នកជឿ តើអ្នកណាជា​អ្នកបង្កើ​​ត​​និស្ស័យមួ​យ​នេះទ្បើងមក? ចម្លើយដែលសមស្របបំផុត គឺអ្នកទាំងពីរជាអ្នកបង្កើតវាទ្បើង តែជួន​កាលក៏អាចនិយាយថា ព្រះបានរៀបចំនិស្ស័យសម្រាប់អ្នកទាំងពីរផងដែរ។

113និស្ស័យនាំ​មកនូវស្នាម​ញញឹម ​និស្ស័យនាំ​ឲ្យអ្នកជួបគ្នា ​និងបង្កើត​នូវសម្ព័ន្ឋ​ភាព​មួយ​ ដែល​មានអត្ថន័យ​ដ៏ជ្រាលជ្រៅ​​ក្នុង​ឆាក​ជីវិត​ និងអាចញ៉ាំង​ឲ្យជីវិត​របស់អ្នក​កាន់តែ​ស្រស់បំព្រង​ទ្បើង។​

ពេលវេលា​បាននាំអ្នក​មកជួប​អូន​ ឬបង​​ អាច​ជា​និស្ស័យ​ ឬព្រះ​ជាអ្នករៀបចំ ​ព្រោះ​តាំង​ពី​ជួប​អ្នកលើក​ដំបូង​ បងបានដឹងថា ​អូនជាអ្វីៗ​របស់បងរួច​ទៅហើយ ​មិន​មាន​អ្នកណាមក​ជំនួស​អ្នកបានទ្បើយ។​

លោក ច្រាយ ចំណាន អ្នកតាម​ដានការវិវត្តន៍​ពីសង្គម ​និងជាអ្នកសរសេរសៀវភៅ​ជាច្រើន​ពាក់ព័ន្ឋ​ចិត្តសាស្រ្ត​ស្នេហាដូចជា សៀវភៅ២៧ចំណុចគួរ​ពិចា​រណាមុន​ចូលខ្លោងទ្វារអាពាហ៍ពិពាហ៍​ សៀវភៅចងចិត្តដៃគូជីវិត​ សៀវភៅសិល្បៈ​សម្របខ្លួនចូល​គ្រួសារថ្មី និងប្រលោម​លោកជាច្រើន​ទៀត បានថ្លែងឲ្យគេ​ហទំព័រសុខភាព​កម្ពុជា​ដឹង​កាលពីថ្ងៃច័ន្ទថា​ និស្ស័យជា​រឿងមួយ ដែលនាំ​ឲ្យអ្នក​ជួប​​មនុស្ស​ជាទី​​ស្រលាញ់​របស់ខ្លួន​ ​និងក៏ជាពេល​ដែល​អ្នកចាប់ផ្តើម​ឈឺចាប់​ដោ​យសេចក្តី​ប្រតិព័ទ្ឋគ្នាផងដែរ​ ព្រោះជួនកាល​និស្ស័យមិន​ប្រាកដថា​ ជាពេលវេលានាំមនុស្ស​​ល្អសម្រាប់ជីវិតអ្នក​ ហើយគេនឹងអាច​រួមរស់ជា​មួយអ្នក​បានរហូត​ដល់ចាស់​កោ​ងខ្នង​នោះទ្បើយ។​

ការស្រលាញ់គ្នា​តាមនិស្ស័យ ​អាចមានរឿង​ពីរកើតទ្បើង ​ទី១​ និស្ស័យអាច​​ឲ្យអ្នកក្រង​កម្រងស្នេហា​របស់អ្នកដល់គោលដៅ ​និងអាចចាប់ដៃ​គ្នារហូត​ដល់​ជីវិតចុងក្រោយ​ ទី២ និស្ស័យអាច​នាំឲ្យអ្នក​ជួបមនុស្ស ដែលអ្នកស្រលាញ់ ​តែ​មិនប្រាកដថា ​សេចក្តីស្នេហា​ដែលអ្នកបង្កើតទ្បើង​ សុទ្ឋតែសមប្រកបនោះទេ​ ព្រោះជួនកាល​ដៃគូរបស់អ្នក​មិនមែនជា​​មនុស្សស្មោះ គាត់អាចជាព្រាននារី ឬជា​ព្រានបុរស ឬជាមនុស្សបោកប្រាស ឬចង់បានរបស់អ្វីមួយរបស់​អ្នកក៏អាចថាបាន​។ លោកចំណានបញ្ជាក់។​

ហេតុនេះ​កុំជឿលើ​និស្ស័យពេក​ តែត្រូវទទួលស្គាល់ថា​ និស្ស័យពិតជាមាន​​សារៈសំខាន់​ក្នុងការចង​សម្ព័ន្ឋស្នេហាមួយ​ទ្បើង​ តែអ្នកទាំងពីរ​ត្រូវតែប្រុង​ប្រយ័ត្ន​ដោយ​មិនត្រូវផ្តេក​ផ្តួលលើវា​ច្រើនពេកនោះទេ​ តែត្រូវឈរលើ​សតិសម្បជ្ជញ្ញៈ​របស់អ្នក ត្រូវឈរលើមូលដ្ឋាន​នៃការគិត ​មូលដ្ឋាននៃការពិចារណា​ឲ្យបានគ្រប់ជ្រុងជ្រោយ​ ទើបនិស្ស័យមិនអាច​ធ្វើបាប​អ្នកបាន។​

លោក ច្រាយ ចំណាន បានលើកជាសំណួរថា​ តើប្អួនៗយុវវ័យធ្លាប់​ជួបដែរឬទេ? ​ពេល​អ្នកជួបជាមួយបុរស​ ឬនារីម្នាក់ ស្រាប់តែមានការចាប់​អារម្មណ៍លើគ្នា​ទៅវិញទៅមក​ និយាយត្រូវគ្នា​ យល់ចិត្តគ្នា​ ហាក់ដូចជាធ្លាប់ជួបគ្នា​តាំងពីជាតិមុន​ ហើយតើអ្នកធ្លាប់​ជួបមនុស្សខ្លះ​គ្រាន់តែឃើញមុខ​ មានអារម្មណ៍មិនចូល​ចិត្តដែរឬទេ? ប្រាកដថា ពិតជា​ធ្លាប់​ជួប​ហើយ​។ បើនិ​យាយថា​មិនធ្លាប់មាន​បទពិសោ​ធន៍ទាំងអស់នេះ​ នោះជាការកុហក​ខ្លួន​ឯង​ហើយ។​

112334ក្រសែភ្នែកដែល​ភពប្រសព្វគ្នា​ សម្លឹងគ្នាប្រកប​ដោយមនោ​សញ្ចេតនាស្នេ​ហា​ រាងកាយ​ប្រែជាទន់ភ្លន់​ ទឹកដមកាមារម្មណ៍​ក៏លេចទ្បើងភាយៗ​នេះ ពិតជានិស្ស័យដែល​ព្រះបង្កើត​ទ្បើងពិតណាស់​(ប្រសិនជាអ្នកគោរពលទ្ឋិព្រាហ្ម)​ ព្រោះសូម្បីតែ​ព្រះឥន្ទនៅឋានលើ​​ក៏​រញ្ជួយ​អារម្មណ៍ផងដែរ។​បទ​ពិសោធន៍​បានមកពីមក​ពីការ​សង្កេត។​

ដូចនេះសូមថែររក្សានិស្ស័យ ​សូមថែររក្សា​ចំណងស្នេហ៍​របស់អ្នក​ដោយសេចក្តូីស្នេហា ​​និង​ទឹក​ចិត្ត​ពោរពេញ​ ដោយសេចក្តីប្រាថ្នារបស់អ្នកចុះ​ ប្រសិនជានិស្ស័យ​ពិតជានាំទេព​អប្សរក្រមុំ​ ឬទេវតានាំយក​​ទេវបុត្រសេះ​ស​មកឲ្យអ្នក ហើ​យសូមចង​ចំណងស្នេហ៍របស់​អ្នកឲ្យស្ថិតស្ថេរ​ ​និងស្រស់បំព្រង​ដោយចិត្តគឺដោយ​ទឹកចិត្តសន្តោស​ ទឹកចិត្តអធ្យាស្រ័យ​ ទឹកចិត្តចេះ​ជួយយកអាសារគ្នា​ លើកទឹកចិត្តគ្នា​ និងទឹកចិត្តស្នេហ៍​គ្រាដំបូងរបស់អ្នកឲ្យ​នៅតែ​ស្រស់ត្រកាស​ នាវដ្តសង្សារដ៏​ស្រស់ស្អាត​ និងពោរពេញ​ដោយអត្ថន័យនេះ។​ លោក ច្រាយ ចំណាន បញ្ជាក់ន័យ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative